ជាតិ
ពីនេះ ពីនោះ
គួរប្រយ័ត្នអ្វីខ្លះ មុននឹងទិញដីឡូត៍, ផ្ទះលម្ហែ, ផ្ទះកម្សាន្ត, ផ្ទះសម្បែងទូទៅ…!
22, Aug 2022 , 10:54 am        
រូបភាព
ព្រឹកនេះ សុធីរ និងសំណាង បានមកដល់តៀមកាហ្វេតាំងពីព្រឹកខុសពីធម្មតា។ មកពីព្រឹកព្រលឹម ពីព្រោះ មិនភក្តិម្នាក់ត្រូវប្រញាប់ចេញទៅធ្វើការឲ្យទាន់ម៉ោងចៀសវាងការយឺតយ៉ាវ។នៅថ្ងៃនេះ សុធីរ និងសំណាង បានលើកយកប្រធានបទអចលនទ្រព្យមកជជែកគ្នាម្តងទៀត  ពីព្រោះ ប្រធានបទនេះនៅតែពេញនិយមដដែលក្នុងរយៈពេលចុងក្រោយនេះ។


សុធីរ៖ យ៉ាងម៉េចទៅហើយរឿងដីធ្លីផ្ទះសម្បែងហ្នឹងអ្ហា? មានហាំងឆេងឬទេ? 
 
សំណាង៖ អញដូចជាឃើញតែស្លាកដាក់លក់ ឬជួលប៉ុណ្ណោះ។ ហាំងឆេងដូចជាកំពុងដាំក្បាលចុះដដែលហ្នឹង។ គ្មានអ្នកទិញទេ មានតែអ្នកលក់។ 
 
សុធីរ៖ ចុះអញឃើញគេផ្សាយលក់ដីឡូត៍នៅទីនេះ នៅទីនោះ។ គម្រោងយក្សនៅទីនេះ ឬនៅទីនោះ។ អាហ្នឹងវាយ៉ាងម៉េចទៅវិញ អា សំណាង។ 
 
សំណាង៖ អើ! បើគម្រោងយក្សមានតែទុកលក់ឲ្យយក្ស មនុស្សបែបមិនហ៊ានទិញទេមើលទៅ។ អញនិយាយលេងទេសម្លាញ់។ និយាយមែនទែនទៅ តាមអ្វីដែលអញដឹង គឺថា គម្រោងចេះតែមានហើយ អ្នកទិញខ្លះក៏ចេះតែលោតចូលតាមគេតាមឯងអ៊ីចឹងទៅ។ តែរឿងថា ទិញហើយយកដីឡូត៍នោះ ឬផ្ទះសម្បែងឆ្ងាយៗហ្នឹងទៅធ្វើអ្វីនោះ គឺជារឿងមិនប្រាកដប្រជាទេ។ 
 
សុធីរ៖ អ៊ីចឹង អ្នកទិញទាំងនោះ មិនចេះគិតទេ ឬយ៉ាងដូចម្តេច? 
 
សំណាង៖ អ្នកទិញខ្លះ ទិញ ព្រោះ ម្ចាស់គម្រោងច្រើនប្រកូកប្រកាសថា ទិញដីឡូត៍ ឬផ្ទះនៅតំបន់នេះ ឬតំបន់នោះទៅ តម្លៃនឹងឡើងថ្លៃ ចំណេញប្រាក់ច្រើននាពេលអនាគត។ល។ អ្នកទិញ ចង់មិនចង់ ក៏ចេះតែជឿម្ចាស់គម្រោង តែក្រោយពីទិញហើយ ដីឡូត៍ខ្លះ គ្មានអ្នកសាងសង់ឡើយ ទុកដីចោលរាប់ឆ្នាំក៏មានដែរ។ រីឯ តម្លៃវិញ ក៏គ្មានឡើងប៉ុន្មានឡើយ។ សរុបមក អ្នកលក់ លក់បានលុយ រីឯអ្នកទិញខ្លះ កប់លុយក្នុងដី ក្នុងផ្ទះឡុងចុងទាំងដើមទាំងចុងច្រើនណាស់។ 
 
សុធីរ៖ ចុះអញលឺអ្នកខ្លះជ្រើសទិញផ្ទះកាច់ជ្រុង ឬទីតាំងល្អដើម្បីទុកលក់យកចំណេញ តើពួកគេនៅតែចំណេញដដែលឬមិនចំណេញទៀតទេ? 
 
សំណាង៖ អ្នកប្រើប្រាស់រូបមន្តហ្នឹងកាលពីមុនចំណេញលុយច្រើនមែន តែមួយរយៈចុងក្រោយនេះ ពួកគេគាំងលុយដោះមិនចេញឡើយ ព្រោះអត់មានអ្នកទិញ។ រឿងធំរបស់វា គឺអត់អ្នកទិញ។ 
 
សុធីរ៖ ចុះដីលម្ហែ ឬផ្ទះលម្ហែ ផ្ទះកម្សាន្តនោះយ៉ាងម៉េចទៅវិញហើយ? 
 
សំណាង៖ រឿងនេះ អញបានដឹងថា អ្នកទិញមួយចំនួន ទិញហើយ ក៏ពិបាកលក់ចេញវិញដែរ ព្រោះ ដីទាំងនោះ ភាគច្រើនៅឆ្ងាយពីក្រុង។ ម្ចាស់ដែលទិញហើយ ទៅកម្សាន្តបានមួយម្តង ឬពីរដងក៏ដូចជាលែងសូវចង់ទៅដោយសារតែចម្ងាយផ្លូវ។ លើសពីនេះទៅទៀត ម្ចាស់ផ្ទះ ឬម្ចាស់ដីលម្ហែទាំងនោះ ពិបាករកមនុស្សជួយមើលថែទាំទ្រព្យទាំងនោះផង។ ចំណង់ ឬក្តីស្រមៃចង់បានផ្ទះលម្ហែហ្នឹងបានតែមួយភ្លែតហ្នឹងណា។ 
 
សុធីរ៖ បើស្តាប់អ្ហែងទៅដូចជាទិញដី ឬផ្ទះនៅកន្លែងណាក៏ពិបាកដែរ។ អ៊ីចឹងទិញនៅកន្លែងណាទើបជាការប្រសើរជាង? 
 
សំណាង៖ សុធីរ! បើយើងមានលុយច្រើន យើងអាចទិញកន្លែងណាក៏ត្រូវដែរ គ្រាន់តែយូរ និងឆាប់ ព្រោះ ដីមិនដុះទៀតទេ រីឯមនុស្សចេះតែកើត។ អ្នកមាន អាចទិញផ្ទះលម្ហែ ចម្ការកម្សាន្ត រីហ្ស៊តស្នាក់នៅ។ល។ សម្រាប់អ្នកមាន ទិញអ្វី នៅទីណាក៏មិនចេះខុសដែរ ព្រោះ គេមានលុយច្រើនទៅហើយ។ គេយកលុយសល់មកទិញមិនខុសទេ។ ខុសតែអ្នកអត់លុយ ឬខ្ចីលុយពីធនាគារមកទិញទេតើ! 
 
សុធីរ៖ ចុះបើយើងមិនសូវមានលុយ ឬខ្ចីលុយពីធនាគារ តើត្រូវគិតទិញដូចម្តេចកុំឲ្យខុស? 
 
សំណាង៖ អញមិនអាចឲ្យគំនិតមិនខុសនោះទេ។ តែបើតាមអញគិត គឺថា ប្រសិនបើយើងមិនសូវមានលុយ យើងត្រូវគិតលើបីចំណុច មុននឹងសម្រេចទិញអចលនទ្រព្យណាមួយ។ ទីមួយ៖ តើអចលនទ្រព្យនោះស្ថិតនៅក្បែរសាលារៀន មន្ទីពេទ្យ បណ្តុំផ្សារ បណ្តុំស្ថាប័នរដ្ឋ និងឯកជនច្រើនឬទេ? បើទិញហើយ តើរស់នៅស្រួលឬទេ? ទី២៖ ត្រូវគិតថា បើទិញហើយ តើអចលនទ្រព្យហ្នឹងអាចឡើងថ្លៃបានប៉ុន្មានភាគរយក្នុងរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំខាងមុខ។ ទី៣៖ បើទិញហើយចង់ជួល តើមានអ្នកជួលឬទេ? ចំណុចទាំងបីខាងលើនេះ គួរយកមកគិតឲ្យល្អិតល្អន់។ 
 
សុធីរ៖ អ៊ីចឹងមិនមែនចេះតែលឺគេប្រូហើយយើងនាំគ្នាទៅទិញនោះទេ? 
 
សំណាង៖ ជាការត្រឹមត្រូវ ចូរកុំទិញអចលនទ្រព្យតាមគេប្រូ អ្នកលក់ខ្លះ លក់ដោយគ្មានការទទួលខុសត្រូវសូម្បីតែបន្តិច។ ទិញហើយ អ្នកទិញចង់កាត់ប្លង់រឹងក៏ពិបាកដែរ។ អញសូមបញ្ជាក់ប្រាប់អ្ហែងថា អញនិយាយនេះ មិនមែនជាករណីទូទៅទាំងអស់ទេ។ អ្នកលក់ខ្លះ មានការទទួលខុសត្រូវល្អៗណាស់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com