កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីជប៉ុន Hasegawa ផ្ទេរពី West Ham ទៅ Man City ក្នុងកិច្ចសន្យា ៣ឆ្នាំ
09, Sep 2022 , 9:29 pm        
រូបភាព
កីឡាការិនីបាល់ទាត់ជម្រើសជាតិជប៉ុន Yui Hasegawa ថ្ងៃទី៨ ខែកញ្ញា បានចូលរួមជាមួយក្រុម Manchester City ដោយផ្ទេរពីក្រុម West Ham United ជាមួយកិច្ចសន្យា ៣ឆ្នាំ។ ការមកដល់របស់កីឡាការិនីវ័យ ២៥ឆ្នាំ រូបនេះ ស្របពេលលីគកីឡាបាល់ទាត់នារី  Women’s Super League របស់អង់គ្លេសត្រៀមចូលរដូវកាលថ្មី។



មុនចូលរួម Man City កីឡាការិនីជប៉ុន Hasegawa បានចំណាយពេល ១រដូវកាលជាមួយក្រុម ​West Ham និងបានបង្ហាញបច្ចេកទេសលេងបាល់ដ៏ប៉ិនប្រសប់។ Hasegawa ធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិនារីជប៉ុន ៥៨លើក ចាប់តាំងពេលនាងបង្ហាញខ្លួនក្នុងឆ្នាំ ២០១៧ មក ដោយនាងក៏បានលេងក្នុងការប្រកួត ​Women World Cup, Asian Cup ក៏ដូចជាព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូផងដែរ។
 
ស្ថិតក្នុងវ័យ ២៥ឆ្នាំ Hasegawa ក្លាយជាកីឡាការិនីជប៉ុនដំបូងដែលលេងឱ្យក្រុមនារី ​West Ham ដែលស្ថិតក្រោមការដឹកនាំរបស់លោក Gareth Taylor។ កីឡាការិនីរូបនេះក៏ជាកីឡាការិនីសញ្ជាតិជប៉ុនទី២ ដែលប្រកបអាជីពនៅក្នុងប្រទេសអង់គ្លេសជាពិសេសនៅក្របខណ្ឌ WSL បន្ទាប់ពីកីឡាការិនី Mana Iwabuchi ដែលលេងឱ្យក្រុមនារី Arsenal។
 
ក្រោយបានចូលរួមក្រុមខ្លាំងដូច Man City កីឡាការិនី Hasegawa បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ហើយនាងបាននិយាយថា វាជាក្តីសុបិន្តដ៏អស្ចារ្យមួយយ។
 
«វាពិតជាសុបិន្តដ៏ធំមួយនៃខ្ញុំដែលអាចមកកាន់ក្រុម Manchester City ដើម្បីលេងនៅទីនេះ ខ្ញុំរីករាយខ្លាំងណាស់ដែលមកកាន់ទីនេះ។ មនុស្សគ្រប់គ្នាមើលឃើញខ្ញុំថាជាកីឡាការិនីប្រយុទ្ធមួយ ប៉ុន្តែខ្ញុំក៏ចង់ដឹងពីបច្ចេកទេសនៃការការពារ នឹងភាពមិនអាចទាយទុកមុនបាន។ ខ្ញុំអាចមានមាឌតូច តែខ្ញុំពិតជារឹងមាំ ហើយខ្ញុំចង់បង្ហាញវាឱ្យគ្រប់គ្នាបានឃើញ។»។

Hasegawa និយាយប្រាប់គេហទំព័រផ្លូវការ ​Man City បែបនេះ។
 
មុនចាប់ផ្តើមរដូវកាលថ្មីនេះក្រុមនារី​ Man City កំពុងជាក្រុមស្ថិតក្នុងភាពចលាចល ដោយបានបាត់បង់កីឡាការិនីច្រើនរូបដូចជា កីឡាការិនីជើងចាស់ Ellen White ចូលនិវត្តន៍ ខណៈ Lucy Bronze, Georgia Stanway, Caroline Wier និង Keira Walsh បានចាក់ចេញ។
 
សូមជម្រាបថាក្រុមនារី Man City ដែលបញ្ចប់ចំណាត់លេខ៣ រដូវកាលមុន នឹងត្រូវចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនដោយត្រូវស្វាគមន៍ក្រុមនារី Arsenal នាថ្ងៃទី១១ ខែកញ្ញា៕
 

Tag:
 Yui Hasegawa
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com