កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់បិទតំបន់ជួបជុំអ្នកគាំទ្រ ដោយសារ World Cup 2022 ចំរដូវរងា
13, Sep 2022 , 8:29 am        
រូបភាព
អាល្លឺម៉ង់បិទតំបន់ជួបជុំអ្នកគាំទ្រ និងផ្លូវមួយចំនួនអំឡុងពេល World Cup ឆ្នាំ២០២២ នៅកាតា។ ការបិទតំបន់អ្នកគាំទ្រ ឬ ​Fan Mile នៃក្លោងទ្វារ Brandenburg នាទីក្រុង​ប៊ែរឡាំងតាមប្រពៃណីអាល្លឺម៉ង់នេះ  ដោយសារ World Cup 2022 ចំរដូវរងា។

 
កម្មវិធី Fan Mile ត្រូវបានក្លាយជាប្រពៃណីដ៏សំខាន់មួយនៃអ្នកគាំទ្របាល់ទាត់ប្រទេសអាល្លឺម៉ង់ចំពោះបទពិសោធន៍នៃព្រឹត្តិការណ៍ World Cup។ មនុស្សរាប់រយពាន់នាក់បានមកប្រមូលផ្តុំគ្នានៅតាមដងវិធីនៃក្លោងទ្វារ Brandenburg ​ទីក្រុងប៊ែរឡាំង ជាមួយការលក់អាហារ និងភេសជ្ជៈតាមដងផ្លូវនឹងទស្សនាការប្រកួត World Cup នៅលើផ្ទាំងកញ្ចក់ LED ធំៗ ក្នុងកម្មវិធីនោះ។ រៀងរាល់ការប្រកួត ​World Cup អ្នកគាំទ្រអាល្លឺម៉ង់មកពីតំបន់នានាជុំវិញប្រទេសតែមកប្រមូលផ្តុំគ្នានៅទីក្រុងប៊ែរឡាំង។


 
តែយ៉ាងណាបើតាមអាជ្ញាធរបរិស្ថាននៃទីក្រុងប៊ែរឡាំងប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន DPA នាថ្ងៃទី១០ ខែកញ្ញា រដ្ឋាភិបាលទំនងមិនអនុម័តការលើកលែងពិសេសណាមួយឡើយ សម្រាប់ការរៀបចំព្រឹត្តិការណ៍តំបន់អ្នកគាំទ្រនេះឡើង។ 
 
​មិនត្រឹមតែប៉ុណ្ណោះនាយកប្រតិបត្តិក្រុមហ៊ុនដែលទទួលបន្ទុករៀបចំកម្មវិធី ​Fan Mile នេះបានឱ្យដឹងថានឹងមិនមានកម្មវិធីកើតឡើងសម្រាប់ឆ្នាំនេះដូចគ្នា។
 
«វាពិតជាពិបាកខ្លាំងណាស់ក្នុងការរៀបចំកម្មវិធី Fan Mile នេះឡើងអំឡុងរដូវកាលរងារនៃបុណ្យណូអែល ហើយភាពមិនប្រាកដប្រជានៃជំងឺរាតត្បាតកូវីដក៏ជាឧបសគ្គចម្បងមួយ។ ដូច្នេះយើងសម្រេចថាមិនធ្វើវាឡើងនោះទេ។»។ លោក Willy Kausch នាយកប្រតិបត្តិនៃក្រុមហ៊ុន KIT Group ដែលជាក្រុមហ៊ុនផ្នែករៀបព្រឹត្តិការណ៍ និងសន្និសីទនិយាយបែបនេះ។ 
 
កាលពីឆ្នាំ ២០០៦ ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ World Cup អ្នកគាំទ្រប្រមាណជាង ៩លាននាក់បានមកជួបជុំគ្នាក្នុងកម្មវិធី Fan Mile នេះ។ ឆ្នាំ ២០១៤ ជាពេលដែលអាល្លឺម៉ងក្លាយជាម្ចាស់ជើងឯក World Cup ហើយបានវិលត្រលប់មកប្រទេសអាល្លឺម៉ង់វិញ ក្រុមដែលដឹកនាំដោយលោក Joachim Low ពេលនោះបាន ធ្វើពិធីអបអរជ័យជម្នះដោយបានបង្ហាញពានរង្វាន់ទៅអ្នកគាំទ្រក្នុងកម្មវិធី Fan Mile នេះពីមុខក្លោងទ្វារ Brandenburg។ World Cup 2018 នៅរុស្ស៊ីជាពេលរៀបចំកម្មវិធី Fan Mile ចុងក្រោយបង្អស់។
 
ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាកំពុងតែខិតកាន់តែគៀកថ្ងៃនៃការប្រកួតមកដល់ ដោយការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១៨ ខែធ្នូ។ ប្រទេសអាល្លឺម៉ង់ក៏ស្ថិតក្នុងចំណោមប្រទេសដទៃនៅតំបន់អឺរ៉ុបដែលបានតវ៉ាចំពោះការធ្វើជាម្ចាស់នៃព្រឹត្តិការណ៍ដ៏ធំនេះរបស់ប្រទេសកាតាផងដែរ៕
 
 
 
 
 

Tag:
 Germany
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com