ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន ទៅវៀតណាម និងឡាវ ដើម្បីពង្រឹងចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅ
12, Sep 2022 , 11:29 am        
រូបភាព
សម្តេច ហេង សំរិន លើកដៃលាពីលើយន្តហោះ ទៅកាន់មន្រ្តី ដែលទៅជូនដំណើរសម្តេច ដែលចាកចេញពីកម្ពុជា ឆ្ពោះទៅវៀតណាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
សម្តេច ហេង សំរិន លើកដៃលាពីលើយន្តហោះ ទៅកាន់មន្រ្តី ដែលទៅជូនដំណើរសម្តេច ដែលចាកចេញពីកម្ពុជា ឆ្ពោះទៅវៀតណាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូទៅកាន់វៀតណាម នៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២២នេះ។ សម្តេច នឹងចំណាយពេលនៅវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា។ 

 
សម្តេចប្រធានរដ្ឋសភាកម្ពុជា នឹងជួបពិភាក្សាជាមួយ វួង ឌិញ ហួ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម និងមេដឹកនាំកំពូលផ្សេងទៀតរបស់វៀតណាម។ បន្ទាប់មក សម្តេច សម្តេច នឹងបន្តទៅបំពេញទស្សនកិច្ចនៅឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។ 
 
ព័ត៌មានលើគេហទំព័ររបស់រដ្ឋសភាកម្ពុជា សរសេរដូច្នេះថា៖«ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង»។
 
អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម រួមទាំងសមាជិករដ្ឋសភាមួយចំនួនទៀត ដូចជា លោក ឈាង វុន និង លោក សួស យ៉ារ៉ា ជាដើម បានអមដំណើរសម្តេច ហេង សំរិន ក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសជិតទាំង២នេះ៕ 
 

Tag:
 ហេង សំរិន
  វៀតណាម
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com