គណកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៨ ខែកញ្ញា ព្រមានសមាគមកីឡាអូឡាំពិកឥណ្ឌា (IOA) ប្រឈមមុខការដាក់ពិន័យមិនឱ្យមានអត្តពលិកចូលរួមប្រកួតកីឡាអូឡាំពិក ចាប់ពីខែធ្នូតទៅ ប្រសិនប្រទេសនេះគ្មានដំណោះស្រាយលើបញ្ហាជម្លោះផ្នែកអភិបាលកិច្ច និងការបោះឆ្នោតរើសប្រធានសមាគមឱ្យបានត្រឹមត្រូវទេនោះ។
ក្រោយការព្រមានដាក់ពិន័យនេះ ប្រធានក្រុមប្រឹក្សា IOC ក៏បានសម្រេចចិត្តពន្យារពេលគម្រោងសម័យប្រជុំរបស់ខ្លួនក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្នុងខែឧសភា ឆ្នាំ ២០២៣ ទៅខែកញ្ញា និងតុលាវិញ។
រឿងហេតុបណ្តាលឱ្យឈានដល់ការព្រមានពីសំណាក់ IOC បែបនេះ ក៏ព្រោះតែ ការបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រង IOA ថ្មី ដែលត្រូវបានធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០២១ ត្រូវពន្យារដោយសារមានការលូកដៃពីតុលារក្នុងស្រុកដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលឥណ្ឌា។
តុលាការនោះបានព្យាយាមតែងតាំងមន្ត្រីដឹកនាំ IOA ថ្មីដែលស្ថិតក្រោមរដ្ឋភិបាលឥណ្ឌាដោយខ្លួនឯង ក្នុងគោលបំណងឱ្យកែប្រែច្បាប់នៃស្ថាប័នមួយនេះស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា។
លើបញ្ហានេះ IOC ព្រមានចំៗទៅ ឥណ្ឌាឱ្យរកដំណោះស្រាយ សមស្រប ឱ្យទាន់ពេលវេលាត្រឹមខែធ្នូ បើមិនចង់ព្រឈមការដាក់ពិន័យ។ ការព្រមានដាក់ពិន័យនេះបានន័យថា អត្តពលិកឥណ្ឌានឹងអាចត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនានា ហើយ IOC ក៏នឹងរារាំងការផ្តល់មូលនិធិណាមួយទៅកាន់ IOA ដូចគ្នា។
«ដើម្បីចង្អុលបង្ហាញផ្លូវចំពោះដំណោះស្រាយនៃការបោះឆ្នោត IOC និងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅចុងខែកញ្ញានេះ ហើយដោយមើលឃើញពីស្ថានភាពមិនច្បាស់លាស់ សម័យប្រជុំរបស់ IOC ដែលគ្រោងធ្វើឡើងនៅទីក្រុងបុមបៃក្នុងខែឧសភា ឆ្នាំ ២០២៣ នឹងត្រូវពន្យារពេលរហូតដល់ចន្លោះខែកញ្ញា និងតុលា ឆ្នាំ ២០២៣។ រឿងវានឹងពឹងផ្អែនការស្រេចចិត្តអំឡុងពេលកិច្ចប្រជុំបន្ទាប់នៅខែធ្នូ ឆ្នាំ ២០២២ ទាក់ទងទៅនិងគណកម្មាធិការអូឡាំពិកអន្តរជាតិ នៃប្រទេសឥណ្ឌា »។ នេះបើតាមសេចក្តីថ្លែងការណ៍ IOC។
លើសពីនេះក្រុមប្រឹក្សា IOC ក៏បានអះអាងបន្ថែមថា នឹងមានការសម្រេចលើ សម័យប្រជុំ IOC ក្នុងឆ្នាំ ២០២៣ អាចបន្តធ្វើក្នុងប្រទេសឥណ្ឌា ឬក៏ត្រូវផ្លាស់ប្តូរ។
មិនមែនលើកទីមួយឡើយដែល IOA ធ្លាប់រងពិន័យបែបនេះពី IOC។ ឆ្នាំ ២០១២ IOA រងពិន័យ២ឆ្នាំ ក្រោយ IOC រកឃើញអគ្គលេខាធិការ IOA ជាប់ឆ្នោតកាលនោះ ជាមនុស្សមានរឿងអាស្រូវពុករលួយ។ ឆ្នាំ ២០១៤ IOC ដកពិន័យវិញ ក្រោយមានការបោះឆ្នោតថ្មីកើតឡើង។
សូមជម្រាបថាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ នឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយអូឡាំពិករដូវរងារឆ្នាំ ២០២៦ នឹងធ្វើឡើងនៅទីក្រុង Milan និង Cortina D’Ampezzo ប្រទេសអ៊ីតាលី៕