កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ព្យួរសកម្មភាពសហព័ន្ធ​បាល់ទាត់ឥណ្ឌា ដោយសារមានភាគីទីបី ចូល​លូកលាន់
16, Aug 2022 , 10:00 am        
រូបភាព
ប្រធាន​ក្រុមឥណ្ឌា Sunil Chhetri នាជំនួបជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍ជម្រុះ AFC Asian Cup កាលពីខែមិថុនា។ រូបថត FFC
ប្រធាន​ក្រុមឥណ្ឌា Sunil Chhetri នាជំនួបជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍ជម្រុះ AFC Asian Cup កាលពីខែមិថុនា។ រូបថត FFC
ក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិពិភពលោក (FIFA) បានសម្រេចព្យួរសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) ជាបន្ទាន់ ដោយសារមានការជ្រៀតជ្រែកពីភាគីទី៣ ក្នុងរឿងរៀបចំបង្កើតក្បាលម៉ាស៊ីនថ្មី របស់ AIFF ដែលជាហេតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើលក្ខន្ដិកៈ របស់ FIFA ។



ការព្យួរ AIFF នេះ គឺត្រូវធ្វើជាបណ្ដោះអាសន្នសិន។ មានន័យថា រាល់សកម្មភាពដែល AIFF ចូលរួម ឬព្រឹត្តិការណ៍ណាមួយ ដែលរៀបចំដោយ AIFF ត្រូវលុបចោល ឬត្រូវពន្យារពេល។ ការព្យួរនេះ នឹងលុបចោលវិញ នៅពេលបង្កើតគណៈកម្មាធិការគ្រប់គ្រង ដើម្បីទទួលយកអំណាចរបស់គណៈកម្មាធិការប្រតិបត្តិ AIFF ត្រូវបានលុបចោល។ រដ្ឋបាល AIFF មានសិទ្ធិគ្រប់គ្រងពេញលេញ លើកិច្ចការប្រចាំថ្ងៃ របស់ AIFF ។ នេះបើយោងទៅលើការផ្សាយរបស់គេហទំព័រ FIFA កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ការព្យួរ ឬផ្អាកសកម្មភាពរបស់ AIFF នេះ មានន័យថា ឥណ្ឌា មិនអាចចូលរួមប្រកួត AFC Asian Cup 2023 ទេ ហើយជម្រើសជំនួស ឥណ្ឌា គឺប្រទេសហ្វីលីពីន។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពជាមួយវៀតណាម ក្នុងថ្ងៃ FIFA ក៏ត្រូវបានលុបចោល ហើយសម្រាប់ ជើងឯកលីគ ក៏មិនអាចមានចូលរួមប្រកួត ជាមួយក្រុមផ្សេងទៀត ក្នុងព្រឹត្តិការណ៍ AFC Championship ​ដែរ។ បន្ថែមលើសពីនេះទៀត ការធ្វើជាម្ចាស់ផ្ទះរបស់ឥណ្ឌា FIFA U-17 Women's World Cup នឹងត្រូវប្ដូរម្ចាស់ផ្ទះថ្មី។
 
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ត្រូវបោះឆ្នោតរកមេដឹកនាំសហព័ន្ធថ្មីមួយ នាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២២ បន្ទាប់ពីលោក Praful Patel ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា ត្រូវបានដកចេញពីតំណែង ដោយតុលាការកំពូល។ អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌារូបនេះ ត្រូវបានដកចេញពីមុខតំណែង បន្ទាប់ពីតុលាការកំពូលបានបង្កើតឡើងវិញ នូវគណៈកម្មាធិការគ្រប់គ្រង (CoA) ដែលនឹងត្រូវដឹកនាំដោយអតីតចៅក្រមតុលាការកំពូល A.R. Dave ដើម្បីគ្រប់គ្រងកិច្ចការរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF)។

គណៈកម្មាធិការនេះ ក៏នឹងជួយសម្រួលដល់ការអនុម័តរដ្ឋធម្មនុញ្ញ AIFF ស្របតាមក្រមកីឡាជាតិ និងគោលការណ៍ណែនាំផ្សេងៗទៀត​ដែរ៕
 
 

Tag:
 បាល់ទាត់
  FIFA
  AIFF
© រក្សាសិទ្ធិដោយ thmeythmey.com