ជាតិ
សង្គមជាតិ
ករណីបុរសម្នាក់ស្លាប់នៅកំពង់ធំ៖ ត្រៀមបញ្ជូនអាវុធហត្ថ២នាក់ទៅតុលាការ និង១១នាក់ទៀត បន្តស្ថិតក្នុងការស៊ើបអង្កេត
16, Aug 2022 , 11:59 am        
រូបភាព
កងរាជអាវុធហត្ថខេត្តកំពង់ធំ គោរពទង់ជាតិ នាពេលកន្លងមក។ រូបពីហ្វេសប៊ុកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
កងរាជអាវុធហត្ថខេត្តកំពង់ធំ គោរពទង់ជាតិ នាពេលកន្លងមក។ រូបពីហ្វេសប៊ុកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
ក្រោយឆ្លងកាត់ការស្រាវជ្រាវអស់រយៈពេល១សប្តាហ៍រួចមក កងរាជអាវុធហត្ថ២នាក់ ក្នុងចំណោម១៣នាក់ ត្រូវបានឃាត់ខ្លួន និងត្រៀមបញ្ជូនទៅតុលាការ ក្នុងករណីចុះធ្វើប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់តាមអនឡាញ រហូតបណ្តាលឲ្យបុរសម្នាក់ បាត់បង់ជីវិតនៅខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

 
បន្ថែមពីលើសេចក្តីប្រកាសព័ត៌មាន លោក អេង ហ៊ី ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៦ ខែសីហា ថា បច្ចុប្បន្ន កងរាជអាវុធហត្ថទាំង២នាក់ ដែលត្រូវឃាត់ខ្លួននោះ កំពុងស្ថិតក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំនៅឡើយ។ លោក បញ្ជាក់ដូច្នេះថា៖«យើង នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ កងរាជអាវុធហត្ថទាំង២នាក់នោះ គឺលោកអនុសេនីយ៍ឯក សុខ ម៉េងហុង និងលោកអនុសេនីយ៍ឯក លុយ តាំងឈូយ។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា មានកងរាជអាវុធហត្ថ១៣នាក់ ដែលបានចុះធ្វើប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់តាមអនឡាញ១កន្លែង ស្ថិតក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែសីហា។ 
 
ក្នុងប្រតិបត្តិការនោះ មានជនសង្ស័យ៤នាក់ ដែលត្រូវឃាត់ខ្លួន ហើយក្នុងចំណោមពួកគេ មានបុរសម្នាក់ឈ្មោះ សួង ឌ័ន វ័យ៤៧ឆ្នាំ បានបាត់ជីវិត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស វេជ្ជបណ្ឌិត ប្រាប់ថា បុរសឈ្មោះ សួង ឌ័ន បានបាត់បង់ជីវិត តាំងពីមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ 
 
ក្រោយព័ត៌មានអំពីបុរសឈ្មោះ សួង ឌ័ន បែកខ្ចរខ្ចាយលើបណ្តាញសង្គម លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបញ្ជា នៅថ្ងៃទី៩ ខែសីហា ឲ្យស៊ើបអង្កេតករណីនេះជាបន្ទាន់។ ក្នុងថ្ងៃដែលលោក សៅ សុខា ចេញបញ្ជា គណៈកម្មការចំពោះកិច្ច ត្រូវបានបង្កើតឡើង ដើម្បីចុះទៅស៊ើបអង្កេតករណីនេះ។ 
 
បន្ទាប់មក កងរាជអាវុធហត្ថទាំង១៣នាក់ ដែលចុះធ្វើប្រតិបត្តិការបង្ក្រាបនៅកន្លែងលេងល្បែងជល់មាន់តាមអនឡាញនោះ ត្រូវបានបញ្ជាឲ្យស្ថិតនៅម្តុំក្នុងបន្ទាយជាមួយគ្នា ដោយមិនត្រូវបានអនុញ្ញាតឲ្យចេញធ្វើដំណើរទៅខាងក្រៅឡើយ ដើម្បីរង់ចាំការស៊ើបអង្កេត។ លោក អេង ហ៊ី អះអាងមកកាន់សារព័ត៌មានថ្មីៗថា ក្រៅពីកងរាជអាវុធហត្ថទាំង២នាក់ ដែលត្រៀមបញ្ជូនទៅតុលាការ កងរាជអាវុធហត្ថ១១នាក់ទៀត នៅតែបន្តឲ្យស្ថិតនៅម្តុំជាមួយគ្នាក្នុងបន្ទាយដដែល ដើម្បីស៊ើបសួរលើពួកគេបន្តទៅទៀត។ 
 
នារីម្នាក់ ដែលជាកូនរបស់បុរសរងគ្រោះ បង្ហោះលើគណនីហ្វេសប៊ុកថា ក្នុងថ្ងៃកើតហេតុ ឪពុករបស់នាង មកពីប្រជុំការងារ ហើយចៃដន្យមេឃភ្លៀង គាត់ក៏ចូលជ្រកនៅតូបកាហ្វេមួយកន្លែង។ នាង បន្តថា ពេលនោះ ក្រុមកងរាជអាវុធហត្ថ ក៏ចុះទៅ និងចាប់ឪពុកនាង សង្កត់ក ហើយបន្ទាប់មក គាត់ ក៏ផុតដង្ហើមនៅលើរថយន្ត។ តាមរយៈបណ្តាញសង្គម នាង ទាមទារឲ្យជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់នាង។  
 
លោក អេង ហ៊ី ប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានថា កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទកាសែត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែសីហា ដើម្បីបកស្រាយលម្អិតពីករណីខាងលើនេះ៕ 
 

Tag:
 កងរាជអាវុធហត្ថ
  ករណីស្លាប់ពលរដ្ឋពេលធ្វើប្រតិបត្តិការ
© រក្សាសិទ្ធិដោយ thmeythmey.com