ជាតិ
រដ្ឋមន្រ្តីអប់រំ៖«ការចេះអក្សរ ជាគ្រឹះនៃចំណេះដឹង និងអាចកែលម្អជីវិត»
09, Sep 2022 , 1:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ថ្លែងក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិលើកទី២២ ដែលត្រូវបានរៀបចំឡើងនៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបពីក្រសួងអប់រំ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ថ្លែងក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិលើកទី២២ ដែលត្រូវបានរៀបចំឡើងនៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបពីក្រសួងអប់រំ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ថ្នាក់អក្ខរកម្ម កំពុងដំណើរការ នៅតាមបណ្តារោងចក្រ សហគ្រាស ពន្ធនាគារ និងនៅតាមភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស។ លោក ចាត់ទុកដំណើរការថ្នាក់អក្ខរកម្មនេះ ថាជាការបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្នុងការដោះស្រាយអនក្ខរកម្ម (ការមិនចេះអក្សរ) នៅកម្ពុជា។



ក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិលើកទី២២ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន ថ្លែងដូច្នេះថា៖«អក្ខរកម្ម គឺជាគ្រឹះនៃចំណេះដឹង។ អក្ខរកម្ម គឺជាគ្រឹះនៃការអប់រំ។ អក្ខរកម្ម ជួយមនុស្សឲ្យយល់ដឹង វិភាគព័ត៌មានទូទៅ ទទួលបានចំណេះដឹងថ្មីៗ បង្កើតឱកាសនៃការកែលម្អគុណភាពជីវិត និងជាមូលដ្ឋាននៃការសិក្សាពេញមួយជីវិត»។  
 
លោករដ្ឋមន្រ្តីអប់រំ បន្តថា អក្ខរកម្ម ជួយប្រជាពលរដ្ឋឲ្យទទួលការអប់រំផ្នែកភាសា វិទ្យាសាស្រ្ត វប្បធម៌ និងសេដ្ឋកិច្ច ជាដើម ដើម្បីឆ្ពោះទៅរកការកសាងមូលដ្ឋានមនុស្សក្នុងសង្គម និងការអភិវឌ្ឍប្រទេស។ លោក បន្ថែមថា ការរៀនអក្ខរកម្ម មិនត្រឹមតែចេះអក្សរ និងលេខនព្វន្តប៉ុណ្ណោះទេ ថែមទាំងអាចរៀនកម្មវិធីបំនិនជីវិត និងចាប់យកមុខជំនាញ ឬមុខរបរផ្សេងៗទៀតផង។ លោក សង្កត់ធ្ងន់ថា មនុស្សម្នាក់ យ៉ាងហោចណាស់ ត្រូវមានជំនាញ១ក្នុងជីវិត។  
 
តាមរយៈសារលិខិត ដែលចេញក្នុងទិវាអក្ខរកម្មជាតិលើកទី២២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឲ្យក្រសួង ស្ថាប័ន និងគ្រឹះស្ថានសិក្សា បង្កើនកម្មវិធីអប់រំពេញមួយជីវិត ដោយកម្មវិធីអប់រំពេញមួយជីវិតនោះ រាប់បញ្ចូលទាំងផ្នែកអក្ខរកម្ម វិជ្ជាជីវៈ និងបច្ចេកវិទ្យាផងដែរ។ ជាមួយគ្នានេះ សម្តេច ណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់ ជំរុញប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឲ្យបានសិក្សាជាថ្មីឡើងវិញ។ 
 
ប្រមុខរដ្ឋាភិបាល ផ្តល់ទស្សនទានបែបនេះថា៖«មានអក្ខរកម្ម មានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម ជាពិសេស អក្ខរកម្ម ជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត»៕ 
 

Tag:
 អក្ខរកម្ម
  ហង់ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com