ជាតិ
សង្គមជាតិ
បញ្ហាប្រឈមក្រោយកូវីដ, តើកម្ពុជាខ្វះភ្ញៀវទេសចរ ឬខ្វះអ្នកបម្រើសេវាទេសចរណ៍?
22, Aug 2022 , 9:59 pm        
រូបភាព
ទេសចរអន្តរជាតិ មកទស្សនាប្រាសាទបន្ទាយស្រី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២។ រូបថត៖ សែម វណ្ណា
ទេសចរអន្តរជាតិ មកទស្សនាប្រាសាទបន្ទាយស្រី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២។ រូបថត៖ សែម វណ្ណា
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមុនវត្តមានមេរោគកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជាដើរតួនាទីយ៉ាង​សំខាន់សម្រាប់​កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ១០ឆ្នាំចុងក្រោយ ពោល គឺមុនសម័យកូវីដ​២០២០-២០២១ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច​ក្នុងរង្វង់​៧ភាគរយស្ថិរ។ ក្នុងឆ្នាំ​២០១៩ ប្រទេស​កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​៦លាន​៦សែននាក់ក្នុងនោះភ្ញៀវបរទេស​ ២លាន ២សែន​នាក់បានចូលទស្សនារមណីយដ្ឋានអង្គរ​។ រីឯ ៨ខែដើមឆ្នាំ​២០២២នេះ កម្ពុជាទទួល​បានភ្ញៀវ​ទេស​ចរអន្តរជាតិ​ចូលទស្សនារមណីយដ្ឋានអង្គរជាតិ​១០ម៉ឺននាក់។ តើនៅពេលណា​ទើបកម្ពុជា​អាច​ទទួល​បានភ្ញៀវទេសចរបទេសក្នុងចំនួនដូច​ឆ្នាំ​២០១៩ឡើងវិញ? បញ្ហាប្រឈមក្រោយកូវីដ តើកម្ពុជាខ្វះ​ភ្ញៀវ​ទេសចរ ឬខ្វះសេវាទេសចរណ៍ប្រកបដោយគុណភាព?

 
គ្រប់គ្នាបានដឹងច្បាស់ហើយថា វិស័យទេសចរណ៍ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបាន​ខ្ទេចខ្ទាំ​ដោយសារការរីក​រាលដាលនៃមេរោគកូវីដក្នុងរយៈពេល២ឆ្នាំ​ជាប់គ្នា២០២០-២០២១ ហើយបច្ច័យ​នៃ​មេរោគនេះអាចគំរាមកំហែងវិស័យទេសចរណ៍កម្ពុជា​ពី២ ទៅ៣ ឬ៥ឆ្នាំខាងមុខទៀត។ ខេត្តសៀមរាប​ដែលពឹងផ្អែកតែមួយគត់លើវិស័យទេសចរណ៍ ហើយទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងជាគេនោះ ក៏ចាប់​ផ្តើមទទួលភ្ញៀវជាតិ និងអន្តរជាតិឡើងវិញខ្លះៗដែរ​។ រហូតមក​ដល់​ពេលនេះ ចរន្តសេដ្ឋកិច្ច​ជាទូទៅ​នៅទូទាំងប្រទេសហាក់បីដូចជាចាប់ផ្តើមដំណើរការឡើងវិញហើយ ទោះបីជា​មេ​រោគមិនទាន់​ឃ្លាត​ឆ្ងាយ​ក៏​ដោយក្តី។ 
 
ត្រូវរៀន​រស់ជាមួយមេរោគកូវីដ។ នេះ គឺជាគំនិតរួមរបស់​ពិភពលោកដែលត្រូវតែកែលម្អវិស័យ​សេដ្ឋ​កិច្ច​ឡើង​វិញ ទោះបីវិបត្តិសុខភាពនៅបន្តយាយីក៏ដោយ។ សូមងាកមកមើលវិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស ខេត្តសៀមរាប ដែលជាខេត្តទិសដៅទេសចរណ៍លេខមួយរបស់ព្រះរាជាណាចក្រ។ ក្តីបារម្ភ​​រឿងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានចំនួនច្រើន ជារឿងមួយ តែរឿង​មួយ​ទៀតដែល​អ្នកជំនាញក្នុងវិស័យទេសចរណ៍កំពុងព្រួយបារម្ភខ្លាំងនោះ គឺកង្វះខាតធនធានមនុស្ស​ប្រកបដោយគុណភាព​ក្នុងវិស័យ​ទេសចរណ៍ក្រោយសម័យកាលកូវីដ។ 
 
ក្នុងឆ្នាំ​២០១៩ ប្រទេស​កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​៦លាន​៦សែននាក់ក្នុងនោះភ្ញៀវបរទេស​ ២លាន២សែន​នាក់បានចូលទស្សនារមណីយដ្ឋានអង្គរ​។ ក្នុងឆ្នាំ​២០១៩ដដែល ចំណូលពីវិស័យទេស​ចរណ៍មានចំនួន​ជិត៥ពាន់លានដុល្លារអាមេរិក។ រីឯ ៨ខែដើមឆ្នាំ​២០២២នេះ កម្ពុជាទទួល​បានភ្ញៀវ​ទេស​ចរអន្តរជាតិ​ចូលទស្សនារមណីយដ្ឋានអង្គរជាតិ​១០ម៉ឺននាក់។ នេះ គឺជាតួលេខមុន និង​ក្រោយ​បរិបទកូវីដ-១៩។ 
 
ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ក្រោយបរិបទកូវីដនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំកែលម្អរ​ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅ​ក្នុងខេត្តសៀម​រាប​​ក្នុងន័យធ្វើយ៉ាងណា​ឲ្យខេត្តប្រាសាទមួយនេះ អាចទទួលភ្ញៀវជាតិ និងអន្តរជាតិ​ដោយ​គ្មានបញ្ហា។ សណ្ឋាគារ ផ្ទះសំណាក់ រីហ្ស៊ត (Resort) និងទី​កន្លែង​កម្សាន្តជាច្រើនកំពុង​រង់ចាំការវិល​ត្រឡប់​មកវិញរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ស្រប ពេល​ជាមួយគ្នា រដ្ឋាភិបាល បាន និង​​កំពុងត្រៀម​បង្កើត​ផលិតផលទេស​ចរណ៍ថ្មីៗ​នៅក្នុង​ខេត្ត​សៀមរាប ដូចជា ​ផលិតផលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ សាសនា និងជំនឿ, ផលិតផល​ទេសចរណ៍បៃតង, ផលិត​ផលទេសចរណ៍ជនបទ, កសិ-ទេសចរណ៍, ផលិតផលទេសចរណ៍កីឡា, ផលិតផល​ទេសចរណ៍​វ័យចំណាស់, ទេសចរណ៍សុខភាព និង​ទេសចរណ៍ផ្ទះទីពីរ។ល។ 
 
ប្រទេសកម្ពុជា និយាយជារួម និងខេត្តសៀមរាប និយាយដោយឡែក បានត្រៀមរៀបចំ​រួចរាល់​ទាំងផលិតផលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទទួលភ្ញៀវជាតិ និងជាពិសេស ភ្ញៀវ​អន្តរជាតិ​រួចរាល់ហើយ។ ប៉ុន្តែ ដើម្បីស្តារស្ថាន​ភាពទេស​ចរណ៍ឲ្យដូចមុន​ជំនាន់កូវីដ តើកម្ពុជាត្រូវ​ការពេល​វេលាប៉ុន្មានឆ្នាំទៀត? 
 
បើនិយាយពីការវិលត្រឡប់​របស់ភ្ញៀវជាតិ និងអន្តរជាតិ មកកាន់កម្ពុជា និងខេត្តសៀមរាប គេសង្កេត​ឃើញថា ចំនួនភ្ញៀវ​បានចាប់ផ្តើមកើនឡើង​បន្តិច​ម្តងៗរួច​ហើយ។ តែដើម្បីបង្កើនចំនួន​ភ្ញៀវ​ ជាពិសេស ភ្ញៀវអន្តរជាតិឲ្យ​បានចំនួនដូចកាល​ពីមុនជំនាន់កូវីដ ប្រហែលជាប្រទេស​កម្ពុជាត្រូវ​ការពេល​​វេលា​ច្រើន​ថែមទៀត។ មូលហេតុ គឺដោយ​សារចំហាយ​មេរោគកូវីដនៅបន្តវាយ​ប្រហារ​ប្រទេស​​នីមួយៗ​នៅ​លើពិភព​លោក​ដដែល។ គ្រួសារនីមួយៗ បើមិនមានករណីចាំបាច់ទេ ប្រហែលជា​ពួកគេសុខ​ចិត្តធ្វើ​ដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​គេរៀងៗខ្លួន ឬបើមិនចាំបាច់ ពួកគេសុខចិត្តសន្សំ​ប្រាក់របស់​គេដោយ​រង់ចាំ​មើលស្ថានការណ៍​នាពេល​ខាងមុខបន្តិចសិន។ 
 
កូវីដ មិនទាន់អស់ចំហាយផង ស្រាប់តែ​សង្រ្គាមអ៊ុយក្រែ​ន និងរុស្ស៊ីបាន​កើតឡើង។ សង្រ្គាមនេះ ក៏បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចគ្រួសារនីមួយ​ៗផង​ដែរ។ រឿងរ៉ាវធំៗទាំងពីរ​ខាងលើនេះ ពិតជាកំពុង​ទាញឲ្យវិស័យទេសចរណ៍ងើបឡើង​វិញក្នុងដំណើរ​​យឺតយ៉ាវ​បំផុត។ ចំពោះ​កម្ពុជាវិញ ដើម្បីស្តារស្ថានភាពទេសចរណ៍ឲ្យដូចមុនឆ្នាំ​២០២០ កម្ពុជា​ប្រហែល​​​ជា​ត្រូវការរយៈពេល​មិនតិចជាងពី​៣ទៅ​៥ឆ្នាំទៀតឡើយ។ 
 
ក្នុងរយៈពេលនេះ កម្ពុជាមិនត្រូវ​អោបដៃនៅស្ងៀមឡើយ ពោល គឺកម្ពុជាត្រូវផលិត​ផលិតផល​ទេសចរណ៍ថ្មីបន្ថែមទៀត, ត្រូវផ្សព្វ​ផ្សាយជំរុញទីផ្សារទៅក្រៅ​ប្រទេសឲ្យ​បានច្រើន​បន្ថែមទៀត, ត្រូវ​បង្កើតជើងហោះហើរផ្ទាល់​ឲ្យមកកាន់​កម្ពុជាកាន់តែច្រើន, បង្កើតកញ្ចប់​ទេសចរណ៍​ពិសេសៗទាក់​ទាញ​ឲ្យបានកាន់តែច្រើន។ល។ 
 
ចុះបើចំនួនភ្ញៀវជាតិ និងអន្តរជាតិចេះតែបន្តកើនឡើងបន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ តើកម្ពុជា ជាពិសេស ខេត្តសៀមរាប អាចខ្វះធនធានមនុស្សមាន​គុណភាពដើម្បី​បម្រើការក្នុង​វិស័យ​ទេសចរណ៍​ដែ​រ​ឬទេ? នេះ គឺជា​សំណួរ​ដែលអ្នកជំនាញក្នុងវិស័យនេះកំពុងតែបង្ហាញក្តីព្រួយបារម្ភ។ អ្នកជំនាញ​វិស័យ​ទេសចរណ៍មួយ​ចំនួនបានលើកឡើងថា ការទាក់ទាញការវិលត្រឡប់មកវិ​នៃភ្ញៀវ​ជាតិ និងអន្តរ​ជាតិ គឺជាការ​លំបាកមួយ តែបញ្ហាប្រឈមមួយទៀតដែលខេត្តសៀមរាបកំពុងប្រឈមនោះ គឺកង្វះ​ខាត​ធនធាន​មនុស្សគុណភាពក្នុង​វិស័យទេសចរណ៍នេះឯង ព្រោះ ពួកគេមួយចំនួនបាន​បោះបង់​អាជីពក្នុង​វិស័យ​នេះរួចទៅ​ហើយដោយសារមេរោគកូវីដ។ 
 
អ្នកបម្រើការក្នុងវិស័យទេសចរណ៍ក្នុងចំនួនមួយណានោះ បាន​ចាក​ចេញ​ពីវិស័យ​ទេសចរណ៍ រួចទៅ​ធ្វើការងារនៅក្នុងវិស័យផ្សេងៗក្នុងអំឡុងពេលកូវីដ​។ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍មួយ​ចំនួន​កំពុងប្រឈមនឹងរកកម្លាំងពលកម្មក្នុងវិស័យនេះ។ 
 
ដូច្នេះ នៅពេលនេះ សំណួរដែលកំពុងចោទសួរគឺថា តើខេត្តសៀមរាប​មាន​ចំនួនមគ្គុទេសក៏​គ្រប់​ចំនួន​ឬទេ? តើ​ចំនួន​ចុងភៅ​គ្រប់ចំនួនឬទេ? តើចំនួនអ្នកទទួលបដិសណ្ឋាកិច្ចគ្រប់ចំនួនឬទេ? តើអ្នក​ពាក់​​ព័ន្ធ​ដទៃទៀត​ក្នុង​វិស័យ​ទេសចរណ៍​មាន​គ្រប់ចំនួនឬទេប្រសិនបើទេសចរត្រឡប់​មកវិញ​ដូចដើម? 
សរុបសេចក្តីមកវិញ សម្រាប់ស្ថានភាពនា​ពេលខាងមុខនេះ ជាពិសេសរយៈខ្លី កម្ពុជាពិតជា​ប្រឈម​នឹងកង្វះភ្ញៀវជាតិ និងអន្តរជាតិមែន ប៉ុន្តែស្របពេលជាមួយគ្នា  ព្រះរាជាណាចក្រកម្ពុជា​​ក៏ប្រឈម​នឹងខ្វះ​ធនធាន​មនុស្សមាន​គុណភាពដើម្បី​​បម្រើការ​នៅក្នុងសេវាទេសចរណ៍ផងដែរ​។ នេះ គឺជាអ្វីដែល​អ្នកពាក់​ព័ន្ធ​ត្រូវយកចិត្ត​ទុកដាក់ក្រោយបរិបទកូវីដ-១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com