ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ឲ្យក្រសួងការងារពន្លឿនដោះស្រាយវិវាទនៅរោងចក្រមួយ អ្នកនាំពាក្យថានឹងធ្វើឲ្យចប់នៅសប្តាហ៍នេះ 
សម្ដេច ហ៊ុន សែន ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ រូបភាព៖ ផេកហ្វេសប៊ុនសម្ដេច
×![]()
ដោយ៖ ញឹក សំអូន
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យពន្លឿនការដោះស្រាយវិវាទការងាររបស់កម្មករ និងថៅកែរោងចក្រមួយកន្លែង។ ទាក់ទងនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា លោក ហេង សួរ អ្នកនាំពាក្យក្រសួង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា សម្តេចសំដៅលើករណីរោងចក្រ ឃែន ធើរេន។
«ឯកឧត្ដម អិុត សំហេង អើយកុំពិបាកពេក។ កាលពីមុនខ្ញុំធ្លាប់ឱ្យអស់លោកខ្ចីលុយយកទៅដោះស្រាយឲ្យកម្មករ ហេតុអ្វីបានពេលនេះលោកមិនដោះ។ ចាំទេ អិុត សំហេង ខ្លួនឯង ខ្ញុំធ្លាប់់ឲ្យខ្ចីលុយ រដ្ឋាភិបាលឲ្យខ្ចីលុយ យកទៅដោះស្រាយឲ្យកម្មករសិន ហើយចាំទៅដោះស្រាយជាមួយថៅកែរោងចក្រក្រោយ»។ នេះជាការក្រើនរំលឹករបស់សម្តេច ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រីការងារ នៅពេលមានការផ្សាយផ្ទាល់ ខណៈលោក អុិត សំហេង មិនមានវត្តមាននៅក្នុងកម្មវិធីឡើយ។
សម្ដេច ហ៊ុន សែន បានប្រាប់ក្រសួងការងារ និងខុទ្ទកាល័យសម្ដេចឲ្យរករបៀបដោះស្រាយ។ សម្តេចបានសង្កត់ធ្ងន់ថា៖«អ្នកណាទទួលញត្តិគេហ្នឹង ហើយប្រគល់ឲ្យអ្នកណាជាអ្នកដោះស្រាយ។ រឿងទាំងអស់ហ្នឹងហើយដែលយើងត្រូវធ្វើ ព្រោះវាសុខទុក្ខរបស់កម្មករ។ ពួកគាត់បានដាក់ញត្តិទៅក្រសួងការងារពីខែ ៥ ហើយចុងក្រោយពួកគាត់និយាយថា មិនដឹងទៅកន្លែងណាទេ មានតែមកកន្លែងសម្ដេចនាយកទេ។ បើកន្លែងហ្នឹងដោះមិនបានទៀតគឺ ចប់ហើយ»។
សម្តេចបានលើកឡើងដដែលថា ក្រសួងធ្លាប់ខ្ចីលុយរដ្ឋាភិបាលដោះស្រាយជូនកម្មករ ដូច្នេះគួរតែប្រើវិធីនេះដោះស្រាយសម្រាប់កម្មរប្រមាណ៣០០នាក់ រួចហើយចាំដោះស្រាយជាមួយថៅកែនាពេលក្រោយ។
ត្រង់បញ្ហានេះ លោក ហេង សួរ បានបញ្ជាក់តាមតេឡេក្រាមថា ក្រសួងកំពុងរៀបចំចាត់ចែងអនុវត្តឲ្យបានចប់នៅក្នុងសប្តាហ៍នេះ ជុំវិញរឿងវិវាទការងាររបស់កម្មកររោងចក្រឃែនធើរេន។ លោកលើកឡើងបែបនេះ ក្រោយសម្ដេចប្រតិកម្មខ្លាំងៗ ។
អ្នកនាំពាក្យរូបនេះបានបន្តថា កម្មករកម្មការិនីទាំងនោះ នឹងទទួលបានសំណងទៅតាមអតីតភាពការងាររបស់ពួកគេ។ លោកបញ្ជាក់បែបនេះ៖« អ្វីដែលជាប្រយោជន៍របស់បងប្អូនគឺ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាព និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។ អត្ថប្រយោជន៍នេះ ប្រែប្រួលពីកម្មករនិយោជិតម្នាក់ ទៅម្នាក់ ដោយអាស្រ័យលើអតីតភាពការងារ និងប្រាក់ឈ្នួលរបស់គាត់នីមួយៗ»។
លោក ហេង សួរ បានអះអាងថា រដ្ឋាភិបាល នឹងប្រើថវិកាបុរេប្រទានជាមុន(រដ្ឋាភិបាលឱ្យខ្ចីថវិកាដោះស្រាយសិន) ហើយនឹងរកវិធានការណ៍ទូទាត់ពីនិយោជកតាមផ្លូវច្បាប់នៅពេលក្រោយ។
សូមជម្រាបថា រោងចក្រឃែនធើរេន ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ដោយមានកម្មករ-កម្មការីនីប្រមាណ ៣០០នាក់។ វិវាទការងាររវាងថៅកែ និងកម្មករនិយោជិតរោងចក្រនេះ បានហែញត្តិទៅដាក់នៅក្រសួងការងារ កាលពីអំឡុងខែឧសភាកន្លងទៅ តែគ្មានដំណោះស្រាយ។ ហើយថៅរោងចក្រនេះ ក៏ធ្លាប់មានបញ្ហាជាមួយកម្មករ-កម្មការីនីម្ដងរួចមកហើយ កាលពីអំឡុងពេលផ្ទុះកូវីដ-១៩ ដោយក្រុមហ៊ុនអះអាងថា មិនមានប្រាក់ឈ្នួលបើកឱ្យកម្មករ ព្រោះគ្មានអ្នកបញ្ជាទិញទំនិញ៕
Tag:
វិវាទការងារ
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com