ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា-ចិន បន្តសហការគ្នា ធ្វើឲ្យវិស័យការពារជាតិរីកចម្រើនថែមមួយកម្រិតទៀត
15, Aug 2022 , 9:29 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចនៅចិននាពេលកន្លងមក។ រូបពីក្រសួងការពារជាតិចិន
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចនៅចិននាពេលកន្លងមក។ រូបពីក្រសួងការពារជាតិចិន
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការពារជាតិ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសមហាអំណាចចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅចិន ភាគីកម្ពុជា និងភាគីចិន នឹងចុះហត្ថលេខាលើឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងកិច្ចសហការផ្នែកវិស័យយោធា។



យោងតាមសេចក្តីប្រកាសព័ត៌មាន មានឯកសារ២សំខាន់ៗ ដែលកម្ពុជា-ចិន នឹងចុះហត្ថលេខាជាមួយគ្នា គឺទី១ ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការយោធា ទី២ ពិធីសារស្តីពីកិច្ចសហការប្រតិបត្តិការបច្ចេកទេសយោធា ដើម្បីលើកកម្ពស់សមត្ថភាពយោធា ធ្វើទំនើបកម្មហេដ្ឋារចនាសម្ពន្ធ (ផ្នែកយោធា) និងធ្វើឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនមួយកម្រិតទៀត។ 
 
រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ស៊ី ឈីលាង (Xu Qiliang) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ចិន នឹងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធានៃប្រទេសទាំង២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។ 
 
សេចក្តីប្រកាសព័ត៌មាន អះអាងដូច្នេះថា៖«គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ ដែលរៀបចំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ី ឈីលាង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ក្រោយវិបត្តិជំងឺកូវីដ-១៩»។
 
សម្តេច ទៀ បាញ់ សរសេរលើទំព័រហ្វេសប៊ុកបែបនេះថា៖«ក្នុងបរិបទបច្ចុប្បន្ន និងទៅអនាគត ស្ថានភាពសន្តិសុខ នយោបាយ ក្នុងតំបន់ និងពិភពលោក មានភាពកាន់តែស្មុគស្មាញមិនច្បាស់លាស់ ដូចនេះ កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមានសារសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពនាយទាហានវ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណភាពទឹកដីប្រទេសជាតិយើង»៕ 
 

Tag:
 កម្ពុជា-ចិន
  កិច្ចសហការលើវិស័យយោធា
© រក្សាសិទ្ធិដោយ thmeythmey.com