មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាតAquaTowers និងម៉ាស៊ីនអនាម័យAquaSans ទាំងនេះក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទនភាពដែលការឧបត្ថម្ភគាំទ្ររបស់យើងដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាពនិងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ២០២២នេះ»។
បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ផ្សេងទៀតដែលធំជាង ០,០១ មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤០ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៧១,៤០០នាក់ ក្នុងខេត្តចំនួន ២៤ នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃនេះ យើងបានតម្លើង និងសម្ភោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជាដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និងសហគមន៍ជនបទនូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗមានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយអមដោយ សារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
គម្រោងនេះក៏មានកម្មវិធីអប់រំអនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និងសហគមន៍ទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយាចំពោះសុខភាពទឹក និងអនាម័យ។
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «វិស័យឯកជនបានរួមចំណែកជាច្រើនដល់ ដំណើរកិច្ចគាំពារបរិស្ថាន របស់ក្រសួងបរិស្ថាន។ តាងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានផ្ដល់នូវប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យដល់ វិទ្យាល័យ ហ៊ុនសែន កែវសីមា តាមរយៈមូលនិធិកូកា-កូឡា»។
លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡាផងដែរ»។ លោកបន្ថែមថា៖ «ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ»។
សូមជម្រាបជូនផងដែរថាចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង១៣លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕
(អត្ថបទពាណិជ្ជកម្ម)