អន្តរជាតិ
កូរ៉េខាងជើងរិះគន់ប្រមុខ UN ដែលគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង លោក លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
× ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី១៤ ខែសីហា បានរិះគន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោកអាន់តូនីញ៉ូ ហ្គូតេរ៉េសថាលម្អៀងដែលបានគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង។ ក្រុងព្យុងយ៉ាង ក៏ចោទប្រមុខUN ថាខ្វះភាពយុត្តិធម៌ និង ប្រឆាំងនឹងកាត្វកិច្ចជាអ្នកដឹកនាំដែលបានចែងក្នុងធម្មនុញ្ញ UN ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាជើង KCNA បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេស នៅថ្ងៃទី១៤ ខែសីហា បន្ទាប់ពីលោក អាន់តូនីញ៉ូ ហ្គូតេរ៉េសបានបញ្ជាក់នៅមុខប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សុកយ៉ល ថាលោកគាំទ្រយ៉ាងពេញទំហឹងលើកិច្ចខិតខំរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។
«ខ្ញុំចង់បង្ហាញពីភាពសោកស្ដាយយ៉ាងខ្លាំងចំពោះការលើកឡើងរបស់អគ្គលេខាធិការ UN ដែលមានភាពលម្អៀង និងអយុត្តិធម៌ទាំងស្រុង ហើយលោកក៏ប្រឆាំងនឹងកាតព្វកិច្ចដែលបានបញ្ជាក់នៅក្នុងធម្មនុញ្ញ UN ទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េផងដែរ»។ លោក Kim Son Gyong អនុរដ្ឋមន្ត្រីទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើងបាន និយាយបែបនែះ នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើ។
លោក Kim ក៏បានបន្តថា ប្រមុខUN មិនគួរស្នើសុំ ឬទទួលបញ្ជាពីរដ្ឋាភិបាលពីប្រទេស ជាក់លាក់ណាមួយនោះឡើយ។ ប៉ុន្តែប្រមុខ UN គួរបដិសេធមិនធ្វើអំពើណាមួយដែលអាច ធ្វើឲ្យខូចមុខតំណែងរបស់លោក ក្នុងឋានៈជាមន្ត្រីអន្តរជាតិដែលត្រូវទទួលខុសត្រូវនឹងធ្វើតាម
អ្វីដែល UN ទាំងមូលស្របតែប៉ុណ្ណោះ។
អនុរដ្ឋមន្ត្រីរូបនេះ បានបន្តថា គោលការណ៍ការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់វិញបានរបស់កូរ៉េខាងជើង ជាការរំលោភលើ អធិបតេយ្យភាពរបស់កូរ៉េខាងជើង ព្រោះវាទាមទារឱ្យមានការរំសាយអាវុធជាឯកតោភាគី។ បន្ថែមពីនេះលោកហ្កោតេរ៉េសប្រហែលជាដឹងយ៉ាងច្បាស់ថាកូរ៉េខាងជើងបានច្រានចោល គោលការណ៍នេះទាំងស្រុងដោយគ្មានការអត់ឱន។
ទន្ទឹមនេះ លោក Kim បានគំរាមប្រមុខ UN ឱ្យគួរតែប្រុងប្រយ័ត្នពេលប្រើពាក្យពេចន៍ខាងលើ ព្រោះថា ខណៈនេះស្ថានភាពកំពុងតែធ្ងន់ធ្ងរបំផុតនៅឧបទ្វីបកូរ៉េ។
គួររំលឹកថា កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០២២នេះ បានបាញ់មីស៊ីលយ៉ាងញឹកញាប់ ដែលបានធ្វើឱ្យរដ្ឋាភិបាលក្រុងស៊េអូល ក្រុងវ៉ាស៊ីនតោន ព្រមទាំងសមាគមន៍អន្តរជាតិថ្កោលទោសប្រទេសមួយនេះយ៉ាងខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com