រថយន្ត
អន្តរជាតិ
ដើម្បី​ទប់ស្កាត់​ការរិះគន់ លោក ប្រាយុទ្ធ ប្រគល់ឡាន​ និង​យានយន្ត​អម៣គ្រឿង​ទៅឲ្យរដ្ឋ​វិញ
05, Sep 2022 , 8:29 pm        
រូបភាព
លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរតំណែងពីនាយករដ្ឋមន្ត្រី។ រូបថត AFP
លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរតំណែងពីនាយករដ្ឋមន្ត្រី។ រូបថត AFP
ដោយ: ធីតា
លោក ​ប្រាយុទ្ធ ចាន់ អូចា បាន​ប្រគល់​រថយន្ត និង​យានយន្ត​អម​បីគ្រឿងទៀត​ទៅវិមាន​រដ្ឋាភិបាល​វិញ ដើម្បី​ទប់ស្កាត់​ការ​រិះគន់​នានា។ បើយោង​តាម​ការផ្សាយ​របស់សារព័ត៌មាន The Nation ​ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការធម្មនុញ្ញថៃ ព្យួរតំណែង​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៤ ខែសីហា។



លោក ប្រាយុទ្ធ បាន​តម្រូវឲ្យអ្នក​បើ​ក​បរ​រថយន្ត​ខ្លួន យក​រថយន្ត​ដែល​ប្រើ​ប្រាស់ក្នុងតំណែងជានាយករដ្ឋមន្ត្រី រួមទាំង​យានយន្តអម​៤គ្រឿងទៀតទៅ​ប្រគល់ឲ្យ​រដ្ឋាភិបាល​វិញ ដោយ​លោកនៅ​បន្ត​ប្រើ​ប្រាស់​រថយន្ត Mercedes Benz ដែលជាមធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​វិញ។
 
សារព័ត៌មាន​ថៃ មិនបាន​ផ្តល់ព័ត៌មាន​លម្អិតទាក់ទង​នឹង​រថយន្ត ក៏ដូចជាយានយន្ត​អម ដែល​អតីតមេដឹកនាំ​យោធា​រូបនេះ សម្រេច​ប្រគល់ជូន​រដ្ឋវិញនោះឡើយ ប៉ុន្តែបានគូសបញ្ជាក់ថា នេះជាការ​សម្រេច​ចិត្ត​ដើម្បីទប់​ស្កាត់​រលក​នៃការរិះគន់​ទៅ​លើ​រូបលោក ទាក់ទង​នឹង​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ។
 
កាលពី​ចុង​សប្តាហ៍​កន្លងមក លោក ប្រាយុទ្ធ បាន​ចុះ​សួរសុខ​ទុក្ខកងកម្លាំង ដែល​ចុះជួយ​ជន​រងគ្រោះដោយទឹក​ជំនន់នៅ​ខេត្តអាយុធ្យា។ នា​ខណៈនោះ គេ​បាន​សង្កេត​ឃើញ​លោកធ្វើ​ដំណើរ​ជាមួយ​រថយន្ត Toyota Land Cruiser របស់​ក្រសួងការពារជាតិ។
 
កាលពីថ្ងៃទី​២៤ ខែសីហា តុលាការធម្មនុញ្ញថៃ បានបញ្ជាឱ្យលោកប្រាយុទ្ធព្យួរការកាន់តំណែងជានាយករដ្ឋមន្រ្តី។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញទទួលពាក្យបណ្តឹងរបស់បក្សប្រឆាំងថៃ ដើម្បីកំណត់អាណត្តិរបស់លោកប្រាយុទ្ធ ដែលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៤ មក។ 
 
រដ្ឋធម្មនុញ្ញថៃ កំណត់ឱ្យអ្នកនយោបាយថៃ កាន់តំណែងបានត្រឹម ៨ឆ្នាំប៉ុណ្ណោះ ហើយ​បន្ទាប់ពីព្យួរនេះ ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwon បានឡើង​កាន់​តំណែងជានាយករដ្ឋមន្រ្តីចាំផ្ទះ ប៉ុន្តែលោក​សុខ​ចិត្តមិនអង្គុយ​លើ​កៅអីនាយករដ្ឋមន្ត្រី ដើម្បីទុកកិត្តិយសជូន​លោក​ប្រាយុទ្ធ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com