ជាតិ
កម្ពុជានាំចេញដំឡូងមីកើនឡើង ខណៈកសិផលសំខាន់៥មុខទៀតធ្លាក់ចុះ
22, Aug 2022 , 8:29 am        
រូបភាព
ការប្រមូលផលដំឡូងមីរបស់កសិករខេត្តព្រះវិហារ។ រូបពី មន្ទីរកសិកម្ម ខេត្តព្រះវិហារ
ការប្រមូលផលដំឡូងមីរបស់កសិករខេត្តព្រះវិហារ។ រូបពី មន្ទីរកសិកម្ម ខេត្តព្រះវិហារ
ភ្នំពេញ៖ រយៈពេល៧ខែឆ្នាំ២០២២នេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករសម្រេចបានជាង ៣,៩លានតោន កើនឡើង៤៧ម៉ឺនតោន ស្មើនឹង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញដំឡូងមី មានសន្ទុះកើនឡើងខ្លាំង ខណៈកសិផលសំខាន់ៗ៥មុខទៀត ត្រូវបានធ្លាក់ចុះ។


យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញដំឡូងមីស្រស់ និងម្សៅដំឡូងមី បានកើនឡើងដល់១០០ភាគរយ។ ជាក់ស្ដែង ដំឡូងមីស្រស់ជាង៨៤ម៉ឺនតោន ត្រូវបាននាំទៅវៀតណាម និងថៃ ឯម្សៅដំឡូងមីជាង៥ម៉ឺនតោន នាំទៅចិន អាម៉េរិក អ៊ីតាលី​ វៀតណាម ណេដឺឡែន កាណាដា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌា។ 
 
កាកសំណល់ដំឡូងមីជាង ៧ពាន់តោន ត្រូវបាននាំចេញទៅចិន និងវៀតណាម កើនឡើង៥៦ភាគរយ។ ចំណិតដំឡូងមីក្រៀមជាង១,៥លានតោន នាំទៅថៃ និងវៀតណាម កើនឡើង២៥ភាគរយ។ 
 
ថ្វីបើ ការនាំចេញដំឡូងមី កើនឡើងក្នុងរយៈពេល៧ខែនេះ ប៉ុន្តែកសិផលសំខាន់៥មុខទៀតរបស់កម្ពុជាត្រូវបានធ្លាក់ចុះបន្តបន្ទាប់។ ជាក់ស្ដែង ការនាំចេញ គ្រាប់ស្វាយចន្ទីឆៅ សម្រេចបានជាង៤៤ម៉ឺនតោន ទៅកាន់ វៀតណាម ថៃ ឥណ្ឌា ចិន ជប៉ុន និងហ្វីលីពីន ថយចុះ៤៨ភាគរយ។ គ្រាប់ចន្ទីកែច្នៃ ចំនួន ៤៣៣តោន នាំទៅថៃ ចិន កោះតៃវ៉ាន់ និងជប៉ុន បានថយចុះ៤៦ភាគរយ ។ 
 
ចេកស្រស់ជាង២៥ម៉ឺនតោន ត្រូវបាននាំទៅចិន វៀតណាម និងជប៉ុន ថយចុះ៧ភាគរយ។ ផ្លែស្វាយស្រស់មានជាង១ម៉ឺនតោន នាំទៅវៀតណាម ថៃ ចិន កូរ៉េ និងហុងកុង បានថយចុះ២៦ភាគរយ។ ដំណាប់ស្វាយជាង១ម៉ឺនតោន នាំទៅចិន ថៃ វៀតណាម និងប្រទេស៧ទៀត បានថយចុះ២ភាគរយ។ 
 
ចំណែក ម្រេចជិត៧ពាន់តោន ត្រូវបាននាំទៅ វៀតណាម អាល្លឺម៉ង និង១៦ប្រទេសផ្សេងទៀត បានថយចុះ ៦៩ភាគរយ។ គ្រាប់ពោត ជាង១៣ម៉ឺនតោន បាននាំទៅវៀតណាម ថៃ កោះតៃវ៉ាន់ ​និងកូរ៉េ ថយចុះ៨ភាគរយ។ 
 
តាមការប៉ាន់ប្រមាណ របស់ក្រសួងកសិកម្ម ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានតម្លៃជាង ១៧៥៥លានដុល្លារ៕ 
 

Tag:
 កសិកម្ម
  ដំឡូងមី
  ស្វាយ
  ចេក
  ម្រេច
  ពោត
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com