ជាតិ
វគ្គអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ នឹងជួយអភិវឌ្ឍវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ
22, Aug 2022 , 5:53 pm        
រូបភាព
វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាបត្រូវបានរៀបចំបន្តទៀតដោយក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា៤.០។
 
វគ្គបណ្តុះបណ្ដាលដែលចាប់ផ្តើមពីពេលនេះតទៅត្រូវបានរំពឹងថា នឹងឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់នៃបច្ចេកវិទ្យា និងជាចលករស្ដារកំណើនទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលនេះក៏នឹងចូលរួមអភិវឌ្ឍចំណេះ ជំនាញឌីជីថលសម្រាប់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងមន្ត្រីទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
 
លោក ថោង ខុន ដែលជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ គឺជាអធិបតីនៅក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនាំព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០២២នេះដែលត្រូវបានរៀបចំនៅអគារ The Kampus ដោយមានអ្នកចូលរួមផ្ទាល់ និងតាមរយៈអនឡាញសរុបប្រមាណ៣០០នាក់។
 


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានសរសើរមជ្ឈមណ្ឌលកម្ពុជា ៤.០ និងសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានដើរតួជាប្រតិបត្តិករ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ 
 
លោករដ្ឋមន្ត្រីដដែលបានថ្លែងកត់សម្គាល់ថា ស្របពេលនឹងការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ, ឌីជីថលូបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយវិបត្តិជំងឺកូវីដ-១៩ បានក្លាយជាកាតាលីកររុញដោលឱ្យការប្រើបច្ចេកវិទ្យាជាដំណោះស្រាយ កាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
 
លោក ថោង ខុន មានប្រសាសន៍យ៉ាងដូច្នេះ៖«ការគិតគូរពីអក្ខរកម្មឌីជីថល ពិតជាមានសារសំខាន់ណាស់ ដើម្បីបង្ហាញនូវជំហានថ្មីមួយ ក្នុងការជំរុញការកសាងវិស័យទេសចរណ៍វ័យឆ្លាតនៅកម្ពុជា តាមរយៈការទាញយកសក្ខានុពលពីការប្រើប្រាស់បច្ចេកវិទ្យា បម្រើដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍ជាតិ ស្របតាមតម្រូវការនិងបរិបទជាក់ស្តែង។»។
 
នៅចំពោះមុខសិក្ខាកាមដែលមកពីវិស័យឯកជន អង្គការសមាគម និងមន្ត្រីរាជការពាក់ព័ន្ធ លោក ហ៊ុន ម៉ានី បានថ្លែងថា បរិវត្តកម្មឌីជីថល (Digital transformation) បានក្លាយជាដំណើរអភិវឌ្ឍន៍រួមមួយ សម្រាប់គ្រប់តួអង្គ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ ដែលយើងត្រូវរួមគ្នាធ្វើដំណើរលើផ្លូវមួយនេះ ប្រកបដោយភាពម្ចាស់ការ ដោយបន្តស្វែងយល់, សម្របខ្លួន និងក្តាប់យកកាលានុវត្តភាព ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជាប់ជាប្រចាំ។


 
លោក ហ៊ុន ម៉ានី អះអាងយ៉ាងថា៖«អក្ខរកម្មឌីជីថល” បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋទូទៅ នៅគ្រប់វ័យ ទាំងវ័យចំណាស់, វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។» ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានថ្លែងយ៉ាងនេះ ដោយលោកកត់សម្គាល់ឃើញថា  បច្ចេកវិទ្យា និងអ៊ីនធឺណិតបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នៅគ្រប់កោសិកា គ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានធ្វើឱ្យមានការប្រែប្រួលលើកត្តាផលិតកម្ម, កម្លាំងពលកម្ម, ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ។ 
 
សម្រាប់លោក ហ៊ុន ម៉ានី បច្ចេកវិទ្យាបានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរបបនៃការរស់នៅ ហើយបានក្លាយជាមូលដ្ឋាននៃការទំនាក់ទំនង ការបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។
 
តាមពិត នេះមិនមែនជាលើកដំបូងឡើយដែលវគ្គបណ្ដុះបណ្ដាលប្រភេទនេះត្រូវបានរៀបចំឡើងនោះ។ វគ្គបណ្តុះបណ្ដាលប្រភេទនេះ ទាំងវគ្គរយៈពេលវែង និងរយៈពេលខ្លី ត្រូវបានរៀបចំរួចខ្លះៗហើយតាំងពីឆ្នាំមុន។ ក្នុងកម្មវិធីនៃការបើកវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងសៀមរាប នាថ្ងៃនេះ ក៏មានការចែកវិញ្ញាបនបត្រដល់សិក្ខាកាមជាង៦០នាក់ ដែលបានបញ្ចប់វគ្គសិក្សារួចហើយដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com