ជាតិ
ម្ចាស់អាជីវកម្មទេសចរណ៍ចំនួន១៤៦ ទទួលបានកម្ចីសរុប២០លានដុល្លារ ដើម្បីស្តារជំនួញឡើងវិញ
29, Aug 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ម្ចាស់អាជីវកម្មចំនួន១៤៨ បានដាក់ស្នើកម្ចី ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីបើកដំណើរការជីវកម្មរបស់ខ្លួន ក្រោយវិបត្តិកូវីដ-១៩។ ក្នុងចំណោមពួកគេទាំងនោះ មានម្ចាស់អាជីវកម្មចំនួន ១៤៦ ដែលទទួលបានការអនុម័ត។ ចំណែក សំណើកម្ចីចំនួន ២ទៀត ត្រូវបានបដិសេធ។


 
បើតាមលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធនតូច និងមធ្យម(SME Bank) គិតត្រឹមចុងខែសីហា ឆ្នាំ២០២២នេះ SME Bank បានអនុម័តទំហំកម្ចីសរុបចំនួន ២០លានដុល្លារ ទៅដល់សំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦។ ការផ្តល់កម្ចីនេះ នឹងជួយឱ្យអាជីករមានលទ្ធភាពបើកដំណើរការអាជីវកម្មឡើងវិញ ខណៈភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមចូលមកកម្សាន្តនៅកម្ពុជាបណ្តើរៗហើយ។
 
កម្ចីភាគច្រើន បានទៅលើម្ចាស់អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន។ ក្នុងចំណោមសំណើ ដែលបានអនុម័តនេះ មានសណ្ឋាគារចំនួន១៩ ផ្ទះសំណាក់ចំនួន៤៤ ដែលមានទំហំទឹកប្រាក់ជាង១០លានដុល្លារ។  ចំណែក កម្ចីសម្រាប់ភោជនីយដ្ឋានមានចំនួន៦៥ ដែលមានទំហំទឹកប្រាក់ជាង ៧លានដុល្លារ។ ក្រៅពីនេះ ទឹកប្រាក់ប្រមាណ២លានដុល្លារ ត្រូវបានផ្តល់កម្ចីទៅលើអាជីវកម្មផ្សេងៗចំនួន១៨ ដែលគាំទ្រដល់វិស័យទេសចរណ៍ផងដែរ។ 
 
យ៉ាងណាមិញ សន្ទុះនៃការដាក់ពាក្យស្នើសុំកម្ចី ហាក់មានយឺត បើប្រៀបធៀបជាមួយគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យមក្នុងដំណាក់កាលទី២។ អគ្គនាយកធនាគារសហគ្រាសធនតូច និងមធ្យម(SME Bank) ខាងលើបានបញ្ជាក់ថា៖«ខ្ញុំគិតថា ដោយសារគម្រោងនេះ គឺផ្តោតតែលើវិស័យទេសចរណ៍តែមួយមុខ ហើយគម្រោងមុន គឺមានការបើកទូលាយ ដែលមានវិស័យច្រើនចូលរួម។ ហេតុនេះភាពយឺតយ៉ាវ ឬចំនួនដែលស្នើមកតិចនេះ គឺជារឿងធម្មតា»។ 
 
ទោះលក្ខខណ្ឌស្នើសុំចង្អៀត ប៉ុន្តែការចាប់អារម្មណ៍តាមរយៈក្រសួងទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរ បានធ្វើឱ្យសន្ទុះនៃការខ្ចីជិត២ខែមកនេះ មានចំនួន២០លានដុល្លារ។ លោក លឹម អូន សង្ឃឹមថា ការសុំស្នើកម្ចី និងការបញ្ចេញកម្ចី នឹងកើនឡើងថែមទៀត នាខែបន្ទាប់។ លោកវាយតម្លៃថា«យ៉ាងយូរណាស់ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣ ទឹកប្រាក់ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងត្រូវបញ្ចេញអស់»។
 
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីលើកស្ទួយវិស័យនេះ  ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន របស់ម្ចាស់អាជីវកម្មផងដែរ។
 
គម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារតាមរយៈ SME Bank។ ក្រៅពីនេះ ក៏មានថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារដោយផ្តល់អត្រាការប្រាក់៦.៥ភាគរយ ក្នុងមួយឆ្នាំ។ ចំពោះកម្ចី អាចបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ។ លើសពីនេះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕
 

Tag:
 អាជីវកម្ម
  វិស័យទេសចរណ៍
  SME Bank
© រក្សាសិទ្ធិដោយ thmeythmey.com