ជាតិ
សង្គមជាតិ
កុំឲ្យជំនឿ រំលងវិចារណញ្ញាណ!
06, Sep 2022 , 3:30 pm        
រូបភាព
«ត្រូវដាក់បញ្ញានៅពីមុខជំនឿ ត្រូវដាក់បញ្ញានៅពីលើជំនឿ។ ប្រើបញ្ញាពិចារណាជាមុន ហើយចាំសម្រេចថា ជឿឬមិនជឿតាមក្រោយ។ កុំឲ្យជំនឿគ្របដណ្តប់លើបញ្ញា»។



មនុស្សគ្រប់រូប មានសិទ្ធិជឿលើទស្សនៈ លទ្ធិ សាសនា ឬ និកាយណាមួយដោយសេរី។ គេ ថែមទាំងមានសិទ្ធិដើរតាម និងគោរពប្រតិបត្តិលើបុគ្គល ដែលជាម្ចាស់ទស្សនៈ លទ្ធិ សាសនា ឬនិកាយនោះផងដែរ។ ប៉ុន្តែ រឿងសំខាន់មួយដែលគេមិនត្រូវភ្លេច គឺ មិនត្រូវជឿអ្វីទាំងងងឹតងងល់ ឬមិនត្រូវជឿអ្វីដោយខ្វះការពិចារណាឡើយ។

រាល់អ្វីដែលអ្នកជឿ អ្នកត្រូវច្បាស់ក្នុងខ្លួនថា បានឆ្លងកាត់ការពិចារណារបស់អ្នករួចហើយ។ ពិចារណាយ៉ាងម៉េច? ពិចារណាថា រឿងនោះ សមហេតុផលដែរឬទេ រឿងនោះ ពិតដែរឬទេ ឬរឿងនោះ អាចទៅរួចដែរឬទេ ជាដើម។ បើពិចារណាទៅឃើញថា រឿងនោះ មិនសមហេតុផល ឬមិនអាចកើតឡើងទាល់តែសោះ ចូរអ្នកកុំជឿឡើយ ទោះបុគ្គល ដែលនិយាយនោះ ជាអ្នកណាក៏ដោយ។

កុំជឿ ព្រោះគ្រាន់តែបានស្តាប់បានឮតៗគ្នា កុំជឿ ព្រោះការធ្វើតៗគ្នា កុំជឿ ព្រោះការនិយាយតៗគ្នា កុំជឿ ព្រោះគម្ពីរ និង កុំជឿ ព្រោះបុគ្គលនោះជាគ្រូ។ ទាំងអស់នេះ គឺជាបម្រាមរបស់ព្រះពុទ្ធជាម្ចាស់ ដែលទ្រង់ហាមសត្វលោកមិនឲ្យជឿ។ គេ អាចជឿក្នុងរឿងទាំងអស់នេះ លុះត្រាតែគេ ពិចារណាឃើញថា មានហេតុផលជាមុនសិន។

ការជឿអ្វីមួយ ត្រូវភ្ជាប់ជាមួយបញ្ញា។ ជំនឿ ដែលខ្វះបញ្ញា ឬជំនឿ ដែលប្រាសចាកហេតុផល នឹងនាំមកនូវគុណវិបត្តិផ្សេងៗ។ ក្នុងសង្គមខ្មែរ ធ្លាប់កើតមានជំនឿ ដែលប្រាសចាកហេតុផលច្រើនលើកច្រើនសាមកហើយ។

ធ្លាប់មានគេ ប្រកាសខ្លួនថា ជាព្រះអរិយមេតេយ្យ ត្រាស់ដឹង។ ធ្លាប់មានគេ ប្រកាសខ្លួនថា ជាព្រះបាទជយវរ្ម័ន ចាប់ជាតិ។ ធ្លាប់មានគេ ប្រកាសខ្លួនថា ជាព្រះបាទធម្មិក។ ធ្លាប់មានគេ ប្រកាសខ្លួនថា ជាសម្តេច ជួន ណាត ប្រសូត។ ទាំងនេះ សុទ្ធតែជាមង្គលភ្ញាក់ផ្អើល ដែលធ្លាប់កើតមានក្នុងសង្គមខ្មែរ ហើយបានធ្វើឲ្យប្រជាជនខ្មែរមួយចំនួន ជឿនិងរត់ទៅរកអ្នកប្រកាសខ្លួនទាំងនោះ ដោយទីបំផុត គ្មានបានអ្វីក្រៅពីការខាតបង់ពេលវេលា និងទ្រព្យធន។

ធ្លាប់មានគេ បំផុសបំផុលថា ត្រូវហូបសណ្តែកខៀវ ទើបរួចផុតពីសេចក្តីស្លាប់។ ធ្លាប់មានគេ បំផុសបំផុលថា ពេលយប់ បើមានសំឡេងគោះទ្វារ កុំបើក ហើយបើឮសំឡេងអ្វីនៅក្រោមផ្ទះ កុំមាត់ ត្រូវរក្សាភាពស្ងៀមស្ងាត់ ព្រោះសំឡេងនោះ ជាខ្មោច-ព្រាយបិសាច។ ធ្លាប់មានគេ បំផុសបំផុលថា ហូបពងមាន់-ពងទា អាចការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩។ អបិយជំនឿទាំងនេះ ក៏មានប្រជាជនខ្មែរខ្លះជឿដែរ និងបានធ្វើតាមការបំផុសបំផុសទាំងនេះពិតមែន។

តាមពិត ជំនឿទាំងអស់ខាងលើ សុទ្ធតែជារឿងប្រឌិត ជារឿងភូតកុហក និងពុំបានកើតមានឡើងនោះទេ។ ទោះជាសង្គមខ្មែរ ធ្លាប់ជួបប្រទះស្ទើរជោកជាំនូវជំនឿដែលមិនគួរឲ្យជឿបែបនេះក្តី តែសង្គមខ្មែរ នៅតែមិនអស់ជំនឿបែបនេះ ហើយក៏នៅតែមានអ្នកជឿដដែល។

ជាក់ស្តែង ឈានដល់ឆ្នាំ២០២២ ជាសម័យកាល ដែលវិទ្យាសាស្រ្តជឿនលឿនខ្លាំង ការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹង មានភាពទូលំទូលាយទៅហើយ តែប្រជាជនខ្មែរមួយចំនួន នៅតែជឿលើរឿងដែលមិនគួរឲ្យជឿទាល់សោះ នោះគឺរឿងវិនាសអន្តរាយរបស់ពិភពលោក ដោយសារទឹកលិច។

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រាប់គេឯងថា លោក គឺជាព្រះព្រហ្មរក្សាលោក។ លោក ប្រកាសថា ពិភពលោកទាំងមូល នឹងត្រូវជន់លិចដោយសារទឹក ហើយមនុស្ស និងអ្វីៗគ្រប់យ៉ាង នឹងត្រូវវិនាសអន្តរាយ។ ប៉ុន្តែ លោក បែរជាអះអាងថា មានតែដីចម្ការទំហំជាង១០ហិកតារបស់លោក ស្ថិតនៅក្បែរជើងភ្នំគូលែនប៉ុណ្ណោះ ដែលទឹកមិនអាចជន់លិចបាន ដូច្នេះ អ្នកដែល ចង់រស់រានមានជីវិត ត្រូវរត់ទៅដីចម្ការរបស់លោក។

ពិតជាមានអ្នកជឿលោកមែន ហើយអ្នកដែលជឿទាំងនោះ គឺជាអ្នកដែលគាំទ្រលោក និងគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ពលករខ្មែរខ្លះ រត់ចេញពីប្រទេសកូរ៉េ ពលករខ្មែរខ្លះ រត់ចេញពីប្រទេសជប៉ុន និងពលករខ្មែរខ្លះ រត់ចេញពីបណ្តាប្រទេសផ្សេងៗទៀត ដើម្បីទៅកាន់ចម្ការរបស់លោក ខឹម វាសនា។ រីឯអ្នកនៅស្រុកឯណេះវិញ អ្នកខ្លះ បោះបង់ឪពុកម្តាយ កូនចៅ សាច់ញាតិ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ដើម្បីទៅរស់នៅជិតលោក ខឹម វាសនា ដែលពួកគេ និយមហៅថា លោកពុក ឬលោកពូ ហើយចុងក្រោយនេះ ពួកគេ ជឿថា លោក ខឹម វាសនា គឺជាព្រះព្រហ្មរក្សាលោក។

ជាលទ្ធផល តើអ្វីដែលលោក ខឹម វាសនា និយាយ ជាការពិត និងបានកើតឡើងដែរឬទេ? គឺអត់ទេ។ អ្វីដែលកើតឡើងពិតប្រាកដ ពីការប្រកាសរបស់លោក ខឹម វាសនា គឺនាំឲ្យមានបញ្ហាដល់សង្គម ដូចជា ឪពុកម្តាយ និងកូន បែកបាក់គ្នា ពលករនៅក្រៅប្រទេស​ បាត់បង់ការងារ ប្រជាជន ខាតពេលវេលា និងទ្រព្យសម្បត្តិ ជាអាទិ៍។ 

កុំទាន់ជឿ ចាំគិតឃើញថា សមហេតុផលសិន ចាំជឿ។ ជំនឿ ដែលខ្វះវិចារណញ្ញាណ តែងនាំទៅរកសេចក្តីវិនាស៕

Tag:
 ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com