ជាតិ
សេដ្ឋកិច្ច
អាស៊ាន
សម្ដេច ហ៊ុន សែន ៖ អាស៊ានត្រូវបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច ឱ្យប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម
12, Sep 2022 , 8:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ប្រធានអាស៊ានឆ្នាំ២០២២ កំពុងថ្លែងសុន្ទរកថាបើកវេទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន នាព្រឹកថ្ងៃទី១២កញ្ញា។​
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ប្រធានអាស៊ានឆ្នាំ២០២២ កំពុងថ្លែងសុន្ទរកថាបើកវេទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន នាព្រឹកថ្ងៃទី១២កញ្ញា។​
ដើម្បីឱ្យសេដ្ឋកិច្ចងើបឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ន ក្រោយវិបតិ្តកូវីដ-១៩នេះ ប្រទេសនៅតំបន់អាស៊ាន ត្រូវបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច  និងប្រែតំបន់នេះឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ ដោយជំរុញឱ្យប្រទេសអាស៊ានទាំងអស់ ត្រូវពន្លឿនការអនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពី RCEP  ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំក្នុងពិភពលោក។​

 
សម្ដេច ហ៊ុន សែន មើលឃើញថា ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន នៅតំបន់អាស៊ាន គឺនៅមានភាពផុយស្រួយ និងងាយបែកខ្ញែក បើទោះបីអាស៊ានកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញក្តី។
 
ថ្លែក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១២កញ្ញា ប្រធានអាស៊ានរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះ បណ្តាលមកពីភាពអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែន ដែលបានបង្អាក់ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឱ្យមានសម្ពាធអតិផរណា ការកកស្ទះប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់​ ជាពិសេសនៅក្នុងវិស័យទំនិញម្ហូបអាហារ។​ 
 
ទន្ទឹមគ្នានេះ ភាពតានតឹងនៃការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយនៅតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងនៅទ្វីបអាស៊ីផងនោះ ​ក៏ជាបញ្ហាចោទ​និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព​នៅក្នុងតំបន់អាស៊ាន ផងដែរ។ នេះបើតាមប្រធានអាស៊ាន ដែលបានបន្ថែមថា បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសហប្រតិបតិ្តការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក នៅមានកម្រិត។ 
 
សម្តេច ហ៊ុន សែន បន្ថែមថា ការណ៍នេះ ទាមទារឱ្យមានការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងតំបន់​ និង សកល។  បើតាមប្រមុខរដ្ឋាភិបាល ភាពជាអ្នកដឹកនាំ និងភាពដៃគូ ក្នុងក្របខណ្ឌតំបន់អាស៊ាន​ គឺជាកត្តាចម្បង ដែលធ្វើឱ្យប្រទេសនីមួយៗអាចជម្នះគ្រប់ឧបសគ្គ​ និង ប្រែក្លាយអាស៊ានឱ្យទៅជាតំបន់មួយលេចធ្លោ លើគ្រប់វិស័យ។​ 
ក្នុងសា្មរតីស្ថិតក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ននេះ ប្រធានអាស៊ាន បានលើកឡើងដោយសង្កត់ធ្ងន់ថា៖ «​យើងមិនត្រឹមតែមិនត្រូវបែកបាក់សាមគ្គីភាពប៉ុណ្ណោះទេ, តែផ្ទុយទៅវិញ យើងត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត ស្របតាមមូលបទ អាស៊ានរួមគ្នា ធ្វើ-ដោះស្រាយបញ្ហប្រឈមទាំងអស់គ្នា ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខ ឆ្ពោះទៅរកអនាគតភ្លឺស្វាង និងវិបុលភាពរួម»។​
 
ដើម្បីគោលដៅនេះ​ សម្តេច ហ៊ុន សែន ទាមទារឱ្យអាស៊ាន ត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និង ប្រែក្លាយតំបន់នេះឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពទាក់ទាញ និងជីវភាព។ សម្តេច បានបន្ថែមថា​៖ «ជាពិសេស ធ្វើតាមរយៈការដោះស្រាយបញ្ហារបាំងពន្ធ​និងមិនមែនពន្ធ រួមការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការអនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស គឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់(RCEP) ដែលជាកិច្ចព្រមព្រៀងណពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវតិ្តសាស្រ្តសកលលោក»។
 
ក្នុងនាមជាប្រធានអាស៊ាននេះ កម្ពុជា កំពុងចូលរួមយ៉ាងសកម្មភាពក្នុងការបង្កើនភាពជាដៃគូគ្រប់ទម្រង់​និងគ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។​ 
សម្តេច បន្តមានប្រសាសន៍ថា៖ «កម្ពុជា​ ចង់ឃើញតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាប័ន្នដោយពិតប្រាកដ ជាមួយនឹងការគោរពអធិបតេយ្យភាពនៃប្រទេសនីមួយៗ, ការអនុវត្តច្បាប់អន្តរជាតិ។ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ជាមួយស្មារតីបើកចំហ យោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក»៕
 
 
 
 
 
 
 
 

Tag:
 ពាណិជ្ជកម្ម
  អាស៊ានឆ្នាំ២០២២
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com