ជាតិ
អន្តរជាតិ
ចិនថា ធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជួយជនជាតិខ្លួនដែលត្រូវបានឆបោក
30, Aug 2022 , 10:29 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែសីហា។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែសីហា។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី២៩ ខែសីហា បានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងប្តេជ្ញាការពារសុវត្ថិភាព សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ប្រជាជនចិន រួមទាំងជនរួមជាតិមកពីតៃវ៉ាន់។ បើតាមអ្នកនាំពាក្យរូបនេះ ស្ថានទូតចិននៅក្រុងភ្នំពេញ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីជួយសង្រ្គោះ និងស្វែងរកប្រជាជនចិន ដែលត្រូវបានឆបោកឱ្យមកធ្វើការនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

 
មួយរយៈចុងក្រោយនេះ សារព័ត៌មានជាច្រើន បានចុះផ្សាយពីការងារឆបោកនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផង។ ប្រជាជនដែលនៅរស់នៅហុងកុង និងតៃវ៉ាន់ ត្រូវបានអាជ្ញាធរជួយសង្រ្គោះជាបន្តបន្ទាប់ចេញពីការងារឆបោកទាំងនោះ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសចិន បានអះអាងថា ខ្លួនបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីជួយជនរងគ្រោះ។ 
 
«ស្ថានទូតចិននៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតសិទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះជនរងគ្រោះ»។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មានដែលបានសួរជុំវិញការជួយសង្រ្គោះជនរួមជាតិចិន ដែលចាញ់បោកឱ្យមកធ្វើការនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងប្តេជ្ញា ការពារសិទ្ធិស្របច្បាប់ និងសុវត្ថិភាព រួមទាំងប្រយោជន៍នៃប្រជាជនខ្លួន និងជនរួមជាតិមកពីតៃវ៉ាន់។ 
 
បន្ថែមពីនេះ លោក Zhao បានអះអាងថា កន្លងមក ស្ថានទូតចិន ដោយមានជំនួយពីភាគីកម្ពុជា បានទទួលជោគជ័យ ក្នុងការជួយសង្រ្គោះជនរួមជាតិតៃវ៉ាន់មួយចំនួន។ ប្រតិបត្តិការជួយសង្រ្គោះនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតចិន ទទួលបានសារសុំឱ្យជួយពីប្រជាជនតៃវ៉ាន់ចំនួន ២០រូប។ 
 
ដោយសារមានមនុស្សចាញ់បោកឱ្យទៅធ្វើការនៅបរទេសច្រើន អ្នកនាំពាក្យក្រសួងការបរទេសចិន បានអំពាវនាវឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្ន ចំពោះការងារក្លែងក្លាយ ដែលត្រូវបានបង្ហោះជ្រើសរើសនៅលើបណ្តាអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះ មន្រ្តីចិនរូបនេះ បានជំរុញឱ្យប្រជាជនទាក់ទងប៉ូលិសក្នុងតំបន់ ឬស្ថាតទូត រួមទាំងស្ថានកុងស៊ុលចិន ដែលមាននៅប្រទេសនោះ ក្នុងករណីមានបញ្ហាអាសន្ន។ 
 
កន្លងមក អាជ្ញធរហុងកុង បានប្រកាសរៀបចំក្រុមការងារមួយ ដើម្បីតាមដាន និងជួយមនុស្សដែលត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការឆបោកអ្នកផ្សេងនៅតំបន់អាស៊ីអាគ្នេយ៍៕ 
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com