ជាតិ
CDC អនុម័តឲ្យបង្កើតរោងចក្រផលិតរថយន្ត Toyota គ្រឿងបង្គុំ និងសម្លៀកបំពាក់នៅកម្ពុជា 
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ។ រូបពី CDC
×![]()
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ជាង៤៣លានដុល្លារ ផលិតរថយន្តតូយ៉ូតា ផលិតប្រអប់ និងគ្រឿងបង្គុំ សម្លៀកបំពាក់ និងឧបករណ៍បញ្ជូនទិន្នន័យគ្រប់ប្រភេទនៅកម្ពុជា។
បើតាម CDC ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលគ្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា។ ក្រុមហ៊ុនដាក់ទុនវិនិយោគចំនួន ៣៦,៧លានដុល្លារ និងបង្កើតការងារបាន ១៥០នាក់។
លើសពីនេះ CDC ក៏បានអនុម័តឲ្យក្រុមហ៊ុន WCFO (Cambodia) Co., Ltd. បង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ។ ក្រុមហ៊ុនដាក់ទុនវិនិយោគចំនួន ៣,៨លានដុល្លារអាមេរិក និងបង្កើតការងារបាន ១៥០នាក់។
បន្ថែមពីនេះ CDC ក៏សម្រេចឲ្យក្រុមហ៊ុន Thirty Three Apparels (Cambodia) Co., Ltd. ដែលបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងតម្លៃវិនិយោគ ២,១ លានដុល្លារ ដែលអាចបង្កើតការងារ ៤៥០កន្លែង។
ទន្ទឹមនេះ CDC ក៏បានយល់ព្រមឲ្យក្រុមហ៊ុន A & M Clothing Co., Ltd. ដែលបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ផងដែរ។ ក្រុមហ៊ុនវិនិយោគទុននេះមានចំនួន ១លានដុល្លារ និងបង្កើតការងារ ១០០នាក់។
ក្រៅពីក្រុមហ៊ុនទាំង៤ខាងលើ CDC ក៏បានអនុម័តឲ្យក្រុមហ៊ុន WCFO ASAMA Co., Ltd. បង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក។ ក្រុមហ៊ុននេះ មានទុនវិនិយោគជិត១លានដុល្លារ និងបង្កើតការងារបានប្រមាណ ១០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com