ជាតិ
រដ្ឋបាលខេត្តសៀមរាប បង្កើតជំនួបរវាងអ្នកលក់ និងអ្នកទិញ ដើម្បីជំរុញចលនាភូមិមួយផលិតផលមួយ
03, Sep 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាជួបសំណេះសំណាលជាមួយផលិតករ សេវាករ និងសិប្បករជាច្រើនរូប ដើម្បីជំរុញចលនាភូមិមួយផលិតមួយ នៃគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព ឱ្យកាន់តែមានភាពល្អប្រសើរ។ ជំនួបកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានក្លាយឱកាសសម្រាប់អ្នកលក់និងអ្នកទិញ ធ្វើបទបង្ហាញពីផលិតរបស់ខ្លួន ដើម្បីរកទីផ្សារក្នុងស្រុក។


 
គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព បានជំរុញចលនាភូមិមួយផលិតផលមួយ ទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកកាន់តែប្រសើរ។ ដូច្នេះដើម្បីជំរុញទីផ្សារកាន់តែរីកចម្រើន និងឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកភូមិមួយផលិតមួយ រដ្ឋបាលខេត្តសៀមរាបបានរៀបចំធ្វើបទបង្ហាញពាក់ព័ន្ធនឹងវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព។
 
ទន្ទឹមនោះ ក៏មានការជំរុញអ្នកពាក់ព័ន្ធឱ្យពន្យល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យយល់ច្បាស់ពីសារៈសំខាន់ រួមទាំងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិតផល១ ដើម្បីជំរុញឱ្យមានការចូលជាសមាជិកកាន់តែទូលំទូលាយ។ វេទិកានេះ ក៏ជាឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs  បង្ហាញពីតម្រូវការផលិតផលរបស់ខ្លួន និងឱកាសទីផ្សារសម្រាប់ផលិតផលចាំបាច់ផងដែរ។ 

រូបភាពរដ្ឋបាលខេត្តសៀមរាប
 
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប៖«ការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត គឺដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាក់ស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍»។ លោកបានបន្ថែមថា រដ្ឋបាលខេត្ត និងគណៈកម្មាធិការ ជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្តខិតខំបំពេញបច្ចេកទេស រក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗ។ 
 
ជាមួយគ្នានោះ លោក សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានថ្លែងថា  ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកលក់នេះគឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ។ 
 
លោកបន្ថែមថា ចលនាភូមិមួយផលិតមួយ ក៏ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពី ក្រសួង និងអង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗក៍ដូចជាពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់។ ទាំងនេះ ជាគោលការណ៍គ្រឹះ ដើម្បីទទួលបាននូវផលិតផលមានភាពសម្បូរបែប កាត់បន្ថយការនាំចូលនូវទំនិញប្រើប្រាស់មួយចំនួនមកពីប្រទេសជិតខាង៕
 
 

Tag:
 ភូមិមួយ ផលិតមួយ
  គម្រោងអភិវឌ្ឍអាជីវកម្មក្រកបដោយសុចរិតភាព
© រក្សាសិទ្ធិដោយ thmeythmey.com