កីឡាអន្តរជាតិ
អន្តរជាតិ
Alcaraz ក្លាយជាកីឡាករក្មេងជាងគេឈរលេខ១ពិភពលោកក្នុងពេល៤៩ឆ្នាំ ក្រោយឈ្នះ US Open
12, Sep 2022 , 10:29 am        
រូបភាព
Carlos Alcaraz ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ US Open​ ឆ្នាំ ២០២២ ក្រោយយកឈ្នះ  Casper Ruud ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ឈ្នះពានកម្រិត Grand Slam នៅទឹកដីអាម៉េរិកនេះ បានធ្វើឱ្យកីឡាករអេស្ប៉ាញវ័យត្រឹម ១៩ឆ្នាំ ក្លាយជាកីឡាករវាយកូនបាល់ទីលេខ១ពិភពលោកផ្នែកបុរស។



Alcaraz បានយកឈ្នះកីឡាករន័រវែស Casper Ruud ក្នុងលទ្ធផល ៦-៤ ២-៦ ៧-៦ (៧-១) និង ៦-៣ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Arthur Ashe ក្នុងក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅថ្ងៃទី១១ ខែកញ្ញា។
 
ជ័យជម្នះរបស់ Alcaraz បានធ្វើឱ្យរូបគេក្លាយជាកីឡាករវាយកូនបាល់អាជីពក្មេងបំផុតដែលអាចកាន់ពាន Grand Slam ចាប់តាំងពី Rafael Nadal ដែលបានគ្រងជើងឯក French Open លើកដំបូងកាលពីឆ្នាំ ២០០៥
 
កីឡាករអេស្ប៉ាញ Alcaraz ក៏ត្រូវឡើងទៅជំនួសតំណែងកីឡាករវាយកូនបាល់លេខ១ពិភពលោករបស់កីឡាកររុស្ស៊ី Daniil Medvedev ផងដែរ និងជាប់ជាកីឡាករក្មេងជាងគេដែលឡើងឈរពូលតារាងក្នុងប្រវត្តិសាស្ត្រ ៤៩ ឆ្នាំ នៃចំណាត់ថ្នាក់ ATP។
 
«ជើងឯក Grand Slam និងចំណាត់ថ្នាក់លេខ១ពិភពលោក ជាអ្វីដែលខ្ញុំធ្លាប់សុបិនចង់បានតាំងពីខ្ញុំនៅក្មេង»។ នេះជាការលើកឡើងរបស់ Alcaraz ក្រោយឈ្នះពាន US Open លើកដំបូងក្នុងអាជីពទាំងវ័យក្មេង។ 
 
Alcaraz បន្ថែមថានេះ ជាសិបិនក្លាយជាការពិត ​ប៉ុន្តែជាអ្វីដែលរូបគេទទួលបានដោយការ​​ខិត​ខំប្រឹងប្រែង​យ៉ាង​ខ្លាំង។ 
ដោយឡែកផ្នែកនារី Iga Swiatek របស់ប៉ូឡូញ បានគ្រងជើងឯក US Open ឆ្នាំ២០២២នេះ តាមរយៈការយកឈ្នះកីឡាការិនីទុយនីស៊ី Ons Jabeur នៅវគ្គផ្តាច់ព្រ័ត្រ៕ 
 

Tag:
 Carlos Alcaraz
 ​ វាយកូនបាល់
© រក្សាសិទ្ធិដោយ thmeythmey.com