ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖«ខ្ញុំ នៅតែជឿលើអំពើល្អ និងគុណធម៌ ទោះរងការឈឺចាប់ដោយអយុត្តិធម៌ក្តី»
12, Sep 2022 , 3:36 pm        
រូបភាព
លោក កឹម សុខា ដាក់ចង្ហាន់ក្នុងបាត្រព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ នៅវត្តចំប៉ា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ រូបពីទំព័រហ្វេស​ប៊ុករបស់លោក
លោក កឹម សុខា ដាក់ចង្ហាន់ក្នុងបាត្រព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ នៅវត្តចំប៉ា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ រូបពីទំព័រហ្វេស​ប៊ុករបស់លោក
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានលេចមុខក្នុងវត្តចំប៉ា ដែលស្ថិតនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី១នៃពិធីបុណ្យកាន់បិណ្ឌ ហើយលោក បានបង្ហោះរូបភាពដែលបង្ហាញពីសកម្មភាពធ្វើបុណ្យនោះ លើទំព័រហ្វេសប៊ុក។

 
ភ្ជាប់ជាមួយរូបភាពអំពីការធ្វើបុណ្យ មេដឹកនាំប្រឆាំង ដែលមិនទាន់អាចធ្វើនយោបាយបានរូបនេះ បានរំលេចសារខ្លី ដែលបង្ហាញពីចិត្តគំនិតខ្លួនដូច្នេះថា៖«ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ ខ្ញុំ នៅតែមានជំនឿលើអំពើល្អ គុណធម៌ ដែលជាកុសល ដោយប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ កតញ្ញូចំពោះមាតុប្រទេស បុព្វការីជន ញាតិសន្តាននិងប្រជាជាតិខ្មែរ ទោះបីកាលៈទេសៈខ្លះ ទទួលរងការឈឺចាប់ដោយអយុត្តិធម៌ក៏ដោយ»។ 
 
ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ បានចាប់ផ្តើមនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ សម្រាប់ថ្ងៃទី២នៃពិធីបុណ្យកាន់បិណ្យ លោក កឹម សុខា បានទៅវត្តស្វាយសុខោ ក្នុងខេត្តព្រៃវែង។  
 
លោក បង្ហោះសារខ្លីមួយទៀត ភ្ជាប់ជាមួយរូបភាពអំពីការធ្វើបុណ្យនៅវត្តស្វាយសុខោនេះ ដែលលោក បង្ហោះលើទំព័រហ្វេសប៊ុក ដោយសារនោះ បង្ហាញការយល់ឃើញរបស់លោកថា ការធ្វើបុណ្យ និងការធ្វើទាន គឺជាសីលធម៌របស់មនុស្ស ទោះបីមិនមានទ្យព្យធនច្រើន មិនមានអំណាចធំ និងមិនមានសិទ្ធិពេញលេញក៏ដោយ។ លោក សរសេរបែបនេះថា៖«ឲ្យតែមានឱកាស មានលទ្ធភាពដែលអាចធ្វើបុណ្យ ធ្វើទាន សន្សំកុសលបាន យើង គួរតែធ្វើ»។
 
ចំពោះលោក កឹម សុខា លោក បានរងការចោទប្រកាន់ពីបទលួចស៊ុមគ្រលុំជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាអស់រយៈពេល៥ឆ្នាំហើយ។ ឯសវនាការជំនុំជម្រះលើលោក បានដំណើរការទៅអស់ជិត៦០លើកហើយដែរ តែតុលាការ នៅតែមិនទាន់អាចឈានដល់ការធ្វើសេចក្តីសម្រេច៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com