ជាតិ
សេដ្ឋកិច្ច
SMEs និងសហគ្រិនស្រី្តកម្ពុជា ទទួលបានការ​គាំទ្រលើការធានា​ឥណទានឱ្យកាន់តែប្រសើរ
15, Aug 2022 , 10:29 pm        
រូបភាព
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃCBC (ឆ្វេង) និងលោក Wong Keet Loong ​អគ្គនាយកនៃ CGCC កំពុងបង្ហាញលិខិតនៃកិច្ចសហការគ្នា ដើម្បីពង្រីក​លទ្ធភាព​ទទួលបាន​ឥណទានដោយ​ផ្តល់នូវ​ការវាយតម្លៃ​កម្ចី​កាន់តែ​ប្រកបដោយ​តម្លាភាពដល់​សហគ្រិន​ស្ត្រីនិង SMEs​ បន្ទាប់ពីចុះហត្ថលេខារួច កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២២។ រូបថត៖ CBC
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃCBC (ឆ្វេង) និងលោក Wong Keet Loong ​អគ្គនាយកនៃ CGCC កំពុងបង្ហាញលិខិតនៃកិច្ចសហការគ្នា ដើម្បីពង្រីក​លទ្ធភាព​ទទួលបាន​ឥណទានដោយ​ផ្តល់នូវ​ការវាយតម្លៃ​កម្ចី​កាន់តែ​ប្រកបដោយ​តម្លាភាពដល់​សហគ្រិន​ស្ត្រីនិង SMEs​ បន្ទាប់ពីចុះហត្ថលេខារួច កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២២។ រូបថត៖ CBC
សហគ្រាស​ធុន​តូច និងមធ្យម (SMEs) នៅកម្ពុជា ជាពិសេស​សហគ្រិន​ស្ត្រី ទទួលបានគាំទ្របន្ថែមពីការធានាឥណទាន ដើម្បីពង្រីកអាជីវកម្ម។ ការទទួលបាននេះ​ គឺបន្ទាប់ពីក្រុមហ៊ុនក្រេ​ឌី​តប្យួ​រ៉ូខេ​ម​បូ​ឌា (CBC) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បានសហការគ្នា ដើម្បី​លើកកម្ពស់​គម្រោង​គាំទ្រ​ការធានា​ឥណទាន និង​ការទទួលយក​ការវិភាគ​ទិន្នន័យ​ក្នុងការ​សម្រេចចិត្ត​ឥណទាន ​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

 
CBC បានចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូជាមួយ CGCC ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ឥណទាន ដោយ​ផ្តល់នូវ​ការវាយតម្លៃ​កម្ចី​កាន់តែ​ប្រកបដោយ​តម្លាភាពដល់​សហគ្រិន​ស្ត្រីនិងSMEs​ កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CBC។​
 
យោងតាមកិច្ចព្រមព្រៀងនេះ ​CBC នឹង​ផ្តល់នូវ​ព័ត៌មាន​ប្រវត្តិ​ឥណទាន ​ដែល​ផ្សារភ្ជាប់​ព័ត៌មាន​រវាង​អ្នក​ខ្ចី និង​គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ ​ដែល​កាត់​បន្ថយ​ចំណាយ​លើប្រតិបត្តិការ​នៃ​ការផ្តល់​កម្ចី និង​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​។ ដោយឡែក CGCC នឹង​ផ្តល់​ការធានា​ឥណទាន​ លើ​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែលមាន​លទ្ធភាព​សង ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ​ ពេល​​ស្នើ​សុំកម្ចី​។  ការសហការគ្នារវាងស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះ កំពុង​​រួមចំណែក​ដល់​ការ​ស្តារ​ឡើង​វិញ ​នូវ​កំណើនសេដ្ឋកិច្ច ក្នុងការជំរុញ​ការផ្តល់​ឱកាស​ការងារ និង​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ។
 
បើតាមនាយកប្រតិបត្តិនៃ CBC លោក អឿ សុធារ័ត្ន ភាពជាដៃគូជាមួយ CGCC នេះ បានបង្ហាញ​នូវសមិទ្ធផល​ដ៏​សំខាន់​មួយ ​ក្នុងការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ សម្រាប់​សហគ្រិន​ស្ត្រី និង​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម (SMEs) ក៏ដូចជា​ការធានា​នូវ​វិធីសាស្ត្រ​ ប្រកបដោយ​តម្លាភាព ទំនុកចិត្ត និង​ការបញ្ចូល​ទិន្នន័យ សម្រាប់​បង្កើត​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​នៅក្នុង​ប្រទេស​​។​​ លោកបានបញ្ជាក់ដូច្នេះ៖ «កិច្ចសហការរវាង CBC និង CGCC នេះ នឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់យើង និងសម្រួលដល់តម្រូវការ នៃការគាំទ្របន្ថែម ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម»។
 
ជាមួយគ្នានេះ លោក Wong Keet Loong ដែលជា​អគ្គនាយកនៃ CGCC បានបន្ថែមថា តាមរយៈភាពដៃគូនេះ CGCC នឹង​អាចបង្កើត​ទម្រង់​ឥណទាន​នៃ​កម្ចី​ ដែលមាន​ការធានា​ដោយ​ប្រើពិន្ទុខេស្ករ (K-Score) របស់ CBC ជា​ឯកសារយោង​ សម្រាប់​ការវាយតម្លៃ​ឥណទាន​របស់​អ្នក​ខ្ចី​ ដែលមាន​ការធានា​ពី​ CGCC ផ្ទាល់​​។​ លោក បន្តនិយាយបែបនេះថា៖ «នៅពេលដែលគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ចូលរួម (PFIs) រាយការណ៍ ពីការផ្តល់កម្ចីដែលមានការធានា នៅក្នុងរបាយការណ៍ប្រចាំខែរបស់ពួកគេ ទៅកាន់ CBC ទិន្នន័យនេះ នឹងមានប្រយោជន៍ក្នុងការចាប់យកទម្រង់របស់អ្នកខ្ចី​ ដែលជា SME នៅកម្ពុជា ជាមួយនឹងប្រាក់កម្ចីដែលមានការធានា។ ការធានានេះ នឹងជួយសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម»។
 
​បើតាមCGCC កិច្ចសហការនេះ នឹង​អាចឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថលការរាយការណ៍ ​កម្រិត​ខ្ពស់ និង​ឧបករណ៍​វិភាគ​ទិន្នន័យ​ពី CBC ដើម្បី​​វាយតម្លៃ​អំពី​ហានិភ័យ​ជាក់លាក់ ​របស់​អ្នក​ខ្ចី និង​តាមដាន​ពី​ការប្រើប្រាស់​កម្ចី​របស់​ពួកគេ ​ផងដែរ​។​ សេចក្តីប្រកាសព័ត៌មានខាងលើ បានអះអាងថា​ CGCC និង CBC ប្តេជ្ញា​រួមគ្នា​ ក្នុងការ​បង្កើន​ការយល់ដឹងនិង​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ រួមទាំង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុនៅ​កម្ពុជា កាន់តែប្រសើរ៕ 
 
 

Tag:
 ហិរញ្ញវត្ថុ
  SME
© រក្សាសិទ្ធិដោយ thmeythmey.com