ជាតិ
កម្ពុជា នឹងយកបុណ្យសមុទ្រជាឱកាសបង្អួតឆ្នេរសមុទ្រខ្លួនទៅកាន់សមាជិកក្លិបឆ្នេរសមុទ្រសកលលោក
04, Sep 2022 , 5:29 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា នឹងរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ ស្របពេលជាមួយគ្នានោះ កម្ពុជា ក៏ជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ។


 
ឆ្លៀតក្នុងឱកាសនៃការចូលរួមជាច្រើនពីសំណាក់សមាជិកនៃម្ចាស់ឆ្នេរសមុទ្រសកលលោក កម្ពុជា ក៏ត្រៀមបង្អួតសម្រស់ឆ្នេរសមុទ្រខ្លួននៅថ្ងៃនោះដែរ។  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំស្ដង់មួយសម្រាប់បង្ហាញស្នាដៃរបស់ខ្លួន និងរចនាឱ្យបានស្អាតទាក់ទាញ ដើម្បីបង្ហាញអំពីសមិទ្ធផល ការអភិវឌ្ឍ ការគ្រប់គ្រងឆ្នេរសមុទ្រនៅក្នុងខេត្តរបស់ខ្លួន។
 
ទន្ទឹមនោះលោកក៏បានណែនាំឱ្យមានរៀបចំស្ដង់ពិព័រណ៍ពីការអភិវឌ្ឍឆ្នេរសមុទ្រ កោះ ទីក្រុងព្រះសីហនុ និងគោលដៅដែលមានសក្ដានុពលផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។ ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍឆ្នេរសមុទ្រ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទៅកាន់ប្រជាជន ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រនោះ។

រូបភាពពី ក្រសួងទេសចរណ៍
 
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា៖«ការដែលក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកសម្រេចមករៀបចំមហាសន្និបាតរបស់ខ្លួននេះ គឺមិនមែនជារឿងចៃដន្យនោះឡើយ ព្រោះគេបានមើលឃើញការអភិវឌ្ឍឆ្នេរសមុទ្ររបស់កម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់»។
 
មហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកនាពេលខាងមុខនោះ ប្រធានក្លិបនឹងផ្សព្វផ្សាយអំពីគំរូដ៏ល្អរបស់កម្ពុជា និងខេត្តព្រះសីហនុ។ ការខិតខំអភិវឌ្ឍគ្រប់គ្រងឆ្នេរសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់នេះ គឺដើម្បីបង្ហាញទៅសមាជិកក្លិបឆ្នេរទាំងអស់ ដែលបច្ចុប្បន្នមាន២៦ប្រទេស។
 
គួររម្លឹកផងដែរថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ធ្លាប់បានឱ្យដឹងថា ដោយសារកម្ពុជាមានការប្តេជ្ញាចិត្តច្បាស់លាស់និងម៉ឹងម៉ាត់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ នៅមហាសន្និបាតក្លិបឆ្នេរលើកទី១៥ ឆ្នាំ២០១៩ នៅឆ្នេរតូយ៉ាម៉ា ប្រទេសជប៉ុន ទើបការបោះឆ្នោតជាឯកច្ឆន្ទសម្រេចយកកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ឆ្នាំ២០២២។

រូបភាពពី ក្រសួងទេសចរណ៍
 
លើសពីនេះ ក្លិបឆ្នេរមានការសប្បាយចិត្តបំផុត នៅពេលកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ និងបានបើកដំណើរការប្រទេសឡើងវិញមុនគេក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងនោះ។  ការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ដែលអាចរៀបចំព្រឹត្តិការណ៍ធំៗបានដោយផ្ទាល់ប្រកបដោយសុវត្ថិភាព រួមទាំងពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរដែលស្អាតជាងគេលើសកលលោក តាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២២នេះ បន្ទាប់ពីបានខកខានក្នុងការរៀបចំមហាសន្និបាតដោយផ្ទាល់២លើក កាលពីឆ្នាំ២០២០ នៅអ៊ីស្រាអែល និងនៅអង់ហ្គោឡានៅឆ្នាំ២០២១កន្លងមក៕


រូបភាពពី ក្រសួងទេសចរណ៍



Tag:
 បុណ្យសមុទ្រ
  ឆ្នេរសមុទ្រ
  ក្លិបឆ្នេរសមុទ្រសកលលោក
© រក្សាសិទ្ធិដោយ thmeythmey.com