កីឡាអន្តរជាតិ
អន្តរជាតិ
World Cup កាតា៖ FIFA ត្រៀម១ពាន់លានដុល្លារលើប្រាក់រង្វាន់ ថ្លៃបង់ឱ្យក្លិប និងធានារ៉ាប់រង
11, Sep 2022 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ប្រកាសខ្ទង់ចំណាយ១ពាន់លានដុល្លារទៅលើក្រុមទាំង៣២ ក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២២ ពោលគឺកើនលើសឆ្នាំ ២០១៨ នៅរុស្ស៊ី ២៩ភាគរយ ស្មើនឹងជាង២០០លានដុល្លារ។ ប្រាក់ដ៏ច្រើននេះនឹងត្រូវប្រើសម្រាប់ប្រាក់រង្វាន់លើក្រុមទាំង៣២ ថ្លៃបង់ឱ្យក្លិបដែលមានកីឡាករលេងនៅព្រឹត្តិការណ៍នេះ ថ្លៃសេវ៉ាការពារ និងធានារ៉ាប់រងកីឡាករ​ និងក្លិប។


 
ការចំណាយប្រាក់រង្វាន់សម្រាប់ក្រុមទាំង៣២ នៅ World Cup ក្នុងប្រទេសកាតាសរុបអស់ ៤៥០លាន លើសការចំណាយនៅរុស្ស៊ី ឆ្នាំ២០១៨ ដែលចាយអស់៤០០លានដុល្លារ។ បើតាមការផ្សាយរបស់កាសែត Doha News ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ចាប់ពី​ពូ​ល A ដល់ H ក្រុម​នីមួយៗ​នឹង​ទទួលបាន​ប្រាក់​រង្វាន់ពី FIFA ចំនួន ២,៥​លាន​ដុល្លារ រួមទាំងបូកប្រាក់លើកទឹកចិត្តសម្រាប់ក្រុមឈ្នះផ្សេងទៀត ចំនួន៩លានដុល្លារ។​
 
ក្រុម​ណា​ដែល​អាច​ឈានដល់​វគ្គ១៦​ចុងក្រោយ ​នឹង​ទទួលបាន​ក្នុង​មួយក្រុម ៨​លាន​ដុល្លារ​ទៀត​។ សម្រាប់ក្រុមឈានដល់​វគ្គ១/៤​ផ្តាច់ព្រ័ត្រ នឹង​ទទួលបាន ១២លាន​ដុល្លារ ក្នុងមួយក្រុម​និង៤ក្រុមដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបានក្នុងមួយក្រុម១៦ដុល្លារ។​
 
ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នឹងទទួលបានប្រាក់រង្វាន់បន្ថែម ២២លានដុល្លារ ខណៈលេខ៣ ទទួលបាន២៦លានដុល្លារ។ ក្រុមតំណាងប្រទេស​ណា ​ដែល​អាចដណ្តើមបាន​តំណែង​ជើងឯក World Cup ឆ្នាំ​២០២២ នៅកាតា នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៤៥​លាន​ដុល្លារ ឯ​ក្រុម​រងជើង​ឯក​ទទួលបាន ៣២​លាន​ដុល្លារ​។​
 
ដោយឡែក ថ្លៃបង់ឱ្យក្លិបដែលមានកីឡាករជាប់ជម្រើសជាតិនៅព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនេះមានចំនួន ២០៩លានដុល្ដារ។ ថ្លៃសេវាការពាររួមជាមួយធានារ៉ាប់រងក្លិបនិងកីឡាករ ត្រូវចំណាយ១៣៤លានដុល្លារ និង៤៨លានដុល្លារទៀតលើការចំណាយផ្សេងៗ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com