កីឡាអន្តរជាតិ
អន្តរជាតិ
Salah និង Aubameyang ស្ថិតក្នុងចំណោមកីឡាករអាហ្វ្រិក៧រូបដែលមានយន្តហោះឯកជន
11, Sep 2022 , 10:29 pm        
រូបភាព
នៅក្នុងកីឡាសម័យទំនើប កីឡាករបាល់ទាត់ភាគច្រើនអាចរកចំណូលគួរសម ហើយកីឡាករដែលមានទេពកោសល្យ និងមានអ្នកគាំទ្រច្រើន អាចក្លាយជាសេដ្ឋីផងដែរ។ ពួកគេមានលទ្ធភាពប្រើសម្ភារថ្លៃៗ ដូចជារថយន្ត ផ្ទះតម្លៃរាប់លានដុល្លារ ហើយលើសពីនោះទៀត អាចមានដល់ទៅយន្តហោះផ្ទាល់ខ្លួនប្រើទៀតផង។


 
ដូចដែលលោកអ្នកបានដឹងស្រាប់ហើយ កីឡាករល្បីៗជាពិសេសពីតំបន់អឺរ៉ុប និងអាម៉េរិកឡាទីនដូច Lionel Messi, Cristiano Ronaldo, Neymar ជាដើមនោះសុទ្ធសឹងតែមានទ្រព្យស្តុកស្តម្ភ តាមរយៈភាពលេចធ្លោរបស់ពួកគេក្នុងវិស័យបាល់ទាត់។ 
 
យ៉ាងណាក៏ដោយ ក៏មានកីឡាករផ្សេងពីតំបន់ដទៃទៀតដែលអាចរកចំណូលបានលើសលុបផងដែរ ប៉ុន្តែថ្ងៃនោះយើងសូមបង្ហាញលោកអ្នកអំពីអតីត និងកីឡាករបាល់ទាត់អាហ្វ្រិកចំនួន៧រូបដែលរកបានប្រាក់ច្រើន និងមានលទ្ធភាពទិញយន្តហោះឯកជនប្រើប្រាស់ផ្ទាល់ខ្លួន។
 
កីឡាករអាហ្វ្រិកទាំង៧រូបដែលមានយន្តហោះឯកជនប្រើមាន៖
 
១-Mohamed Salah ខ្សែប្រយុទ្ធ Liverpool ជាកីឡាករបាល់ទាត់អាហ្រ្វិកម្នាក់ដែលមានប្រាក់ចំណូលខ្ពស់បំផុតលំដាប់ពិភពលោក។ កីឡាករអេហ្ស៊ីបរូបនេះ មានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំប្រមាណ ១៤ លានដុល្លារពីហង្សក្រហម។ Salah មានយន្តហោះឯកជនប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។


 
២- Samuel Eto’o សព្វថ្ងៃជាប្រធានសហព័ន្ធកីឡាបាល់ទាត់កាមេរ៉ូន។ Eto’o ជាអតីតខ្សែប្រយុទ្ធឆ្នើម Barcelona, Inter Milan, Real Madrid, Chelsea និង​ Everton។


 
៣- Emmanuel Adebayor កំពុងប្រកបអាជីពនៅលីគក្នុងស្រុកតូហ្គោ Semassi។ អតីតខ្សែប្រយុទ្ធ Real Madrid, Arsenal និង Spurs រូបនេះមានប្រាក់៤៥លានដុល្លារ មានរថយន្តទំនើប និងយន្តហោះឯកជនផងដែរ។
 
៤- Didier Drogba វីរបុរសក្រុម Chelsea ត្រូវបានគេចាត់ទុកថាជាកីឡាករកំពូលក្នុងប្រវត្តិសាស្ត្ររបស់អាហ្វ្រិក។ អតីតសមាជិកក្រុមជម្រើសជាតិកូដឌីវ័ររូបនេះ ដែលមានទ្រព្យ៩០លានដុល្លាររូបនេះប្រើប្រាស់សម្ភារទំនើបៗជាច្រើន។


 
៥- Pierre-Emerick Aubameyang ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Chelsea ដែលទើបទិញបានពី Barcelona។ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ ទទួលបានប្រាក់ពលកម្មប្រចាំឆ្នាំជាង១៣លានដុល្លារ និងប្រាក់ឧបត្ថម្ភផ្សេងៗ រហូតមានលទ្ធភាពប្រើយន្តហោះឯកជនដែលមានតម្លៃខ្ទង់លានដុល្លារ។


 
៦- Asamoah Gyan ធ្លាប់លេងឱ្យ Sunlerland មុនផ្លាស់ទៅក្លិបក្នុងប្រទេសចិ នជាមួយប្រាក់ឈ្នួលកប់ពពក។ សព្វថ្ងៃអតីតខ្សែប្រយុទ្ធអន្តរជាតិហ្គាណា រូបនេះបានចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ទៅហើយ និងមានទ្រព្យស្តុកស្តម្ភផងដែរ។


 
៧- Suleiman Ali Muntari អតីតខ្សែបម្រើក្រុម Inter Milan, AC Milan និង Portsmouth។ អតីក្រុមជម្រើសជាតិហ្គាណារូបនេះ ទទួលបានប្រាក់ឈ្នួលខ្ទង់លានដុល្លារផងដែរក្នុងមួយឆ្នាំ និងជាកីឡាករអាហ្រិកដែលចូលចិត្តប្រើសម្ភារទំនើបៗផង៕


 

Tag:
 Mohamed Salah
  Pierre-Emerick Aubameyang
© រក្សាសិទ្ធិដោយ thmeythmey.com