ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ហៅលោក សម រង្ស៊ី និងអ្នកប្រឆាំង៣៣នាក់ទៀត ឲ្យចូលសវនាការ
24, Aug 2022 , 10:59 am        
រូបភាព
លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡុង សូម៉ូរ៉ា លោក សម រង្ស៊ី និងលោក ឡុង រី ស្ថិតក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រ ក្នុងវត្តខ្មែរនៅអាម៉េរិក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡុង សូម៉ូរ៉ា លោក សម រង្ស៊ី និងលោក ឡុង រី ស្ថិតក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រ ក្នុងវត្តខ្មែរនៅអាម៉េរិក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
តុលាការរាជធានីភ្នំពេញ បានកោះហៅ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងអ្នកប្រឆាំងដល់ទៅ៣៣នាក់ផ្សេងទៀត ដែលភាគច្រើនក្នុងចំណោមពួកគេ សុទ្ធតែរស់នៅឯក្រៅប្រទេស ឲ្យចូលរួមសវនាការរួមគ្នា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីតតាំងទៅនឹងការចោទប្រកាន់ពីបទរួមគំនិតក្បត់ [ជាតិ]។ ដីការបស់តុលាការ ដែលកោះហៅពួកគាត់ទាំង៣៤នាក់ ត្រូវបាននគរបាលយកទៅបិទនៅមុខសាលាសង្កាត់ចាក់អង្រែលើ។



អ្នកនយោបាយប្រឆាំងទាំង៣៣នាក់ ដែលត្រូវបានកោះហៅឲ្យចូលរួមសវនាការស្របពេលជាមួយលោក សម រង្ស៊ី មានដូចជា អ្នកស្រី ជូឡុង សូម៉ូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក សោ ចាន់ដេត លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ជាដើម។ ពួកគាត់ទាំងអស់ ដែលបានរៀបរាប់ឈ្មោះនេះ សុទ្ធតែនៅក្រៅប្រទេស។ 
 
លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានប្រកាសថា លោក នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមសវនាការតាមកាលកំណត់របស់តុលាការភ្នំពេញ បើរដ្ឋាភិបាលកម្ពុជា ដកបម្រាម ដែលហាមមិនឲ្យក្រុមហ៊ុនយន្តហោះនានា ដឹកលោក។ លោក អេង ឆៃអ៊ាង ប្រកាសតាមក្រោយលោក សម រង្ស៊ី ថា លោក ត្រៀមខ្លួនអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកជានិច្ច។ 
 
យ៉ាងណាក៏ដោយ កន្លងមក មន្រ្តីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្រ្តីគណបក្សកាន់អំណាច តែងនិយាយថា លោក សម រង្ស៊ី មិនហ៊ានចូលស្រុកខ្លួនឯង មិនមែនរដ្ឋាភិបាល ហាមយន្តហោះ មិនឲ្យដឹកលោកនោះទេ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច សរសេរសារក្នុងបណ្តាញតេឡេក្រាមជាមួយក្រុមអ្នកកាសែត ដែលបង្កប់ន័យបែបចំអកថា៖«បើជាអ្នកក្លាហាន ទោះត្រូវជាប់គុកជាង១០០ឆ្នាំក្តីក៏នៅតែមកដែរ។ បើឲ្យគេធានា ទើបហ៊ានមក មិនហៅថាជាអ្នកក្លាហានទេ»។ 
 
លោក សម រង្ស៊ី រួមទាំងអ្នកនយោបាយប្រឆាំងដទៃទៀត ដែលដើរតាមលោក ត្រូវតុលាការកម្ពុជា ចោទប្រកាន់ពីបទចោទធំៗ២ គឺ បទឧបឃាត និងបទរួមគំនិតក្បត់ [ជាតិ]។ បទឧបឃាត សំដៅលើការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឯបទរួមគំនិតក្បត់ [ជាតិ] សំដៅលើការចូលរួមគាំទ្រ និងអនុវត្តគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ លោក ត្រូវចោទពីបទចូលរួមរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលផង រួមទាំងត្រូវចោទពីបទចូលរួមគាំទ្រ និងអនុវត្តគម្រោងនេះផង៕
 

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com