ភ្នំពេញ៖ លោក UriahLyford ហៅ យូរ៉ាយ រីករាយយ៉ាងខ្លាំង ដែលទទួលបានសញ្ជាតិខ្មែរ ក្រោយរស់នៅកម្ពុជាជិត២០ឆ្នាំ។ការផ្តល់សញ្ជាតិខ្មែរតាមរយៈព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេច សាយ ឈុំប្រមុខរដ្ឋស្តីទី កាលពីពេលថ្មីៗកន្លងមកនេះ គឺជាបំណងប្រាថ្នារបស់លោក យូរ៉ាជាយូរមកហើយ ដ្បិតលោកមានចិត្តស្រលាញ់ទឹកដីកម្ពុជានិងចង់បណ្តុះបណ្តាលយុវជនកម្ពុជាជំនាន់ក្រោយ។
និយាយ និងសរសេរភាសាខ្មែរយ៉ាងស្ទាត់ជំនាញ ពេលនេះ លោក យូរ៉ាយ អាចប្រាប់គេឯងបានហើយថា គាត់គឺជាខ្មែរ។ តាមរយៈវីដេអូរយៈពេលជាង២នាទី លោក យូរ៉ាយ ដែលមានឈ្មោះពេញថា Uriah Lyford បានបង្ហាញភាពត្រេកអររីករាយយ៉ាងខ្លាំង ជាមួយនឹងវត្តមានភរិយា រួមទាំងកូនស្រី២នាក់។
ក្នុងវីដេអូ បុរសដើមកំណើតអាម៉េរិកវ័យ៣៧ឆ្នាំរូបនេះ បានតាំងចិត្តថា៖«ខ្ញុំសូមសន្យាថានឹងចំណាយជីវិតលើកតម្កើងអ្វីដែលជារបស់ខ្មែរ។ សូមអរគុណសម្តេច និងព្រះមហាក្សត្រ ដែលបានអនុញ្ញាតឲ្យខ្ញុំក្លាយជាជនជាតិខ្មែរ»។ ក្រៅពីនេះ លោកក៏បានប្រាប់កូនស្រីទាំងពីរឱ្យខំប្រឹងរៀនសូត្រភាសាខ្មែរឱ្យចេះនិយាយ និងសរសេរផងដែរ។

លោក Uriah Lyford ជាមួយគ្រួសារ។ រូបភាពពីលោកលោក Uriah Lyford
ក្រោយទទួលបានសញ្ជាតិជាជនជាតិខ្មែរ លោកប្តេជ្ញាបន្តជួយសង្គមជាតិ ជាពិសេសអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំគំរូ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey លោក យូរ៉ាយ បានបញ្ជាក់ថា ភរិយារបស់លោក ដែលជាកូនកាត់ជប៉ុន-អាម៉េរិក ត្រូវរង់ចាំយ៉ាងហោចណាស់៣ឆ្នាំទៀតដើម្បីស្នើសុំចូលសញ្ជាតិ ខណៈកូនស្រីទាំងពីរ មិនទាន់គ្រប់អាយុកំណត់។
លោក យូរ៉ាយ បានមករស់នៅកម្ពុជាតាំងពីឆ្នាំ២០០៣ តាមរយៈការងារស្ម័គ្រចិត្តនៅអង្គការមួយ ដោយពេលនោះ លោកជាយុវជនដែលមានអាយុ១៨ឆ្នាំ។ លោកក៏មានភាពល្បីល្បាញផងដែរនៅតាមបណ្តាញសង្គម តាមរយៈការបង្ហោះវីដេអូផ្សេង ជាមួយប្រភេទវីដេអូបែបអប់រំយុវវ័យ នៅលើ Youtube, TikTok, Instagram ជាពិសេសហ្វេសប៊ុកផ្លូវការរបស់លោក។
សារព័ត៌មានថ្មីៗ ខិតខំសាកសួរបន្ថែមអំពីលោក យូរ៉ាយ ផងដែរ ប៉ុន្តែដោយសារទីតាំងលោករស់នៅក្រុងប៉ោយប៉ែត មិនមានសេវាទូរសព្ទដែលធ្វើឲ្យការឆ្លើយឆ្លងរអាក់រអួល។ ដូចវីដេអូដែលលោកបានបង្ហោះ បុរសដើមកំណើតអាម៉េរិករូបនេះ បាននិយាយថា៖ «ខ្ញុំសប្បាយចិត្ត សប្បាយមែនទែន ព្រោះវាជាការប្តេជ្ញា ក្តីស្រមៃមួយ ដែលខ្ញុំមានយូរឆ្នាំហើយ បានសម្រេច អ៊ីចឹងខ្ញុំត្រេកអរមែនទែន»។
លោកបានរំលឹកថា លោកឈានជើងចូលទឹកកម្ពុជាមិនយូរប៉ុន្មាន លោកក៏កើតចិត្តស្រលាញ់ និងចង់បានសញ្ជាតិខ្មែរ។ «ចូលសញ្ជាតិខ្មែរ ព្រោះខ្ញុំមានចិត្តស្រលាញ់ខ្មែរ។ ធម្មតាមនុស្សយើងស្រលាញ់អ្វីមួយ គឺចង់បានវា។ ខ្ញុំចង់ឱ្យបងប្អូនខ្មែរដឹងថា ជនជាតិផ្សេងស្រលាញ់ខ្មែរច្រើនណាស់ ប៉ុន្តែខ្មែរជួនកាលស្រលាញ់ខ្លួនឯងនៅស្ទើរ។ អ៊ីចឹងខ្ញុំគិតថា បើខ្ញុំបានចូលសញ្ជាតិខ្មែរ ខ្ញុំចង់បង្ហាញទៅជនជាតិខ្មែរថា បុរសដើមកំណើតអាមេរិកកាំងម្នាក់នេះ ស្រលាញ់ខ្មែរណាស់ ចង់ឱ្យខ្លួនឯងក្លាយជាជនជាតិខ្មែរ»។

លោក Uriah Lyford ជាមួយគ្រួសារ។ រូបភាពពីលោកលោក Uriah Lyford
លោក Uriah Lyford ហៅ យូរ៉ាយ បានបន្ថែមថា កម្ពុជា ជាប្រទេសមួយដែលស្រួលរស់នៅ និងមានសេរីភាព។ រដ្ឋបានផ្តល់សេរីភាពច្រើនដល់ប្រជាជនក្នុងការប្រកបរបររកស៊ី ដែលវាខុសប្លែកពីប្រទេសមួយចំនួនដែលមានច្បាប់តឹងរ៉ឹង។
សម្រាប់បេសកកម្មបន្តលោក យូរ៉ាយនៅកម្ពុជា ក្នុងនាមជាពលរដ្ឋខ្មែរ លោកបានប្តេជ្ញាជួយសង្គម និងអប់រំយុជននិងអភិវឌ្ឍមេដឹកនាំជំនាន់ក្រោយ។ លោកមានបំណងចង់ឱ្យប្រជាជនកម្ពុជាមានក្តីស្រលាញ់យុវជនមានចំណេះដឹង និងក្លាយជាអ្នកដឹកនាំដូចជា អ្នកនាំសាលា អ្នកនាំក្រុមហ៊ុនអ្នកដឹកនាំសង្គម ដោយស្រលាញ់សង្គមជាតិ។ លោកសង្ឃឹមថាពលរដ្ឋកម្ពុជាមានសុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍រឹងមាំដើម្បីក្រុមគ្រួសារមានសុភមង្គល និងមានក្តីសុខ។
ជាមួយគ្នានោះលោកក៏ចង់ផ្សារភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ ដោយចែករំលែកចំណុចល្អគ្នាទៅវិញទៅមក។ លោកយូរ៉ាយ ចង់ឱ្យពលរដ្ឋកម្ពុជាមានភាពរឹកមាំ និងហ៊ានជម្នះក្នុងការធ្វើអ្វីមួយ។លោកក៏ចង់ផ្សារភ្ជាប់វប្បធម៌ខ្មែរ ដែលមានភាពទន់ភ្លន់ ចេះគោរពឱ្យតម្លៃគ្នាចេះបន្ទាបខ្លួន និងមានការគិតវែងឆ្ងាយ ទៅកាន់បរទេសផងដែរ។
ចំពោះឈ្មោះខ្មែរ ដែលលោក យូរ៉ាយចង់ដាក់គឺ គង់ វិសាល។ ហេតុអ្វី គង់ វិសាល? លោកពន្យល់ថា ឈ្មោះបង្កប់អត្ថន័យខ្ពស់ពោលជាមនុស្សម្នាក់ ដែលមានភាពរឹងមាំក្នុងសង្គម។ ប៉ុន្តែក្រោយបានយោបល់ពីមិត្តដែលបានចូលសញ្ជាតិខ្មែររួច លោក យូរ៉ាយ សម្រេចចិត្តបន្តប្រើឈ្មោះដើមវិញ។
បច្ចុប្បន្ន លោក UriahLyford ហៅ យូរ៉ាយ ជាគ្រូសមាជិកម្នាក់នៅ សាកលវិទ្យាល័យនៃប្រជាជាតិ Universityof the Nations (YWAM)។ លោក យូរ៉ាយ មានកូនស្រីច្បងអាយុ៣ឆ្នាំនិងកូនស្រីពៅអាយុ២ឆ្នាំ ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយលោក និងភរិយា នៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបានលើកឡើងថា លោកសប្បាយចិត្តដែលកូនស្រីទាំងពីរចម្រើនវ័យនៅកម្ពុជា៕

លោក Uriah Lyford ជាមួយគ្រួសារ។ រូបភាពពីលោកលោក Uriah Lyford