អន្តរជាតិ
កម្ពុជា បរិច្ចាគ ៥ម៉ឺនដុល្លារ ជូនប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់
05, Sep 2022 , 9:25 pm        
រូបភាព
ប៉ាគីស្ថាន រងគ្រោះដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។ រូបថត AFP
ប៉ាគីស្ថាន រងគ្រោះដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។ រូបថត AFP
ភ្នំពេញ៖ កម្ពុជា បរិច្ចាគជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ចំនួន៥ម៉ឺនដុល្លារ ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងបំផ្លិតបំផ្លាញប្រទេស និងសម្លាប់មនុស្សជាច្រើន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នាយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

 

ទឹកជំនន់នៅរដូវមូសុងឆ្នាំ២០២២នេះ បានប៉ះពាល់ដល់ប្រជាជនប៉ាគីស្ថានជាង ៣៣លាននាក់ឯណោះដែលច្រើនបំផុតមិនធ្លាប់មាន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ចាប់តាំងពីគ្រោះទឹកជំនន់ចាប់ផ្ដើម ផ្ទះសម្បែងប្រជាជនជិត ១លានខ្នង ផ្លូវថ្នល់ជាង៣ពាន់គីឡូម៉ែត្រ រួមទាំងស្ពានចំនួន ១៤៩កន្លែងក៏ត្រូវបានខូចខាត។ ទឹកជំនន់ បានសម្លាប់សត្វចិញ្ចឹមអស់ជាង ៧០ម៉ឺនក្បាល និងធ្វើឱ្យដំណាំដាំដុះជាង ២លានហិចតាត្រូវបានបំផ្លាញគ្មានសល់។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប៉ាគីស្ថានបាន ជាង១ពាន់នាក់គិតចាប់តាំង គ្រោះធម្មជាតិនេះកើតឡើងនៅពាក់កណ្ដាលខែមិថុនាមក។  នេះបើយោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ដោយអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន (NDMA)។ 

ស្ថានភាពគ្រោះធម្មជាតិនៅប៉ាគីស្ថានពេលនេះ ជាគ្រោះមហន្តរាយប្រវត្តិសាស្ត្រមិនធ្លាប់ជួប។ កាលពីឆ្នាំ២០១០ ប្រទេសអាស៊ីខាងត្បូងមួយនេះ បានជួបវិបត្តិទឹកជំនន់ធំដែរ តែប៉ះពាល់ដល់ប្រជាជនជាង២០លាននាក់ប៉ុណ្ណោះ។ ប្រទេសជិតខាងរបស់ប៉ាគីស្ថាន ដូចជាអាហ្វហ្គានីស្ថាន ក៏កំពុងជួបវិបត្តិគ្រោះទឹកជំនន់ដែរ៕ 
 

Tag:
 ក្រសួងការបរទេស
  កម្ពុជា
  ជំនួយ
  ប៉ាគីស្ថាន
  គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com