ជាតិ
ផលនេសាទជិត២ពាន់តោន ត្រូវបាននាំចេញទៅថៃ និងវៀតណាមក្នុងរយៈពេល៧ខែ 
រូបពី សមាគមវារីវប្បករនៅកម្ពុជា
×![]()
ភ្នំពេញ៖ ផលនេសាទស្រស់ និងកែច្នៃចំនួន ១ ៩៧៤តោន ត្រូវបាននាំចេញទៅទីផ្សារបរទេសក្នុងរយៈពេល៧ខែឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៧ ខែសីហា។
របាយការណ៍ដដែល បញ្ជាក់ថា ចាប់ពីខែមករា ដល់កក្កដា កម្ពុជា សម្រេចនាំចេញជលផលស្រស់ចំនួន១ ៩៣៣តោន ស្មើនឹង២៤ភាគរយ នៃផែនការចំនួន៨ពាន់តោន។ ផលនេសាទកែច្នៃ ត្រូវបាននាំចេញបាន៤១តោន ស្មើនឹង២ភាគរយ នៃផែនការ២ពាន់តោន។
បើតាមលោក ធ័រ សែនសិរីវឌ្ឍ ប្រធាននាយកដ្ឋានផែនការគណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលជលផល បច្ចុប្បន្នមានតែថៃ និងវៀតណាមប៉ុណ្ណោះ ដែលទទួលទិញត្រីស្រស់ និងត្រីកែច្នៃ ជាប្រភេទបង្កកពីកម្ពុជា។ ស្របពេល កម្ពុជា កំពុងជំរុញធ្វើយ៉ាងណានាំចេញត្រីប្រាទៅកាន់ទីផ្សារចិនក្នុងពេលឆាប់ៗផងដែរ។
គួរឱ្យដឹងដែរថា ក្នុងរយៈពេល៧ខែនេះ អាជីវកម្មនេសាទទឹកសាប សមុទ្រ និងវារីវប្បកម្ម សម្រេចបានជាង៤០ម៉ឺនតោន។ ក្នុងនោះ ការកែច្នៃផលនេសាទទឹកសាប សម្រេចបាន២៤៥០០តោន ស្មើនឹង៣០ភាគរយនៃផែនការ៨ម៉ឺនតោត។ ការកែច្នៃផលនេសាទសមុទ្រ សម្រេចបាន៦៨៦០តោន ស្មើនឹង៥៧ភាគរយនៃផែនការ១២០០០តោន។ ចំណែក ការផលិតទឹកត្រី បានជិត៣៦លានលីត្រ ស្មើនឹង៧១ភាគរយនៃផែនការ៥០លានលីត្រ៕
Tag:
កសិកម្ម
ផលនេសាទ
រដ្ឋបាលជលផល
© រក្សាសិទ្ធិដោយ thmeythmey.com