ក្នុងជំនួបជាមួយលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នាពេលកន្លងទៅថ្មីៗនេះ សមាជិកព្រឹទ្ធសភាលេចធ្លោម្នាក់របស់អាម៉េរិក គឺអេដវ័ដ ម៉ាគី (Edward J. Markey)
បានលើកតម្លើងលោក កឹម សុខា យ៉ាងខ្លាំង រហូតដល់ប្រៀបប្រដូចលោក កឹម សុខា ទៅនឹងលោក មហាត្មះ គន្ធី របស់ឥណ្ឌា។ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា បានស្រង់សម្តីរបស់លោក អេដវ័ដ ម៉ាគី ទៅបង្ហោះលើគណនីហ្វេសប៊ុក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
លោក មុត ចន្ថា ដែលមានវត្តមានក្នុងជំនួបរវាងលោក កឹម សុខា និងលោក អេដវ័ដ ម៉ាគី ដែរនោះ បានសរសេរដូច្នេះថា៖«ព្រឹទ្ធសមាជិក លោក អេតវ័ដ ម៉ាគី បានថ្លែងទៅកាន់ឯកឧត្តម កឹម សុខា ថា ថ្ងៃនេះ យើង មានកិត្តិយសបានជួបមហាត្មះ គន្ធី នៃកម្ពុជា កឹម សុខា ដែលកំពុងតស៊ូដោយអហិង្សាក្នុងស្មារតីអត់ធ្មត់ខ្ពស់ និងមិនរាថយ ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៃកម្ពុជា»។
រាប់តែ៤នាក់៖ លោក មុត ចន្ថា ឈរនៅខាងស្តាំដៃគេបង្អស់, លោក កឹម សុខា នៅកណ្តាល, លោក អេដវ័ដ ម៉ាគី ចាប់ដៃជាមួយលោក កឹម សុខា, លោក អាឡាំង ឡូវិនតាល់ ឈរនៅឆ្វេងដៃលោក កឹម សុខា នាជំនួបកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុក Edward Markey
លោក មុត ចន្ថា បដិសេធនឹងសារព័ត៌មានថ្មីៗ មិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមឡើយ ជុំវិញការលើកតម្កើងលោក កឹម សុខា ជាមហាត្មះ គន្លី ពីសំណាក់សមាជិកព្រឹទ្ធសភាអាម៉េរិក ដោយលោក អះអះអាងថា លោក បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករួចហើយ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក អេដវ័ដ ម៉ាគី ក្រៅពីជួបសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាកម្ពុជារួចហើយ លោក ក៏បានដឹកនាំគណៈប្រតិភូ ទៅជួបលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ លោក សរសេរលើទំព័រហ្វេសប៊ុកថា៖«៖ទោះជារងការចោទប្រកាន់អស់រយៈពេល៥ឆ្នាំហើយក្តី តែមេដឹកនាំប្រឆាំងកម្ពុជា លោក កឹម សុខា នៅតែបន្តនិយាយគាំទ្រសិទ្ធិសេរីភាព។ រាល់ការចោទប្រកាន់លើគាត់ គួរតែត្រូវបានទម្លាក់ចោលឆាប់ៗ ហើយគាត់ និងគណបក្សសង្គ្រោះជាតិ គួរតែមានសេរីភាពឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត»។
រីឯលោក កឹម សុខា សរសេទំព័រហ្វេសប៊ុកថា៖«ក្នុងជំនួបនេះ គណ:ប្រតិភូសមាជិកសភាទាំង៥រូប បានសម្តែងនូវការកោតសរសើរចំពោះការលះបង់របស់ខ្ញុំ ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលតែងតែមានការអត់ធ្មត់ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា»។
ក្នុងចំណោមសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាអាម៉េរិក ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបលោក កឹម សុខា ក៏មានលោក អាឡាំង ឡូវិនតាល់ (Alan Lowenthal) សមាជិករដ្ឋសភាផងដែរ។ ទាំងលោក អេដវ័ដ ម៉ាគី និងលោក អាឡាំង ឡូវិនតាល់ សុទ្ធតែធ្លាប់តាក់តែងច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា។
គួរដឹងថា លោក មហាត្មះ គន្ធី គឺជាវីរបុរសរបស់ឥណ្ឌា ដែលបានដឹកនាំការតស៊ូដោយអហិង្សា ក្នុងការទាមទារឯករាជ្យពីចក្រភពអង់គ្លេស កាលពីអំឡុងសតវត្សរ៍ទី២០។ មិនត្រឹមតែប្រជាជនឥណ្ឌាឡើយ សូម្បីលើពិភពលោក ក៏គេ ទទួលស្គាល់គាត់ ថាជាវីរបុរស ទស្សនវិទូ និងជាអ្នកតស៊ូអហិង្សាដ៏អស្ចារ្យ។
ចំពោះលោក កឹម សុខា វិញ ពាក្យគន្លឹះ ដែលលោកតែងនិយាយ ហើយគេតែងឮ គឺ «ធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរ តាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ» «តស៊ូដោយអហិង្សា» «មិនគុំកួន មិនសងសឹក មិនយកខ្មែរណាធ្វើជាសត្រូវ» ជាដើម៕