ជាតិ
កម្ពុជា-ថៃ ឯកភាពលើផែនការសកម្មភាពជាង១០ចំណុច ដើម្បីរួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញ
04, Sep 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា-ថៃ បានឯកភាពគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការជាង ១០ចំណុច ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ក្រោយដំណាក់កាលកូវីដ-១៩។ ការឯកភាពគ្នាលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-ថៃលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការទេ្វភាគីទេសចរណ៍កម្ពុជា-ថៃ។


 
លោក ទ្រីវ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន លើកឡើងថា ដំបូងឡើយ ភាគីទាំងពីរបានអនុម័តផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៥។ ផែនការនេះ ផ្តោតសំខាន់លើខ្លឹមសារមួយចំនួន រួមមាន ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន។ បន្ទាប់មក គឺផ្តោតលើការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ«ប្រទេសពីរ គោលដៅមួយ»។ ក្រៅពីនេះ ក៏មានការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍគុណភាពទេសចរណ៍ រួមទាំងការផ្សព្វផ្សាយឱកាសវិនិយោគទេសចរណ៍នៅក្នុងប្រទេសទាំងពីរផងដែរ។
 
ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់នៅគ្រប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីងាយស្រួលធ្វើដំណើតាមច្រកអន្តរជាតិនានាឱ្យកាន់តែប្រសើរថែមទៀត។ ភាគីទាំងពីរឯកភាព បន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខភាព ទេសចរណ៍ពុទ្ធសាសនា ទេសចរណ៍តាមនាវាសមុទ្រជាដើម។
 
ប្រទេសទាំងពីរ បានបង្ហាញឆន្ទៈរួមគ្នាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ព្រះរាជាណាចក្រពីរ គោលដៅមួយ» ដែលសំដៅលើការខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឱ្យមកទស្សនាប្រទេសទាំងពីរ។
 
ក្នុងកិច្ចសហការនោះផងដែរ ក៏មានការរៀបចំឱ្យមាននាវាកម្សាន្តតាមសមុទ្រ ដែលរួមបញ្ចូលកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលនឹងគ្រោងប្រកាសបើកដំណើរការទទួលទេសចរតាមសមុទ្រនាពេលដ៏ខ្លីខាងមុខនេះ។ ជាមួយគ្នានោះ ក៏ជំរុញឱ្យមានទស្សនកិច្ចរវាងអ្នកជំនាញទេសចរណ៍នៃប្រទេសទាំងពីរ ក្រោមក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។ គម្រោងសាកល្បងនេះ សំដៅចែករំលែកបទពិសោធន៍ដល់ប្រទេសសមាជិកអាស៊ានផ្សេងៗទៀតផងដែរ។
លើសពីនេះ ភាគីថៃបានគាំទ្រឱ្យមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែមដល់អ្នកបម្រើការងារកម្ពុជា ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋាកិច្ចក្នុងប្រទេសថៃ ដោយរដ្ឋាភិបាលថៃនឹងដាក់ចុះកញ្ចប់ថវិកាបណ្ដុះបណ្ដាលនេះ។ កម្ពុជា-ថៃ នឹងសហការគ្នារៀបចំវេទិកាវិនិយោគក្នុងវិស័យទេសចរណ៍ នៅពេលវេលាសមស្របខាងមុខ ព្រមទាំងនឹងរៀបចំឱ្យមានជំនួបរវាងភាគីឯកជននៃវិស័យទេសចរណ៍ តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Fam-Trip) ក្នុងប្រទេសទាំងពីរ។
 
ប្រទេសថៃ បានបង្ហាញការគាំទ្រគំនិតផ្ដួចផ្ដើមកម្ពុជា ដែលជំរុញឱ្យព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ទេសចរណ៍កីឡាអាស៊ានផងដែរ។ ភាគីថៃ នឹងចែករំលែកបទពិសោធន៍លើការរៀបចំគណនីទេសចរណ៍រណប (Tourism Satellite Accounts) ដល់មន្ត្រីជំនាញទេសចរណ៍ ដើម្បីរៀបចំគណនីជាតិរបស់ខ្លួន។
 
ទន្ទឹមនឹងនេះ ថៃក៏បានទទួលពិចារណាលើសំណើរបស់កម្ពុជា លើគំនិតផ្ដួចផ្ដើមបង្កើតឱ្យមានលេខាធិការដ្ឋានទេសចរណ៍អេកម៉ិក (ACMECS Tourism Secretariat) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់។
 
ក្រោយជំនួបនេះ កម្ពុជា-ថៃ នឹងជួបពិភាក្សាបន្តទៀតនាឱកាសកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ាននៅខេត្តសៀមរាបក្នុងសប្ដាហ៍ខាងមុខ ក៏ដូចជាកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីអេកម៉ិក ដែលគ្រោងធ្វើឡើងនាថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕
 

Tag:
 ទេសចរណ៍
  កម្ពុជា-ថៃ
  ស្ដារវិស័យទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com