ផ្អែកលើទិន្នន័យនៃការលក់ចេញលើទីផ្សារយានយន្តអាម៉េរិក សមាគមជាតិចែកចាយយានយន្ត (National Auto Dealers Association-NADA) កំណត់បានបញ្ជីពណ៌រថយន្តដែលពេញនិយមបំផុតនៅ សហរដ្ឋអាម៉េរិក នារយៈពេលចុងក្រោយនេះ។
រថយន្តពណ៌ស ជារថយន្តដែលពេញនិយមជាងគេបំផុតនៅសហរដ្ឋអាម៉េរិក ដោយមាន២៣,៩ភាគរយក្នុងចំណោមអ្នកប្រើប្រាស់។ នេះបើតាមការលើកឡើងរបស់ NADA ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ Infoscope។
ការប្រើប្រាស់រថយន្តពណ៌ខ្មៅ ក៏មានតួលេខប្រកៀកគ្នាផងដែរ ដោយមាន២៣,២ភាគរយ ខណៈរថយន្តពណ៌ប្រផេះ ស្ថិតនៅលំដាប់ទី៣ ដោយមាន១៥,៥ភាគរយ។ រថយន្តពណ៌ទឹកប្រាក់ និងពណ៌ក្រហម ស្ថិតក្នុងចំណោម Top 5 ដែលមានតួលេខក្នុងចំណោមអ្នកប្រើប្រាស់១៤,៥ភាគរយ និង១០,៣ភាគរយ។
ពណ៌ផ្សេងៗទៀត មានការប្រើប្រាស់ក្រោម១០ភាគរយក្នុងចំណោមអ្នកប្រើប្រាស់រថយន្តនៅសហរដ្ឋអាម៉េរិក។ រថយន្តពណ៌ខៀវស្ថិតនៅលេខរៀងទី៦ ដោយមាន៩ភាគរយ បន្ទាប់មក គឺរថយន្តពណ៌ត្នោត ដែលមាន១,៤ភាគរយ។
អត្រាប្រើប្រាស់ក្រោម១ភាគរយ រួមមាន ពណ៌បៃតង ដែលមាន០,៧ភាគរយ ខណៈការប្រើប្រាស់រថយន្តពណ៌ត្នោតខ្ចី និងរថយន្តពណ៌ទឹកក្រូច មាន០,៤ភាគរយដូចគ្នា។
ក្រៅពីពណ៌ទាំង១០ខាងលើ រថយន្តបីពណ៌ទៀត ក៏មានការពេញនិយមផងដែរពីបណ្តាអ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក។ បើតាម NADA រថយន្តទាំងនោះ មាន ពណ៌មាស (០,៣ភាគរយ), ពណ៌លឿង (០,២ភាគរយ) និងពណ៌ស្វាយ (០,១ភាគរយ)។
ទាក់ទងនឹងពណ៌រថយន្ត អ្នកជំនាញបានលើកឡើងថា រថយន្តពណ៌ខ្មៅ ស្រូបកាំរស្មីព្រះអាទិត្យច្រើនជាងរថយន្តពណ៌ស រីឯរថយន្តពណ៌ងងឹតស្រូបពន្លឺបានល្អជាងរថយន្តពណ៌ស្រាល។ ដោយសារតែហេតុបែបនេះ ហើយ ទើបរថយន្តពណ៌ខ្មៅ ឬងងឹត ច្រើនតែក្តៅជាងរថយន្តពណ៌ស្រាល៕