ជាតិ
សង្គមជាតិ
បង្កើតជំនាញភាសាវៀតណាម៖ រដ្ឋមន្រ្តីអប់រំ ផ្តល់ទស្សនទានថា ចេះភាសាកាន់តែច្រើន កាន់តែល្អ
20, Aug 2022 , 2:38 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
ប្រជាជនខ្មែរមួយចំនួន សម្តែងការមិនពេញចិត្តចំពោះការបង្កើតមុខវិជ្ជាជំនាញភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាគ្រឹះស្ថានអប់រំរបស់រដ្ឋ។ ពួកគាត់ ហាក់ដូចជាបារម្ភថា ការបង្កើតឲ្យមានការបង្រៀនភាសាវៀតណាមនៅសាកលវិទ្យាបែបនេះ អាចធ្វើឲ្យវៀតណាម មានឥទ្ធិពលលើសង្គមខ្មែរ។ 



ដើម្បីកាត់បន្ថយការរិះគន់ ដែលលាយឡំជាមួយក្តីបារម្ភរបស់ប្រជាជន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ទស្សនទានដូច្នេះថា៖«បើយើង ចេះភាសាកាន់តែច្រើន កាន់តែល្អ ភាសាអីក៏ល្អដែរ ចេះកាន់តែច្រើន កាន់តែល្អ ទំនាក់ទំនងងាយស្រួលជាង។ គេ សិក្សាស្រាវជ្រាវទៅ អ្នកដែលចេះភាសាច្រើនលើសពី១ទៅ គឺការងារ មានប្រសិទ្ធភាពជាងមុន។ ការធ្វើវិនិច្ឆ័យសេចក្តី និងប្រសិទ្ធភាពការងារ គឺបានល្អជាងមុន»។ 
 
ការផ្តល់ទស្សនទានរបស់លោករដ្ឋមន្រ្តីអប់រំ ធ្វើឡើងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្តីពីការបង្កើតមុខវិជ្ជាជំនាញភាសាវៀតណាម។ លោក លើកឡើងថា ដោយសារការចេះភាសាច្រើន មានសារសំខាន់បែបនេះហើយ ទើបគេ លើកទឹកចិត្តឲ្យសិស្សានុសិស្ស រៀនទាំងភាសាកំណើត ភាសាប្រទេសជិតខាង និងភាសាអន្តរជាតិ។ លោក ផ្តល់ព័ត៌មានខ្លីអំពីខ្លួនឯងថា លោក ចេះភាសាបរទេសចំនួន៥ភាសា។ លោក អះអាងថា សាកលវិទ្យាល័យមួយចំនួន និងខេត្តមួយចំនួននៅប្រទេសវៀតណាម ក៏មានបើកបង្រៀនភាសាខ្មែរដែរ។
 
លោក ហង់ជួន ណារ៉ុន បន្តថា ការបង្កើតឲ្យមានមុខវិជ្ជាជំនាញភាសាវៀតណាមនេះ គឺធ្វើទៅតាមតម្រូវនៅកម្ពុជា ដោយមិនធ្វើទៅតាមការស្នើសុំ ឬការបង្គាប់បញ្ជាពីវៀតណាមនោះទេ។ លោក បន្ថែមថា បើគ្មានតម្រូវការ ក៏កម្ពុជា មិនអាចបង្កើតឲ្យមានការបង្រៀនភាសាប្រទេសជិតខាងមួយនេះដែរ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«បើអត់មានអ្នកចង់រៀន ក៏ចប់ត្រឹមហ្នឹង អត់មានចាប់បង្ខំឲ្យរៀនទេ»។  
 
ការចូលរៀនភាសាវៀតណាមនេះទៀតសោត គឺត្រូវបង់ប្រាក់ និងថែមទាំងត្រូវឆ្លងកាត់ប្រឡងផងដែរ។ នេះបើតាមការបរិយាយរបស់លោករដ្ឋមន្រ្តីអប់រំដដែល ហើយលោក បង្ហើបថា ទៅថ្ងៃអនាគត បើមានតម្រូវការ កម្ពុជា នឹងបង្កើតកន្លែងបង្រៀនភាសាផ្សេងទៀតនៃប្រទេសជាសមាជិកអាស៊ាន មិនមែនត្រឹមតែភាសាវៀតណាមនោះទេ។
 
លោក រំលេចពីចំណុចសំខាន់ៗមួយចំនួន ក្នុងការបង្កើតមុខវិជ្ជាជំនាញភាសាវៀតណាមនេះ ដូចជា ផ្តល់ឱកាសដល់និស្សិតខ្មែរ ដែលជាប់អាហារូបករណ៍ទៅរៀននៅប្រទេសវៀតណាម បានរៀនភាសាវៀតណាមបំប៉នជាមុន និងផ្តល់ឱកាសឲ្យអ្នក ដែលចង់ធ្វើការងារក្នុងក្រុមហ៊ុនវៀតណាមនៅកម្ពុជា ជាដើម។ លោក ថ្លែងថា ក្នុង១ឆ្នាំៗ មាននិស្សិតខ្មែរជាង១០០នាក់ ដែលជាប់អាហារូបករណ៍ទៅរៀននៅប្រទេសវៀតណាម ហើយពួកគេ តែងជួបការលំបាកក្នុងការរៀន និងរៀនមិនសូវទាន់គេ ដោយសារពុំបានរៀនបំប៉នភាសាវៀតណាមពីមុន។ 
 
ដើម្បីពង្រឹងធនធានមនុស្សក្នុងវិស័យកិច្ចការអន្តរជាតិ និងគោលនយោបាយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតវិទ្យាស្ថានថ្មី១ គឺវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលចេញក្រោយពីលោក ហង់ជួន ណារ៉ុន ធ្វើសន្និសីទកាសែតរួច។ 
 
ក្នុងវិទ្យាស្ថានថ្មីនេះ មានដេប៉ាដឺម៉ង់សំខាន់ៗ៤ ដោយរួមទាំងដេប៉ាដឺម៉ង់សិក្សាវៀតណាមផងដែរ។ ដេប៉ាដឺម៉ងសិក្សាវៀតណាម បណ្តុះបណ្តាលលើមុខជំនាញ៣ គឺមុខជំនាញសិក្សាវៀតណាម មុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាមផ្នែកធុរកិច្ច។ 
 
សូមរម្លឹកថា ពេលមកធ្វើទស្សនកិច្ចនៅកម្ពុជា មន្រ្តីក្រសួងអប់រំវៀតណាម បានជួបពិភាក្សាជាមួយមន្រ្តីក្រសួងអប់រំកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ក្នុងជំនួបនោះ ភាគីវៀតណាម ស្នើដល់ភាគីកម្ពុជា ឲ្យបង្កើតមុខវិជ្ជាជំនាញភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយមក មតិនានារបស់ប្រជាជនខ្មែរ ក៏ផ្ទុះឡើងលើបណ្តាញសង្គម ជុំវិញការបង្កើតមុខវិជ្ជាជំនាញភាសាវៀតណាមនេះ៕ 
 

Tag:
 ដេប៉ាដឺម៉ង់ភាសាវៀតណាម
  ហង់ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com