ជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖ ជនល្មើសដែលលួចជួញដូរមនុស្សនៅកម្ពុជា ៩៩,៩៩ភាគរយជាបរទេស
08, Sep 2022 , 3:29 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អះអាងថា ភាគច្រើនបំផុតនៃឧក្រិដ្ឋជន ឬមេខ្លោង ដែលលួចប្រព្រឹត្តអំពើជួញដូរមនុស្សចេញ-ចូលកម្ពុជា គឺជាជនបរទេស។ ឧក្រិដ្ឋជនបរទេសទាំងនោះ ដែលសម្តេច លើកឡើងធ្វើជាឧទាហរណ៍ មានដូចជា វៀតណាម ចិន ចិន-តៃវ៉ាន់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ជាដើម។

 
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេច ខេង ថ្លែងដូច្នេះថា៖«ជនល្មើសជាមេខ្លោងជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជា ដើម្បី [ធ្វើជា] ទីកន្លែងប្រព្រឹត្តិបទល្មើស អ៊ីចឹងកម្ពុជាយើង ជាទីកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើសដែលជាមេខ្លោងនោះ ៩៩,៩៩ភាគរយ គឺមិនមែនខ្មែរ ហើយមេខ្យល់ ដែលរៀបចំបញ្ជូនមនុស្សចេញពីប្រទេសរបស់ខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរដែរ»។
 
ជាមួយគ្នានេះ សម្តេចរដ្ឋមន្រ្តី បានប្រកាសថា កម្ពុជា កំពុងជួបប្រទះបទល្មើសថ្មី១ទៀត គឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ សម្តេច ចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍នេះ ជា «បទល្មើសដ៏សាហាវចុងក្រោយ» ដែលកំពុងកើតមានលើទឹកដីកម្ពុជា។ សម្តេចប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្តអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យរួមគ្នាកាន់តែសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ខណៈបទល្មើសប្រភេទនេះ កំពុងកើតឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់កម្ពុជា។ 
 
គួរកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ បានប្រឹងប្រែងកាន់តែខ្លាំងក្នុងការបង្ក្រាបអំពើជួញដូរមនុស្ស អំពើជួញដូរកម្លាំងពលកម្ម និង អំពើជួញដូរផ្លូវភេទ។ ការខ្នះខ្នែងរបស់កម្ពុជា កើតឡើងបន្ទាប់ពីអាម៉េរិក កាលពីខែកក្កដា ឆ្នាំ២០២២ បានដាក់កម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសដែលមានអំពើលួចជួញដូរមនុស្សធ្ងន់ធ្ងរ។
 
សម្តេច ស ខេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យកន្លែងរស់នៅរបស់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីរុករកបទល្មើសទាំងនេះ។ លើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដែលរួចផុតការត្រួតពិនិត្យ។ របាយការណ៍ ដែលបញ្ចេញដោយរដ្ឋមន្រ្តីមហាផ្ទៃនាពេលថ្មីៗនេះ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ អាជ្ញាធរកម្ពុជា បានរកឃើញអំពីជួញដូរមនុស្ស និងអំពីជួញដូរកម្លាំងពលកម្មជាង៨០ករណី ដោយមានជនបរទេសជាជនរងគ្រោះជិត៩០០នាក់ ត្រូវបានជួយសង្គ្រោះ និងជនល្មើសជាង៨០នាក់ ត្រូវបានឃាត់ខ្លួន៕
  

Tag:
 ស ខេង
  អំពើជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com