អន្តរជាតិ
ចិន និងថៃ ចាប់ផ្តើមសមយុទ្ធកងទ័ពអាកាសរួមគ្នា រូបភាព៖ Xinhua
×
ដោយ៖ ហ៊ួយ ស៊ីវលី
សមយុទ្ធកងទ័ពអាកាសរួមគ្នាប្រចាំឆ្នាំរវាងចិន និងថៃ ដែលមានឈ្មោះថា «Falcon Strike» បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា នៅមូលដ្ឋានកងទ័ព Wing 23 នៃទ័ពអាកាសថៃ (RTAF) នៅទីក្រុង Udon Thani ។
ចិន និងថៃ បានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា នៅថ្ងៃទី១៤ ខែសីហា នៅមូលដ្ឋានកងទ័ព Wing 23 នៃទ័ពអាកាសថៃ (RTAF) នៅទីក្រុងថៃ Udon Thani។ នេះគឺជាសមយុទ្ធកងទ័ពអាកាសលើកដំបូងរវាងភាគីទាំងពីរនៅក្នុងបរិបទការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីមានការផ្អា្កកបណ្តោះអាសន្នរយៈពេល២ឆ្នាំ តាំងពីឆ្នាំ2020 ដោយសារជំងឺរាតត្បាតកូវីដ១៩។
សមយុទ្ធកងទ័ពអាកាស «Falcon Strike» នេះ មានរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា នៅភាគឦសានរបស់ថៃ ហើយវាត្រូវបានធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងការយល់ដឹងជាមួយចិន។ នេះបើតាមមេបញ្ជាការកងទ័ពអាកាសថៃ លោក Prapas Sornchaidee។
ក្នុងសមយុទ្ធនេះ កងទ័ពអាកាសចិននឹងបញ្ជូន យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានទុកជាមុន (AEW) រួមទាំងបញ្ចូលការហ្វឹកហ្វឺនសម្រាប់ការគាំទ្រផ្លូវអាកាស ការវាយប្រហារគោលដៅលើដី និងការដាក់ពង្រាយកងទ័ពទាំងតូច និងធំ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិចិននៅថ្ងៃទី១២ ខែសីហា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដដែលនេះ បានសង្កត់ធ្ងន់ថា សមយុទ្ធរួមគ្នានេះមានគោលបំណងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពរវាងកងទ័ពអាកាសនៃភាគីទាំងពីរ ធ្វើឱ្យស៊ីជម្រៅចំពោះកិច្ចសហប្រតិបត្តិការនៃការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិន និងថៃ។
គួរបញ្ជាក់ថា សមយុទ្ធ «Falcon Strike» នេះ បានធ្វើឡើង បន្ទាប់ពីសមយុទ្ធ Super Garuda Shield ដ៏ធំបំផុតរបស់អាម៉េរិកបានធ្វើឡើងនៅដើមខែសីហា នៅឥណ្ឌូណេស៊ី ជាមួយឥណ្ឌូណេស៊ី អូស្ត្រាលី ជប៉ុន និងសិង្ហបុរី និងសមយុទ្ធយោធាដ៏ធំបំផុតរបស់ចិនបានធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់ ដែលជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក ណាន់ស៊ី ប៉េឡូស៊ី។
សមយុទ្ធកងទ័ពអាកាសរួមគ្នារវាង ចិន និងថៃត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងត្រូវបានផ្អាកធ្វើរយៈពេល២ឆ្នាំនៅឆ្នាំ២០២០ ដល់២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com