ជាតិ
លោក វេង សាខុន ស្នើអូស្រ្តាលីជួយដោះស្រាយតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស
04, Sep 2022 , 6:29 pm        
រូបភាព
ភ្នំពេញ៖ លោក វេង សាខុន ស្នើអូស្រ្តាលី ជួយដោះស្រាយតម្រូវការក្នុងស្រុក ដ្បិតការផ្គត់ផ្គង់បន្លែ ជ្រូកសាច់ និងត្រី នៅតែមានការនាំចូលក្នុងកម្រិតតិចតួច។ ក្រៅពីនេះ លោកក៏បានស្នើឱ្យ អូស្រ្តាលី ជួយដល់ការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេសផងដែរ។


 
ជាការពិតណាស់ កម្ពុជា មានផលិតផលកសិកម្មមានសក្កានុពលជាច្រើន ដែលផលិតកម្មកសិកម្មមួយចំនួនបានផលិតច្រើនលើសតម្រូវការ និងបាននាំចេញទៅទីផ្សារក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលកសិកម្មមួយចំនួនទៀត ដែលមានសក្តានុពល បែរជាពុំអាចផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងតម្រូវឱ្យមានការនាំចូលពីបរទេសបន្ថែម។
 
ទន្ទឹមនោះ កង្វះខាតនៃផលិតផលមួយចំនួន ដូចជា បន្លែ ជ្រូកសាច់ និងត្រី នៅតែមានការនាំចូលក្នុងកម្រិតតិចតួចផងដែរ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាតម្រូវការទីផ្សារក្នុងស្រុក និងបញ្ហានាំចេញផលិតផលកសិកម្ម ដែលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស លោក វេង សាខុន ស្នើសុំកិច្ចសហការជាមួយភាគីអូស្ត្រាលីលើចំនុចមួយចំនួន។ 

រូបភាពពី ហ្វេសប៊ុកលោក វេង សាខុន 
 
លោករដ្ឋមន្រ្តី ក៏បានស្នើអូស្រ្តាលី ឱ្យជួយពង្រឹងលើការស្រាវជ្រាវអភិវឌ្ឍន៍គ្រាប់ពូជល្អៗ ដែលអាចធន់នឹងការបម្រែបម្រួលអាកាសធាតុ។ ជាមួយគ្នានោះ លោកក៏ស្នើសុំការពង្រឹង និងកសាងធនធានមនុស្សបន្តទៀតផងដែរ។ 
 
ក្រៅពីនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ស្នើអូស្រ្តាលី ឱ្យមានកិច្ចសហការលើការវិនិយោគពីវិស័យឯកជនឱ្យបានកាន់តែច្រើន លើខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម។ លើសពីនេះ លោកជំរុញលើការកែឆ្នៃផលិតផលកសិកម្ម រួមទាំងគាំទ្រគម្រោងអភិវឌ្ឍន៍ លើចង្វាក់តម្លៃលើវិស័យកសិកម្ម។ 
 
ក្រៅពីនោះ លោកក៏ស្នើឱ្យ ACIAR ពិនិត្យលទ្ធភាពរៀបចំតំណាងការិយាល័យ ACIAR នៅកម្ពុជា ដោយក្រសួងកសិកម្មនឹងគាំទ្រទីតាំងការិយាល័យតំណាងនៅក្រសួងផ្ទាល់។ ជាការឆ្លើយតប ភាគីអូស្ត្រាលីបានឯកភាព និងពិនិត្យមើលលទ្ធភាពនៃការគាំទ្រលើកិច្ចសហការទាំងនេះ៕
 
 

Tag:
 លោក វេង សាខុន
  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com