កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ​​Liverpool ស្វែងរកជ័យជម្នះដំបូងទល់ Ajax ខណៈ Bayern ស្វាគមន៍ Barca
13, Sep 2022 , 3:23 pm        
រូបភាព
ការប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុ ឈានចូលការប្រកួតជុំទី២ ហើយនៅរាត្រី ថ្ងៃទី១៣ ខែកញ្ញា។ ជំនួបពូល D ក្រុម Sporting CP ទទួល Tottenham Hotspur ប្រជែងតំណែងកំពូលតារាងវេលាម៉ោង ១១:៤៥ យប់ (ម៉ោងនៅកម្ពុជា) មុន Liverpool ស្វែងរក៣ពិន្ទុលើកដំបូងក្នុងជំនួបទល់ Ajax Amsterdam។ Barcelona ទៅសួសុខទុក្ខ Bayern Munich សម្រាប់ជំនួបដ៏កក្រើកប្រចាំពូល C។



Liverpool ក្រុមពីអង់គ្លេសត្រូវបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមខ្លាំង Ajax Amsterdam ក្នុងពូល A ក្នុងជំនួបលើកទី២ និងជាជំនួបសំខាន់ក្រោយបរាជ័យយ៉ាងអាម៉ាស់នៅជំនួបបើកឆាក។ 


 
Liverpool រងបរាជ័យក្រោមថ្វីជើង ​​SSC Napoli នៅទឹកដីអីតាលី ក្នុងលទ្ធផល ៤-១ ខណៈ Ajax លត់ Rangers ដល់ទៅ ៤-០។ នេះអាចជាការប្រកួតប្រជែងដ៏តឹងតែងថ្មីមួយសម្រាប់ Liverpool ក្នុងការស្វែងរក ៣ពិន្ទុដំបូងរបស់ខ្លួន។ 
 
ជំនួបដ៏កក្រើកប្រចាំសប្តាហ៍នេះនៃព្រឹត្តិការណ៍ Champions League ជុំទី២ ក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ទទួលក្រុមកំពុងមានទម្រង់លេងល្អ Barcelona មកពីអេស្ប៉ាញ។ នេះជាការជួបគ្នាលើកទី៤ ហើយរវាងក្រុមទាំងពីរ បើគិតត្រឹមរដូវកាល ២០១៩​-២០ មក។ Barcelona ធ្លាប់បាក់មុខ ក្រោយប្រកួតចាញ់ ​Bayern Munich ក្នុងលទ្ធផល ៨-២។ ជួបគ្នាពីលើកបន្ថែមទៀតក្នុងវគ្គចែកពូលរដូវកាល ២០២១-២២ Barca មិនដែលឈ្នះ Bayern Munich ឡើយ ដោយក្រុមយក្សអាល្លឺម៉ង់មួយនេះឈ្នះ ៣-០ ទាំងពីរជើង។


 
ជួបម្ចាស់ផ្ទះ Bayern នារាត្រីនេះ គឺជាការវិលត្រលប់ទៅកាន់ទឹកដីកីឡដ្ឋាន Allienz Arena សាជាថ្មីម្តងទៀតសម្រាប់ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ដែលទើបចាកចេញពី Bayern ទៅចូលរួមជាមួយ Barca រដូវកាលថ្មីនេះ។ Lewandowski ផ្ទេរទៅ Barca ក្នុងតម្លៃជាង ៥០លានអឺរ៉ូ។ 
 
ស្ថិតិ ៥ប្រកួតចុងក្រោយមកនេះ សម្រាប់ Barcelona ឈ្នះ៤ និងស្មើ ១ ខណៈដែលកីឡាករក្នុងក្រុមគ្មាននរណាម្នាក់មានរបួស​ រឺជាប់បម្រាមឡើយ។ ចំណែក Bayern Munich ឆ្លងកាត់ ៥ប្រកួតចុងក្រោយមកនេះពួកគេរកបានជ័យជម្នះត្រឹមតែ២លើកប៉ុណ្ណោះ និងស្មើ ៣ប្រកួត។ ការប្រកួតរាត្រីនេះនឹងក្លាយជាការប្រកួតដ៏តឹងតែងរវាងក្រុមទាំងសងខាង បើគិតតាមកំណត់ត្រាដែលធ្លាប់ប៉ះគ្នាកន្លងមក។ ជំនួបពូល C មួយគូទៀតគឺក្រុម Victoria Plzen ត្រូវស្វាគមន៍ក្រុមខ្លាំងមកពីអ៊ីតាលី Inter Milan។


 
Spurs ជាក្រុមមួយស្ថិតក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដែលមិនស្ថិតក្រោមការពន្យាពេល ប្រកួតដូចក្រុមដទៃនៅ Premier League ឡើយ ដ្បិតការប្រកួតទល់ Sporting លើកនេះធ្វើនៅទឹកដីប្រទេសព័រទុយហ្គាល់។ 
 
Spurs និង​​ Sporting រាត្រីនេះត្រូវប្រជែងគ្នាដណ្តើមតំណែងកំពូលតារាង ហើយក្រុមទាំងពីរ ឈ្នះការ​ប្រកួតថ្ងៃបើកឆាករៀងខ្លួន។ សប្តាហ៍មុន Spurs បានបំបាក់ក្រុមខ្លាំងរបស់បារាំង Olympique Marseille លទ្ធផល ២-០ ចំណែក ​Sporting បំបាក់ក្រុមម្ចាស់ជើងឯក ​​Europa League មកពីអាល្លឺម៉ង់ Eintracht Frankfurt លទ្ធផល ៣-០។ រឯ Marseiile ជុំទីពីរនេះត្រូវស្វាគមន៍ Eintracht Frankfurt ប្រជែងស្វែងរក ៣ពិន្ទុដំបូង។
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃព្រឹត្តិការណ៍ Champions League ថ្ងៃទី១៣៖
 
ពូល B វេលាម៉ោង ២យប់
Bayer Leverkusen ទទួល Atletico Madrid
FC Porto ទទួល Club Brugge
ពូល E
​AC Milan ទទួល Dinamo Zagreb៕ 
 
 
 
 
 
 
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com