អន្តរជាតិ
អាស៊ាន
Nikkei៖ សហភាពអឺរ៉ុប និងអាស៊ាននឹងរៀបចំកិច្ចប្រជុំកំពូលនៅខែធ្នូ
14, Nov 2022 , 9:29 am        
រូបភាព
ដោយៈ ហ៊ួយ ស៊ីវលី

សហភាពអឺរ៉ុប និងអាស៊ាន នឹងបើកកិច្ចប្រជុំកំពូលមួយនៅខែធ្នូខាងមុខ ក្នុងគោលបំណងអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្លុកទាំងពីរ។

 
ដើម្បីអបអរខួបទី៤៥នៃទំនាក់ទំនងទ្វេភាគី សហភាពអឺរ៉ុប និងអាស៊ាន នឹងរៀបចំជំនួបកំពូលជាលើកដំបូងនៅខែធ្នូខាងមុខ។ កិច្ចប្រជុំកំពូលលើកដំបូង បឹងពិភាក្សាអំពីការពង្រីកការផ្ដល់ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។
 
មន្ត្រីសហភាពអឺរ៉ុបម្នាក់ប្រាប់សារពត៌មាន Nikkei ថា កិច្ចប្រជុំកំពូលអន្តរប្លុកនេះនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូនៅទីក្រុងព្រុចសែលដោយនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល​ប្រទេសសមាជិក​អាស៊ាន និង​សហភាព​អឺរ៉ុប។ 
 
ក្នុងកិច្ចប្រជុំនេះ សហភាពអឺរ៉ុប និងអាស៊ាន ក៏មានបំណងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជួបបញ្ហាដោយសាររអាក់រអួលអំឡុងវិបត្តិជំងឺកូវីដ-១៩។ មួយវិញទៀត តំបន់ទាំងពីរ ក៏ដាក់គោលដៅធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់នេះ សំដៅពង្រីកបណ្តាញពាណិជ្ជកម្មសេរីជាមួយភាគីទាំងសងខាង។
 
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​សហភាព​អឺរ៉ុប ដែលពាណិជ្ជកម្ម​រវាងភាគីទាំងពីរ​មាន​ទំហំ២៥០ពាន់លាន​ដុល្លារនៅឆ្នាំ២០២១៕
 

Tag:
 អាស៊ាន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com