ជាតិ
កម្ពុជារៀបចំ «គោលនយោបាយទេសចរពិសេស» ដើម្បីទាក់ទាញទេសចរធុរកិច្ចបន្ថែម
14, Aug 2022 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ដោយ:
រដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយស្ដីពីទេសចរពិសេស ដែលសំដៅជំរុញកំណើនទេសចរធុរកិច្ច ព្រោះពួកគេចំណាយពេលនៅកម្ពុជា យូរជាងទេសចរធម្មតា។ ការណ៍នេះ ដើម្បីទាញយកចំណូលបន្ថែមពីទេសចរអន្តរជាតិ ចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ។​


 
ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាពិភាក្សាលើសេចក្ដីព្រាង «គោលនយោបាយស្ដីពីទេសចរពិសេស» នៅសណ្ឋាគារសាន់វ៉េ កាលពី​ថ្ងៃទី៤សីហា ឆ្នាំ២០២២។ ក្នុងសិក្ខាសាលានេះ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា ទេសចរពិសេស ជាអ្នកទេសចរផង និងអ្នកវិនិយោគ ដែលមានក្រុមហ៊ុន អាជីវកម្ម មុខរបរ ពាណិជ្ជកម្មនៅប្រទេសកម្ពុជាផង។
 

 លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍

បើតាមលោក ទិត ចន្ថា ទេសចរអន្តរជាតិធុរកិច្ចចំណាយពេលវេលាយូរ ពេលមកកម្ពុជាម្ដងៗ ព្រោះពួកគេមកកម្ពុជាដើម្បីពិនិត្យជំនួញផង និងទេសចរណ៍ផង ដែលចំណាយថវិកាច្រើនជាងទេសចរធម្មតា។ « ភ្ញៀវទេសចរម្នាក់ចំណាយជាមធ្យម ៧០០ទៅ៨០០ដុល្លារក្នុងការធ្វើ​ដំណើរមកទស្សនាកម្ពុជា១លើក ប៉ុន្តែភ្ញៀវទេសចរគុណភាពអាចចំណាយចាប់ពី ២ពាន់ទៅ៣ពាន់ដុល្លារក្នុងម្នាក់ ហើយមកញឹកញាប់ជាងទេសចរធម្មតាទៀត»។ នេះបើតាមលោក ទិត ចន្ថា បញ្ជាក់​ក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
 
លើសពីនេះ«គោលនយោបាយស្ដីពីទេសចរពិសេស» ក៏ផ្ដោតលើការទាក់ទាញទេសចរធម្មតាឱ្យក្លាយជាទេសចរគុណភាព មានន័យថាប្រែក្លាយពួកគេពីអ្នកទេសចរ ឱ្យក្លាយជាទេសចរធុរកិច្ច។​ គោលបំណងមួយទៀតនៃ «គោលនយោបាយស្ដីពីទេសចរពិសេស»  គឺទាក់ទាញទេសចរចូលនិវត្តន៍ និងទេសចរវិស្សមកាល។ ដើម្បីទាក់ទាញទេសចរប្រភេទនេះបាន ក្រសួងនិងរដ្ឋពិចារណា ឱ្យទេសចរទាំងនោះអាចទិញផ្ទះលម្ហែនៅកម្ពុជា ប៉ុន្តែផ្ដោតលើតែគោលដៅទេសចរណ៍សំខាន់ៗប៉ុណ្ណោះ។
 
យ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ មិនទាន់អាចសម្រេចលើគោលនយោបាយស្ដីពីទេសចរពិសេសនេះបានឡើយ ។​ លោកអះអាងដូច្នេះ៖  « ប៉ុន្តែទោះជាយ៉ាងណា រាល់ការគំនិតយោបល់ទាំងឡាយ គឺស្ថិតនៅក្នុងដំណាក់កាលពិភាក្សានៅឡើយទេ មុននឹងសម្រេចជាផ្លូវការក្នុងពេលឆាប់ខាងមុខ»។
 
សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាអាចរកចំណូលពីវិស័យទេសចរណ៍ប្រមាណ ៦លានដុល្លារអាម៉េរិក ពីទេសចរសរុបប្រមាណ​ ២០លាននាក់ ក្នុងនោះទេសចរអន្តរជាតិប្រមាណ​ ៦.៦លាននាក់​ ដែលមានទេសចរធុរកិច្ចប្រមាណ ១០ភាគរយប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com