ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ទៀ បាញ់៖ យើង មិនបាច់ស្តាប់អ្នកណាថាចេះចុះទេ, មានតែទៅមុខ ដើម្បីធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម
17, Aug 2022 , 3:20 pm        
រូបភាព
សម្តេច ទៀ បាញ់ ស្ថិតក្នុងកិច្ចប្រជុំជាមួយភាគីចិន ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច​ ទៀ បាញ់
សម្តេច ទៀ បាញ់ ស្ថិតក្នុងកិច្ចប្រជុំជាមួយភាគីចិន ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច​ ទៀ បាញ់
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ លើកឡើងថា កម្ពុជា គិតតែពីផ្តោតការយកចិត្តទុកទៅលើការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីឲ្យក្លាយជាមូលដ្ឋានកងទ័ពជើងទឹក ដែលមានភាពទំនើប។ សម្តេច អះអាងថា កម្ពុជា មិនទៅខ្វល់ខ្វាយជាមួយបរទេសណា ដែលបន្តអត្ថាធិប្បាយមិនល្អជុំវិញបញ្ហានៅមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ។


 
ប្រមុខការពារជាតិកម្ពុជា ថ្លែងបែបនេះថា៖«បញ្ហាសមុទ្ររាមនេះ មិនមែនថ្មីទេ យូរណាស់ហើយ។ រឿងហ្នឹង គឺយើង បាននិយាយច្បាស់ហើយ នៅក្នុងដែនអធិបតេយ្យរបស់យើង ច្បាស់ណាស់ ពេលដែលយើង មានលទ្ធភាព មានគេឯងជួយ យើង ត្រូវតែបំពេញ ដើម្បីអធិបតេយ្យរបស់យើង គឺឲ្យមានសមត្ថភាព មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារអធិបតេយ្យរបស់យើង។ ដូច្នេះ យើង មិនចាំបាច់ទៅស្តាប់អ្នកណាថាចេះថាចុះ គឺវាហួសពេលហើយ យើង អត់មានទៅគិតគូររឿងហ្នឹងទេ មានតែដំណើរការទៅមុខ ដើម្បីធ្វើម៉េចឲ្យការធ្វើទំនើបកម្មសមុទ្ររាមនេះទៅមុខជានិច្ច»។ 
 
សម្តេច បន្តទៀតថា៖«ខ្ញុំ មិនវាយតម្លៃ ហើយក៏មិនចាត់ទុករឿងនេះ គេ វាយតម្លៃរបៀបណាទេ។ ភារកិច្ចរបស់យើង ក្នុងដែនអធិបតេយ្យរបស់ខ្លួន អ្វីដែលយើងត្រូវធ្វើ យើងត្រូវធ្វើ អ្វីដែលត្រូវបំពេញ យើងត្រូវតែបំពេញ។ យើង មិនផ្គើននឹងអ្ននណា ឬមិនធ្វើឲ្យអ្នកអាក់អន់ស្រពន់ចិត្តទេ គឺយើង ធ្វើតាមរបៀបរបស់យើង ដែលយើងមានលទ្ធភាពធ្វើបាន»។ 
 
ការថ្លែងរបស់សម្តេចរដ្ឋមន្រ្តីការពារជាតិ ធ្វើឡើងនៅព្រលានយន្តហោះភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ គឺនៅពេលដែលសម្តេចវិលមកពីការបំពេញទស្សនកិច្ចនៅចិន។ សម្តេច បានចេញទៅបំពេញទស្សនកិច្ចនៅចិន នៅថ្ងៃ១៣ ខែសីហា។ 
 
ក្នុងដំណើរទស្សនកិច្ចនៅចិន រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ស៊ី ឈីលាង (Xu Qiliang) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ចិន បានធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះផ្នែកកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំង២។ 
 
សម្តេច ទៀ បាញ់ មានប្រសាសន៍ជាមួយអ្នកកាសែតពេលចុះពីយន្តហោះដូច្នេះថា៖«យើង មានការពិគ្រោះពីអនាគតរយៈពេលមធ្យម រយៈពេលវែងអំពីផែនការអភិវឌ្ឍក្នុងកងយោធពលខេមរភូមិន្ទ ក៏ដូចជា ការរៀបចំលើកម្រិតមួយចំនួន សម្រាប់កងយោធពលខេមរភូមិន្ទ ដែលត្រូវបានយកចិត្តទុកដាក់ពីកងទ័ពរំដោះប្រជាជនចិន គឺ [ចិន] បម្រុងនឹងជួយកិច្ចការងារមួយចំនួ។ យើង បានយកមកពិភាក្សាជាលើកដំបូង គឺគណៈកម្មការចម្រុះ បានជួបប្រជុំគ្នា បានពិភាក្សាគ្នាគ្រប់ជ្រុងជ្រោយ ជាការល្អប្រសើរ»។  
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសដែលសម្តេច ទៀ បាញ់ ទៅបំពេញទស្សនកិច្ចនៅចិន មានឯកសារ២សំខាន់ៗ ដែលកម្ពុជា-ចិន ចុះហត្ថលេខាជាមួយគ្នា គឺទី១ ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការយោធា ទី២ ពិធីសារស្តីពីកិច្ចសហការប្រតិបត្តិការបច្ចេកទេសយោធា ដើម្បីលើកកម្ពស់សមត្ថភាពយោធា ធ្វើទំនើបកម្មហេដ្ឋារចនាសម្ពន្ធ (ផ្នែកយោធា) និងធ្វើឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនមួយកម្រិតទៀត។ 
 
ជុំវិញបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ អាម៉េរិក តែងចោទថា មូលដ្ឋានកងទ័ពជើងទឹករាមនេះ មានលួចលាក់កងទ័ពជើងទឹកចិន ដោយមានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង ពេលមកប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា នាដើមខែសីហា ឆ្នាំ២០២២នេះ លោក អេនតូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានស្នើសុំទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបទ្វេភាគី ឲ្យរក្សាតម្លាភាពចំពោះសកម្មភាពរបស់កងទ័ពជើងទឹកចិន ដែលអាម៉េរិកសង្ស័យថា មានវត្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ។ 
 
អាម៉េរិក បង្ហាញក្តីបារម្ភថា បើមានវត្តមានកងទ័ពជើងទឹកចិននៅមូលដ្ឋានកងទ័ពជើងទឹករាមពិតមាន គឺអាចធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យកម្ពុជា ព្រមទាំងប៉ះពាល់ដល់សន្តិសុខទាំងក្នុងតំបន់ ទាំងថ្នាក់អន្តរជាតិ។ យ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាលកម្ពុជា ឆ្លើយតបនឹងអាម៉េរិកស្ទើរតែរាប់ភ្លេចទៅហើយថា កម្ពុជា មិនអនុញ្ញាតឲ្យកងទ័ពបរទេសណា មកឈរជើងលើទឹកដីរបស់ខ្លួនឡើយ៕   
 
 
 
 
 
 
 

Tag:
 ទៀ បាញ់
  មូលរដ្ឋទ័ពរាម
  កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com