ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រកម្ពុជា៖ មហាក្សត្រីអង់គ្លេស អេលីហ្សាបេតទី២ នឹងត្រូវចងចាំចំពោះការបូជារបស់ទ្រង់ទៅលើមាតុភូមិ
09, Sep 2022 , 5:17 pm        
រូបភាព
ព្រះឆាយាល័ក្ខណ័ព្រះមហាក្សត្រី អេលីហ្សាបេតទី២ ពី AFP។ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះបាទ នរោត្តម សីហមុនី ពីក្រសួងព័ត៌មានកម្ពុជា។
ព្រះឆាយាល័ក្ខណ័ព្រះមហាក្សត្រី អេលីហ្សាបេតទី២ ពី AFP។ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះបាទ នរោត្តម សីហមុនី ពីក្រសួងព័ត៌មានកម្ពុជា។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារដល់ព្រះមហាក្សត្រអង់គ្លេស ឆាលទី៣ (Charles lll) ដែលទើបឡើងសោយរាជ្យ ដើម្បីសម្តែងព្រះរាជហឫទ័យចូលរួមរំលែកទុក្ខចំពោះការសោយព្រះពិលាល័យរបស់ព្រះមហាក្សត្រីអង់គ្លេស អេលីហ្សាបេតទី២ (Elizabeth ll)។



តាមរយៈព្រះរាជសារ ដែលចេញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ព្រះករុណាជាម្ចាស់ជីវិតលើត្បូងនៃប្រជានុរាស្រ្តខ្មែរ ទ្រង់មានព្រះរាជឱង្ការទៅកាន់ព្រះមហាក្សត្រ ឆាលទី៣ ដូច្នេះថា៖«យើង សូមធ្វើអភិវន្ទន៍ដល់ព្រះមហាក្សត្រី អេលីហ្សាបេតទី២ ដែលជាព្រះមហាក្សត្រីសោយរាជ្យយូរជាងគេលើពិភពលោក ហើយជាព្រះមហាក្សត្រី ដែលគួរតែត្រូវបានចងចាំចំពោះព្រះរាជបូជនកិច្ចយ៉ាងខ្លាំងក្លារបស់ទ្រង់ ទៅលើជាតិមាតុភូមិ។ សូមឲ្យព្រះដួងវិញ្ញាណក្ខន្ធរបស់ទ្រង់ បានសោយក្នុងឋានសុគតិភព»។

ព្រះចៅក្រុងកម្ពុជា មានព្រះទូលទៀតថា ក្នុងនាមប្រជាជនខ្មែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ និងព្រះអង្គផ្ទាល់ សូមចូលរំលែកទុក្ខយ៉ាងស្មោះ និងសូមសម្តែងសមានចិត្តយ៉ាងជ្រាលជ្រៅជាមួយរាជវង្សានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការសោយព្រះពិលាល័យរបស់ព្រះមហាក្សត្រី អេលីហ្សាបេតទី២។ ព្រះអង្គ បន្តថា សតិអារម្មណ៍របស់ព្រះអង្គ និងប្រជាជនខ្មែរ ស្ថិតនៅជាមួយព្រះមហាក្សត្រ ឆាលទី៣ និងប្រជាជាតិចក្រភពអង់គ្លេស ក្នុងឱកាសដ៏ក្រៀមក្រំនេះ។

ព្រះមហាក្សត្រី អេលីហ្សាបេតទី២ ទ្រង់សោយព្រះពិលាល័យ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវង្សា បន្ទាប់ពីទ្រង់បានសោយរាជ្យអស់រយៈ៧០ឆ្នាំ។ មេដឹកនាំជាច្រើនប្រទេសលើពិភពលោក បាននាំគ្នាចូលរួមរំលែកទុក្ខជាមួយប្រជាជនអង់គ្លេសចំពោះការបាត់ព្រះមហាក្សត្រី អេលីហ្សាបេតទី២។ ព្រះអង្គម្ចាស់ ឆាល ដែលជាព្រះរាជបុត្រាច្បងរបស់ព្រះមហាក្សត្រី អេលីហ្សាបេតទី២ បានឡើងសោយរាជ្យបន្ត ដែលត្រូវបានហៅថា មហាក្សត្រ ឆាលទី៣៕

Tag:
 មហាក្សត្រកម្ពុជា
  មហាក្សត្រី អេលីហ្សាបេតទី២
© រក្សាសិទ្ធិដោយ thmeythmey.com