ជាតិ
ខេត្តរតនគិរី ពិបាករកកម្មករ ធ្វើការក្នុងវិស័យកៅស៊ូ ដោយសារបញ្ហាតម្លៃកសិផល 
រូបភាពដោយ កញ្ញា ខន ចំប៉ា
×![]()
ភ្នំពេញ៖ ក្រោយវិបត្តិកូវីដ-១៩ វិស័យកសិឧស្សាហកម្ម ក្នុងខេត្តរតនគិរីកំពុងមានការកើនឡើងឱ្យកត់សម្គាល់។ ផ្ទៃដីដាំដំណាំកៅស៊ូ កើនឡើងជិត១០ម៉ឺនហិកតាទូទាំងខេត្ត។ ក្រៅពីនេះក៏មានដំណាំម្រេច ស្វាយចន្ទី និងចេកអំបូង ដែលកំពុងមានតម្រូវការខ្ពស់។
ទន្ទឹមនឹងការកើនឡើងនៃដាំណាំទាំងនេះ វិស័យកសិឧស្សាហកម្ម ក៏មានតម្រូវការកម្លាំងពលកម្មបន្ថែមផងដែរ។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់សារព័ត៌មានThmeyThmey25 តាមតេឡេក្រាមថា កម្លាំងពលកម្ម ដែលកំពុងមានបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់តម្រូវនៅថ្ងៃមុខឡើយ ជាពិសេសនៅ៤ទៅ៥ឆ្នាំខាងមុខទៀត ពេលដំណាំកៅស៊ូអាចជាបាន។ ជាមួយគ្នានោះ ខាងក្រុមហ៊ុនចិន និង វៀតណាម ក៏បានស្នើឱ្យលោក ញ៉ែម សំអឿន ជួយរកកម្មករបន្ថែមផងដែរ។
អភិបាលរតនគិរី បានប៉ាន់ប្រមាណថា កម្លាំងពលកម្ម ដែលត្រូវការក្នុងវិស័យកសិឧស្សាហកម្មមានចំនួនជាង២ម៉ឺននាក់។ យ៉ាងណាមិញ ការស្វែងរកកម្លាំងពលកម្មបន្ថែមនេះ ហាក់មិនមានភាពងាយស្រួលឡើយ ដ្បិតថ្លៃកម្លាំងពលកម្មនៅមានកម្រិត។
«ព្រោះវាជាទីផ្សារសេរី វាពិបាកមែនទែនក្នុងការរកកម្លាំងបន្ថែមនេះ វាមានតែការធ្វើយ៉ាងណាប្រាក់ខ្ពស់ ទើបគេមក។ ទី១ ដោយសារតម្លៃកៅស៊ូវាធ្លាក់ចុះ។ និយាយរួមវាមិនងាយឡើង វាធ្លាក់ចុះតាំងពីដើម។ ទី២ យើងបានឆ្លងកាត់នៅជំងឺឆ្លងកូវីដ-១៩ អ៊ីចឹងទៅអ្វីៗមានការស្ងប់ស្ងាត់។ ម្ចាស់ចម្ការខ្លះអត់បានជាជ័រ ដោយសារអត់កម្លាំងកម្មករ»។ នេះជាការលើកឡើងរបស់លោក ញ៉ែម សំអឿន ដោយបន្ថែមថា មិនមែនតែខេត្តរតនគិរីឡើយ ដែលពិបាករកកម្លាំងពលកម្ម។ ខេត្តផ្សេងៗក៏ជួបបញ្ហានេះដូចគ្នា ដ្បិតថ្លៃពលកម្មទាមទារឱ្យមានតម្លៃថ្លៃ។
យ៉ាងណាមិញ លោក ញ៉ែម សំអឿន មិនទាន់អាចបញ្ជាក់ពីតម្លៃកម្លាំងពលកម្មសម្រាប់កម្មករ ដែលកំពុងត្រូវការនេះបានឡើយ៕
Tag:
កសិ-ឧស្សាហកម្ម
ដំណាំកៅស៊ូ
រនតគិរី
© រក្សាសិទ្ធិដោយ thmeythmey.com