ជាតិ
សង្គមជាតិ
ក្រោយបោកចាន និងជេរក្នុងការផ្សាយផ្ទាល់ លោក សាន្ត ប៊ុនធឿន ត្រូវសម្តេច ហ៊ុន សែន បណ្តេញចេញពីកងអង្គរក្ស
21, Aug 2022 , 3:13 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក San Buntheoun
រូបពីទំព័រហ្វេសប៊ុក San Buntheoun
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាទៅលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានកងអង្គរក្សរបស់សម្តេច ឲ្យបណ្តេញលោក សាន្ត ប៊ុនធឿន ជាអ្នកល្បីឈ្មោះតាមបណ្តាញសង្គម ចេញពីក្របខ័ណ្ឌកងទ័ព ដើម្បីជៀសវាងការយល់ច្រឡំណាមួយ។ សម្តេច បង្ហោះសារដែលជាបញ្ជានេះ លើទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ។



សម្តេចប្រមុខរដ្ឋាភិបាល ចាត់វិធានការលើលោក សាន្ត ប៊ុនធឿន ក្រោយពីសម្តេច បានឃើញឃ្លីបវីដេអូផ្សាយផ្ទាល់មួយរបស់លោកនាពេលថ្មីៗនេះ ដោយក្នុងការផ្សាយផ្ទាល់លើបណ្តាញសង្គមនោះ លោក កំពុងអង្គុយផឹកស្រា ហើយក៏បោកចានកម្ទេចចោល រួមទាំងប្រើពាក្យជេរផងដែរ។ ក្នុងវីដេអូឃ្លីប ដែលសម្តេចយកទៅបង្ហោះលើទំព័រហ្វេសប៊ុកដែរនោះ លោក សាន្ត ប៊ុនធឿន បោកចានកម្ទេចចោល និងប្រើពាក្យជេរ ដោយសារលោកខឹងអ្នកចូលទៅសរសេរខំមិន (Comment)។

ពេលអានសារខំមិនរួច លោក សាន្ត ប៊ុនធឿន ដែលជាចាងហ្វាងកាសែត SBT ក៏ក្រោកឈរ និងទាញចានយកទៅបោកកម្ទេចចោល ជាមួយការស្រែកថា លោក មិនចេះខ្លាចអ្នកណាឡើយ ហើយសួររកមុខអ្នកណា ដែលចង់ខ្លាំងជាមួយលោក។ ពេលបោកចាននោះ ក៏លោក បង្ហាញអារម្មណ៍ខឹងរឿងរកទិញក្តាម-ខ្យងយកទៅក្លែមមិនបានផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី សរសេរលើទំព័រហ្វេសប៊ុកថា ចរិតរបស់លោក សាន្ត ប៊ុនធឿន មិនអាចកែប្រែបានឡើយ។ សម្តេច រៀបរាប់ដូច្នេះថា៖«ដើម្បីជួយដល់សាន្ត ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិងភរិយា បានជួយលុយ ដើម្បីសាន្ត ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន ៥០០ដុល្លារក្នុង១ខែ តាំងពីឆ្នាំ២០១៨មក។ ខ្ញុំ ធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឲ្យស៊ីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះ កែមិនឡើងឡើយ»៕

Tag:
 សាន្ត ប៊ុនធឿន
© រក្សាសិទ្ធិដោយ thmeythmey.com