ជាតិ
តំណាងយូណេស្កូ៖«សិល្បៈខ្មែរ ទទួលបានការកោតសរសើរទូទាំងពិភពលោក»
08, Sep 2022 , 11:25 am        
រូបភាព
ការសម្តែងសិល្បៈខ្មែរ ក្នុងសន្និសីទអន្តរជាតិស្តីពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ (រូបពីក្រសួងវប្បធម៌កម្ពុជា)
ការសម្តែងសិល្បៈខ្មែរ ក្នុងសន្និសីទអន្តរជាតិស្តីពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ (រូបពីក្រសួងវប្បធម៌កម្ពុជា)
ក្នុងសន្និសីទអន្តរជាតិដ៏ធំមួយ ដែលពិភាក្សាអំពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ លោក សាដា យូម៉ា អាឡាំ (Sardar Umar Alam) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានបង្ហាញពីភាពល្បីល្បាញនៃសិល្បៈនិងសម្បត្តិវប្បធម៌ខ្មែរ ដែលរីកសុះសាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។ ទន្ទឹមនេះ លោក ក៏រំលេចពីភាពរងគ្រោះរបស់កម្ពុជាដែរ ដែលបានបាត់បង់សម្បត្តិវប្បធម៌ ដោយសារការលួចជួញដូរក្នុងទីផ្សារងងឹត។ 

 
«សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា បានទទួលរងការជួញដូរដោយខុសច្បាប់តាំងពីរាប់រយឆ្នាំមកហើយ។ សិល្បៈខ្មែរ ត្រូវបានកោតសរសើរយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយវត្ថុវប្បធម៌រាប់មិនអស់ត្រូវបានលួច និងលក់ដោយខុសច្បាប់នៅលើទីផ្សារសិល្បៈអន្តរជាតិ»។ នេះជាសម្តីរបស់លោក អាឡាំ ដែលត្រូវបានដកស្រង់យកទៅផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌កម្ពុជា។ 
 
លោក គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិខាងលើ ដែលលោក មើលឃើញថា អាចជំរុញកិច្ចសន្ទនារវាងបណ្តាប្រទេសកក្នុងតំបន់អាស៊ាន ឲ្យមានកិច្ចការពារសម្បត្តិវប្បធម៌។ សន្និសីទនេះ ត្រូវបានរៀបចំឡើងខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ តំណាងអង្គការយូណេស្កូរូបនេះ សរសើរកម្ពុជាថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីទាមទារឲ្យប្រគល់សម្បត្តិវប្បធម៌ ដែលជាស្នាដៃល្អឯក ដល់កម្ពុជាវិញ។ 
 

លោក សាដា យូម៉ា អាឡាំ ថ្លែងក្នុងសន្និសីទអន្តរជាតិស្តីពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ (រូបពីក្រសួងវប្បធម៌កម្ពុជា)។
 
អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ក្នុងសន្និសីទនេះថា សម្បត្តិវប្បធម៌ ជាមូលដ្ឋានគ្រឹះនៃអតីតកាល បច្ចុប្បន្នកាល និងអនាគត សម្រាប់ជាតិសាសន៍នីមួយៗ ដូច្នេះ តម្រូវឲ្យបណ្តាប្រទេសពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌។ អ្នកស្រី បន្តថា សម្បត្តិវប្បធម៌ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រាជ្ញា ចំណេះដឹង និងមោទនភាពជាតិសាសន៍មួយៗ។ 
 
ទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ បានសរសេរពីសុទ្ទរកថារបស់អ្នកស្រីរដ្ឋមន្ត្រីដូច្នេះថា៖«ការការពារសម្បត្តិវប្បធម៌ទាំងនោះ សហគមន៍ [អន្តរជាតិ] នឹងទទួលបានអត្ថប្រយោជន៍ពីតម្លៃសេដ្ឋកិច្ចរបស់ខ្លួន ដោយសារសម្បត្តិវប្បធម៌ ផ្តល់ការចិញ្ចឹមជីវិត និងការបង្កើតប្រាក់ចំណូល»។


អ្នកស្រី ភឿង សកុណា ស្ថិតក្នុងសន្និសីទអន្តរជាតិស្តីពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ (រូបពីក្រសួងវប្បធម៌កម្ពុជា)។ 
 
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់អង្គសន្និសីទអន្តរជាតិនេះថា នៅតំបន់អាស៊ាន កម្ពុជា រងគ្រោះខ្លាំងជាងគេ ពីការជួញដូរសម្បត្តិវប្បធម៌។ លោក ចាត់ទុក ការជួញដូរសម្បត្តិវប្បធម៌ គឺជាឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ និងជាបញ្ហាប្រឈមរួមមួយ ដែលត្រូវដោះស្រាយដោយប្រទេសអាស៊ានទាំងអស់៕ 
 

 លោក ប្រាក់ សុខុន ថ្លែងតាមប្រព័ន្ធវីដេអូ ទៅកាន់សន្និសីទអន្តរជាតិស្តីពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ (រូបពីក្រសួងការបរទេសកម្ពុជា)។ 
 

Tag:
 សម្បត្តិវប្បធម៌
  វត្ថុបុរាណ
  Sardar Umar Alam
  យូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com