ជាតិ
សង្គមជាតិ
ល្បែងភ្នាល់រីកដូចផ្សិត នៅតាមភូមិ ឃុំ !
23, Aug 2022 , 8:59 pm        
រូបភាព
ប្រភេទឆ្នោតឡូតូអន​ឡាញ​(Keno Online)​ ដែលអគ្គស្នងការនគរបាលជាតិបានសម្រេចបិទអាជីវកម្ម។ រូបពី អគ្គស្នងការនគរបាលជាតិ
ប្រភេទឆ្នោតឡូតូអន​ឡាញ​(Keno Online)​ ដែលអគ្គស្នងការនគរបាលជាតិបានសម្រេចបិទអាជីវកម្ម។ រូបពី អគ្គស្នងការនគរបាលជាតិ
ភ្នំពេញ៖ ល្បែងភ្នាល់កំពុង​រីកដូចផ្សិត នៅតាមហាងបាយ និងកាហ្វេ ក្នុងភូមិ ឃុំ-សង្កាត់ នានា។ ករណីនេះ សមត្ថកិច្ច លើកឡើងថា គ្មានសិទ្ធិអន្តរាគមន៍ឡើយ ព្រោះក្រុមហ៊ុនទាំងនោះ បើកស្របច្បាប់។

 
ដើម្បីសុខសុវត្ថិភាពដល់ពលរដ្ឋគ្រប់កន្លែង គ្រប់ពេលវេលា  រដ្ឋាភិបាលសម្រេចចេញគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ហើយក្នុងនោះកំណត់ថា ភូមិឃុំ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែល្បែងភ្នាល់តាមអនឡាញ កំពុងពង្រីកខ្លួនយ៉ាងខ្លាំង នៅតាមហាងបាយ និងហាងកាហ្វេ ក្រោមហេតុផលថា មានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់។ ដូច្នេះ តើអាជ្ញាធរពាក់ព័ន្ធ គួរតែបណ្ដោយឲ្យមានល្បែងស៊ីសងទាំងនេះ នៅតាមមូលដ្ឋាន ដែលផ្ទុយពីគោលនយោបាយដែរទេ? 
 
ល្បែងភ្នាល់តាមអនឡាញ បើកយ៉ាងគគ្រឹកគគ្រេង ខណៈសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការ!
 
ឆ្នោតឡូតូ , ភ្នាល់ឆ្នាំ ឬយូគី និងជល់មាន់ តាមអនឡាញជាដើម កំពុងបើកយ៉ាងគគ្រឹកគគ្រេងនៅតាមហាងបាយ ហាងកាហ្វេ និងតាមសំយ៉ាបផ្ទះនានា តាមមូលដ្ឋាន។ នេះមិនទាន់បញ្ចូលទាំងការលបលួចលេងល្បែងស៊ីសង់ ដូចជា បៀ ខ្លាឃ្លោកផ្សេងទៀតផង។ 
 
និយាយមួយអន្លើពីល្បែងភ្នាល់តាមអនឡាញនេះវិញ គេសង្កេតនៅក្នុងហាងកាហ្វេ និងហាងបាយមួយចំនួន មានដាក់ព្យួរទូរស្សន៍នៅជ្រុងម្ខាងក្នុងហាង ហើយក្បែរនោះ មានតុមួយ រួមជាមួយកុំព្យូទ័រមួយគ្រឿង។ វាជាល្បែងមួយប្រភេទ ដែលពលរដ្ឋមួយចំនួនហៅថា «ល្បែង ឬឆ្នោតឡូតូ»។ ឆ្នោតឡូតូនេះ ទូទាត់និងសងលុយភ្លាមៗ ក្រោយចេញលទ្ធផលប្រមាណ៣នាទីម្ដង។ 
 
សម្រាប់អ្នកមានបំណងចាក់ឆ្នោតឡូតូនេះ មានជម្រើសច្រើនយ៉ាង ដោយពួកគេអាចចាក់ដោយផ្ទាល់នៅតាមហាងកាហ្វេ និងហាងបាយ ដែលជាកន្លែងសាមញ្ញសម្រាប់មនុស្សទូទៅក៏បាន ឬអាចចាក់តាមអនឡាញ ដែលទូទាត់ ឬវេរលុយតាមទូរសព្ទដៃក៏បាន។ តាមរយៈការសង្កេតនោះ គឺឆ្នោតនេះ មានការភ្នាល់ពីររបៀប គឺអាចចាក់ពីលេខ ១ដល់លេខ៥ និងមួយរបៀបទៀត ចាក់តូច ឬធំ ដែលសងទៅទំហំទឹកប្រាក់កំណត់ផ្សេងៗគ្នា។ 
 
បុរសវ័យប្រមាណ៥០ឆ្នាំម្នាក់ អង្គុយពុំនឹងឡើយ ដោយក្នុងចិត្តទំនងជ្រួលច្រាល ព្រោះរង់ចាំលទ្ធផលចេញពីល្បែងឡូតូ ដែលប្រើពេល៣នាទីម្ដង។ ដើរចុះឡើង ម្ដងឈរ ម្ដងអង្គុយ ក្នុងហាងបាយមួយកន្លែងក្នុងខណ្ឌចំការមន បុរសវ័យចំណាស់ខាងលើ ប្រើលុយសុទ្ធចាក់ស៊ីសងផ្ទាល់ជាមួយ ស្ត្រីពីរនាក់​ដែលជាបុគ្គលនៃក្រុមហ៊ុនឆ្នោតឡូតូនោះ។ ឈរព័ទ្ធដៃទៅក្រោយ ដោយដៃម្ខាងកាន់លុយជាប់ ហើយងើយមើលលទ្ធផលឆ្នោត ចម្ងាយពីកញ្ចក់ទូរទស្សន៍ប្រមាណ១ម៉ែត្រប៉ុណ្ណោះ បុរសចំណាស់នេះ បានចាក់ឆ្នោតគ្រប់ជុំ ដែលក្នុងមួយជុំៗ ចាក់អស់ប្រមាណពី១ម៉ឺន ទៅ២ម៉ឺនរៀល។ 
 
ចន្លោះម៉ោង១៖៣០នាទី ដល់ម៉ោង២រសៀល ហាងបាយពុំសូវមានមនុស្សម្នាឡើយ ខណៈបុរសពាក់អាវពណ៌ប្រផេះខាងលើ ចាក់ឆ្នោតឡូតូអស់ប្រមាណ១០ជុំទៅហើយ។ តាមរយៈការអង្កេតនោះ បុរសរូបនេះ ចាញ់ឆ្នោតច្រើនជាងឈ្នះ។ បុរសមាឌស្គមសម្បុរខ្មៅ​នេះ ហាក់ត្រេកត្រអាលនឹងការចាក់ឆ្នោតនេះណាស់។
 
នៅឯតុខាងមុខកញ្ចក់ទូរទស្សន៍ដែលព្យួរឆ្នោតឡូតូ ក្នុងហាងបាយដដែលនេះ ក៏មានយុវជនអង្គុយជុំគ្នា២នាក់ទៀត ក៏ជាអ្នកភ្នាល់ល្បែងឡូតូដែរ ។ ប៉ុន្តែពួកគេអង្គុយជាប់នឹងតុ ដោយចាក់ស៊ីសងលុយតាមប្រព័ន្ធអនឡាញក្នុងទូរស័ព្ទដៃហើយ ទើបងើយមើលលទ្ធផលលើកញ្ចក់ទូរទស្សន៍ម្ដង ។ រំលងហាងបាយនេះ ប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវ៤៧៤ ក៏មានសភាពដូចគ្នាដែរ។ ក្នុងហាងកាហ្វេនោះ ព្យួរទូរទស្សន៍ ដែលមានបុគ្គលិកជាស្ត្រី អង្គុយអមជាមួយនឹងកុំព្យូទ័រមួយគ្រឿង រួមទាំងអ្នកចាក់ប្រមាណ៥នាក់។ 
 
កាលពីអំឡុងចុងឆ្នាំ២០២០ ប្រភេទឆ្នោតឡូតូ ឬល្បែងភ្នាល់អនឡាញនេះ ត្រូវបានលោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ សម្រេច​បិទក្រោយពី​មានការ​រិះគន់ពី​មហាជន​។ គ្រានោះ លោក នេ​ត សាវឿន និង​ក្រុម​ប្រតិបត្តិការ​នៃ​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការលែង​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ បាន​ចុះ​ពិ​និត្យដល់ទីស្នាក់ការ​របស់​ក្រុមហ៊ុនឆ្នោតឡូតូ ​Keno Online មួយកន្លែង ហើយ​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចុះបង្ក្រាប និង​បិទ​ល្បែងភ្នាល់​ប្រភេទខាងលើនេះ​។ 
 


ប្រភេទឆ្នោតឡូតូអន​ឡាញ​(Keno Online)​ ដែលអគ្គស្នងការនគរបាលជាតិបានសម្រេចបិទអាជីវកម្ម។ រូបពី អគ្គស្នងការនគរបាលជាតិ
 
ជុំវិញបញ្ហានេះ សង្គមស៊ីវិលយល់ថា មន្ត្រីតាមមូលដ្ឋានគួរចុះអង្កេតនិងកំណត់តំបន់អាជីវកម្មឆ្នោតទាំងនោះ និងគួរមានចំណាត់ការណាមួយសមស្រប ដើម្បីទប់ស្កាត់កុំឱ្យរីកសាយភាយទ្រង់ទ្រាយធំដូច្នេះ។  ​
 
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង បានិយាយថា អាជ្ញាធរគួររឹតបន្តឹងលើករណីល្បែងទាំងនោះ បើទោះជាមានអាជ្ញាប័ណ្ណ ឬគ្មានក៏ដោយ ព្រោះកុំឱ្យមានភាពអាណាធិបតេយ្យក្នុងសង្គម។ 
 
លោក ហេង គីមហុង ដែលជាអ្នកឈឺឆ្អាលបញ្ហាសង្គម បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «ទោះបីឆ្នោតឡូតូ  មានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ រដ្ឋាភិបាលគួរពិចារណាឡើងវិញ គឺលុបបំបាត់ល្បែងតាមមូលដ្ឋាន។ ព្រោះគ្មានផលចំណេញ នាំមកតែផលអវិជ្ជមានដល់សង្គមប៉ុណ្ណោះ»។ 
 

 លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា។ រូបពីទំព័រហ្វេសប៊ុករបស់លោក គីមហុង
 
ទាក់ទិននឹងការបើកឆ្នោតឡូតូយ៉ាងគគ្រឹកគគ្រេងនេះ លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបរាប់ថា កាលពីមុន ល្បែងស៊ីសងពុំមានច្បាប់គ្រប់គ្រងឡើយ ពិសេសឆ្នោតផ្សងសំណាងនេះ។ ហេតុនេះ ទើបនៅឆ្នាំ២០២០ រដ្ឋាភិបាលបានបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីគ្រប់គ្រង និងកៀរគរប្រមូលថវិកាជាតិ។ បើតាមលោក ភីរុណ ល្បែងផ្សងសំណាងនេះ ទើបតែមានសកម្មភាពផុសផុលរីកដុះដាលនេះ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ថមថយប៉ុណ្ណោះ។ 
 
ក្នុងឆ្នាំ២០២២នេះ​ ក្រសួងបានបន្តអាជ្ញាប័ណ្ណប្រភេទឆ្នោតឡូតូ ឱ្យក្រុមហ៊ុនប្រមាណ១០ទៀត។ លោក ភីរុណ បន្ថែម។ 
 

 លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ រូបពី ក្រសួងយុត្តិធម៌
 
ការបន្តឱ្យឆ្នោតឡូតូ ឬល្បែងភ្នាល់គ្រប់ប្រភេទ បើកស្អេកស្កះដូចផ្សិតនេះ គឺជារូបភាពមួយជំរុញឱ្យពលរដ្ឋលេងល្បែង។ នេះជាការលើកឡើងរបស់លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ដែលបន្ថែមថា ក្រសួងចេញអាជ្ញាប័ណ្ណអាជីវកម្ម ល្បែងស៊ីសងឆ្នោតឡូតូ និងល្បែងផ្សេងៗនេះ ហាក់ផ្ទុយនឹងគោលការណ៍ភូមិ ឃុំ សុវត្ថិភាព។ 
 
«ជាគំនិតខ្ញុំ ករណីល្បែងឆ្នោតឡូតូតាមមូលដ្ឋាននេះ វាផ្ទុយនឹងគោលការណ៍ភូមិ ឃុំ សុវត្ថភាពដែលលុបបំបាត់ល្បែងគ្រប់ប្រភេទ ហើយឆ្នោតហ្នឹងវាចេញមួយខែម្ដង ពុំសូវចោទជាបញ្ហាទេ។ តែនេះ ខ្ញុំសង្កេតឃើញចេញរាល់ថ្ងៃ ហើយខ្លះពីរទៅបីនាទីចេញលទ្ធផលម្ដង វាញ៉ាំងឲ្យមានពលរដ្ឋចាក់គ្រប់ពេលដែរ។ ដូច្នេះ វាជារឿងគ្រោះថ្នាក់ធំណាស់»។ នេះបើតាមលោក គឹមអេង។ 
 

លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព។ រូបពីហ្វេសប៊ុករបស់លោក គឹមអេង 
 
បើតាមលោក គឹមអេង បើល្បែងស៊ីសងរីកដូចផ្សិតនេះ វានឹងអាចជាគ្រោះថ្នាក់ធំដ៏សង្គម ដោយសារតែអ្នកលេងល្បែងងប់ងល់ ត្រូវបង្ខំចិត្តកៀរគរប្រមូលប្រាក់ ដើម្បីលេងល្បែង ដោយមិនបានគិតវែងឆ្ងាយពីសេដ្ឋកិច្ចគ្រួសារ ហើយអាចជាដើមចមមួយ ឈានទៅប្រព្រឹត្តអំពើហិង្សាក្នុងរង្វង់គ្រួសារ។ លើសពីនេះ អ្នកងប់ងល់នឹងល្បែងខ្លាំង ក៏អាចឈានដល់ការលួច ឆក់ ប្លន់ ផងដែរ។ មន្រី្តសង្គមស៊ីវិលរូបនេះ ស្នើទៅក្រសួងបែបនេះ៖ «ក្រសួងគួរគិតឡើងវិញ ថាតើ ភូមិ ឃុំមានសុវត្ថិភាព និងឆ្នោតអាណាធិបតេយ្យតាមមូលដ្ឋាន មួយណាសំខាន់ជាង ខណៈសង្គមបច្ចុប្បន្នឃើញព័ត៌មានចោរឆក់ហូរហែ។ នេះជារឿងមួយ ដែលរដ្ឋត្រូវគិតឡើងវិញ»។ 
 
កាលពីឆ្នាំ២០០៩ សម្ដេច ហ៊ុន សែន ក៏ធ្លាប់ចេញបញ្ជាឱ្យបិទ Cambosix ដែលជាកន្លែងល្បែងភ្នាល់បាល់ និងឆ្នោតឡូតូដ៏ធំមួយនៅកម្ពុជា គ្រប់សាខាទាំងអស់ ក្រោយរងការរិះគន់លើប៉ះពាល់សន្តិសុខសង្គម និងមានករណីលួច ឆក់ ប្លន់ច្រើន ដែលកើតចេញពីក្រុមចាញ់ល្បែងស៊ីសង។
 
ល្បែងតាមមូលដ្ឋាន ផ្ទុយនឹងគោលនយោបាល ភូមិ ឃុំ សុវត្ថិភាពទេ? មន្ត្រីចោទដាក់គ្នា! 
 
ឆ្នោតឡូតូអនឡាញ មានច្រើនប្រភេទ ដូចជា ឆ្នោតឡូតូ៨៨៨៨ ខ្មែរឡូតូ សៀងហែងឡូតូ និង ឆ្នោត​ឡូតូ​អន​ឡាញ​Keno Online​ ។ ក្រៅពីនេះ ក៏មានភ្នាល់ឆ្នាំ ឬយូគី និងជល់មាន់ជាដើម។ កន្លងមកភាគីក្រុមហ៊ុនទាំងនេះ ផ្សាយថា មានអាជ្ញាប័ណ្ណចេញពីក្រសួង និងបើកដោយស្របច្បាប់។ 
 
ទោះជាស្របច្បាប់មែន។ តើល្បែង ដែលបើកយ៉ាងគគ្រឹកគគ្រេងនេះ ផ្ទុយនឹងគោលការណ៍ ភូមិ ឃុំ សុវត្ថិភាពដែរទេ? លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបដិសេធមិនឆ្លើយ​តបឡើយ ដោយអះអាងថា សមត្ថកិច្ចមិនមែនជាអ្នកចេញអាជ្ញាប័ណ្ណ។ លោក បានរុញឱ្យសារព័ត៌មានថ្មីៗ សួរនាំទៅខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 
 

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
 
យ៉ាងណាក្ដី ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ លោក សាន សុខសីហា បានពន្យល់ថា សមត្ថកិច្ចពិបាកកំណត់ថាល្បែងឆ្នោតឡូតូណា ខុសច្បាប់ឬស្របច្បាប់ ដោយសារតែការរីកសាយភាយច្រើនពេក។ លោកបន្តថា កន្លែងដែលបើកឆ្នោតឡូតូ រួមទាំងល្បែង ដែលគ្មានអាជ្ញាប័ណ្ណដទៃទៀត កម្លាំងសមត្ថកិច្ចតាមខណ្ឌ​តែងចុះបង្ក្រាបជាបន្តបន្ទាប់។ 
 
«សមត្ថកិច្ចមិនមែនជាអ្នកចេញអាជ្ញាប័ណ្ណទេ សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់។ ដូច្នេះ បើល្មើសច្បាប់ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ អ៊ីចឹង នៅពេលសួរមកខ្ញុំទាក់ទងនឹងបញ្ហាចេញអាជ្ញាប័ណ្ណ គឺវាអត់ត្រូវ មានន័យថាក្នុងនាមយើងជាសមត្ថកិច្ច វាអត់មានសិទ្ធិអ្វីផ្ដល់អាជ្ញាប័ណ្ណឱ្យបើកអាជីវកម្មអ្វីនោះទេ! យើងមានដែនសមត្ថកិច្ចរបស់យើងដែរ»។ នេះជាការត្អូញត្អែររបស់ លោក សាន សុខសីហា ហើយបន្ថែមថា ករណីអាជ្ញាធរទទួលបានព័ត៌មាន ពីការលួចលាក់បើកអាជីវកម្មពាក់ព័ន្ធនឹងល្បែងខុសច្បាប់ គឺសមត្ថកិច្ចតែងតែចុះស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។ ប៉ុន្តែក្នុងករណីអាជីវកម្មមានច្បាប់ត្រឹមត្រូវ សមត្ថកិច្ចក៏ពិបាកដោះស្រាយដែរ។ 
 
បន្ថែមពីនេះ លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អះអាងថា ក្រសួងកំពុងដោះស្រាយបញ្ហាខាងលើនេះ តាមរយៈការគ្រប់គ្រងល្បែងស៊ីសងឱ្យបានត្រឹមត្រូវ។ ជាពិសេសចុះពិនិត្យដោះស្រាយឲ្យស្របគ្នាជាមួយគោលនយោបាយនានារបស់រដ្ឋ។ 
 
«យើបានអញ្ជើញម្ចាស់អាជីវកម្មមកណែនាំ ហើយអនុវត្តតាមច្បាប់ដែលមានចែង ហើយក្រសួងក៏កំពុងពិនិត្យដោះស្រាយករណីល្បែងស៊ីសងនេះដែរ គឺធ្វើយ៉ាងណាឲ្យស្របនឹងគោលការណ៍រដ្ឋាភិបាល»។ នេះជាការលើកឡើងរបស់ លោក រស់ ភីរុណ ។
 
ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មាន១២ជំពូក និង៩៧មាត្រា បានប្រកាសដាក់ ឱ្យប្រើប្រាស់ នៅទី១៤វិច្ឆិកា ឆ្នាំ២០២០។ ត្រង់មាត្រា១៨ ចែងថា ល្បែងកាស៊ីណូនិងល្បែងភ្នាល់ ត្រូវបានអនុញ្ញាតឱ្យដំណើរការតែក្នុងបរិវេណកាស៊ីណូប៉ុណ្ណោះ។ ច្បាប់នេះ ភាគច្រើនចែងផ្ដោតលើ វិស័យកាស៊ីណូ ច្រើនជាងឆ្នោតឡូតូ។ 
 
ចំពោះច្បាប់នេះវិញ លោក រស់ ភីរុណ ពន្យល់ថា ពុំមានច្បាប់ណាចែងទៅល្អ ១០០ភាគរយនោះទេ។ ដូច្នេះ នៅពេលដាក់ឲ្យដំណើរ ឬសង្គមមានការវិវឌ្ឍន នឹងមានការកែសម្រួលបន្ថែមតាមបញ្ហា និងស្ថានភាពជាក់ស្ដែង។ 
 
កាលពីអំឡុងខែឧសភាកន្លងមក ក្រសួងយុត្តិធម៌ និង គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីបទល្មើស ដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ ពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ 
 
ការរីកដុះដាលនៃល្បែងនេះ អាចនឹងផ្ទុយពីគោលនយោបាយភូមិ ឃុំ សុវត្ថិភាព របស់រដ្ឋាភិបាល ដែលមានគោលដៅលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ ក្នុងគោលនយោបាយនេះ លក្ខណសម្បត្តិ ភូមិ ឃុំ សុវត្ថិភាព មាន៧ចំណុច ។ ក្នុងនោះចំណុចទី២ ចែងបែបនេះ៖ «គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រប់ប្រភេទ…»។ 
 
ដើម្បីឆ្លើយតបនឹងគោលនយោបាយនេះ គឺត្រូវចាត់វិធានការឲ្យម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ លើសពីនេះ ត្រូវផ្សាយពីច្បាប់ពាក់ព័ន្ធ និងផលប៉ះពាល់នានដែលបណ្ដាលមកពីបទល្មើសគ្រប់ប្រភេទ ពិសេស លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ជាដើម៕ 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com