កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ Fake News ​វាយប្រហារពេក Totti ដាច់ចិត្តទម្លាយ​រឿងរ៉ាវឈឺចាប់ដែលភរិយាក្បត់ចិត្ត
13, Sep 2022 , 7:29 pm        
រូបភាព
Francesco Totti រួមទាំងកូនៗ និងអតីតភរិយា Ilary Blasi អំឡុងពេលបញ្ចប់អាជីពជាកីឡាករបាល់ទាត់ជាមួយ AS Roma
Francesco Totti រួមទាំងកូនៗ និងអតីតភរិយា Ilary Blasi អំឡុងពេលបញ្ចប់អាជីពជាកីឡាករបាល់ទាត់ជាមួយ AS Roma
Francesco Totti អតីតប្រធានក្រុម AS Roma រៀបរាប់ពីការឈឺចាប់ក្នុងគ្រួសារ ដែលឈាន​ដល់​ការ​បែកបាក់ជាមួយអតីតភរិយា Ilary Blasi។ Totti រងការរិះគន់យ៉ាងខ្លាំង តាមរយៈព័ត៌មានមិនពិត (Fake News)​ លើបណ្តាញសង្គមដោយចោទខ្លួនថាជាប្រុសក្បត់​ និងឪពុកមិនល្អ។ មិន​ចង់ហែកកេរ្តិ៍រឿងគ្រួសារទេ ប៉ុន្តែ Fake News វាយប្រហារពេក ជាពិសេស​ប៉ះពាល់ដល់កូនៗ ទើបអតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី ដាច់ចិត្តទម្លាយការពិត។



«ដំបូងឡើង ខ្ញុំមិនចង់និយាយរឿងក្នុងគ្រួសារឱ្យគេដឹងនោះទេ ខ្ញុំពិតជាមិនចង់និយាយទេ ប៉ុន្តែខ្ញុំបានអានព័ត៌មានមិនពិតអំពីខ្ញុំច្រើនពេក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយដែលធ្វើឱ្យខ្ញុំគេងមិនលក់ និងថែមទាំងធ្វើឱ្យកូនៗរបស់ខ្ញុំរងទុក្ខទៀតផង»។ Totti បានរៀបរាប់ក្នុងបទសម្ភាសន៍មួយកាសែត Corriere della Sera ដូច្នេះ ដោយបញ្ជាក់ថា រឿងពិត គឺរូបគេមិនមែនជាអ្នកក្បត់ទេ។
 
Totti រងការរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ នៅលើបណ្តាញសង្គមក្រោយលែងលះជាមួយអតីតភរិយា Blasi ដ៏ចម្រូងចម្រាស។ ពួកគេចោទអតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលីរូបនេះថាជាប្តីក្បត់ប្រពន្ធ ក្រោយមានមិត្តស្រីថ្មីឈ្មោះ Noemi Bocchi។
 
អតីត​ប្រធាន​ក្រុម Roma ធានាថា ខ្លួនមិនមែនជាអ្នកក្បត់មុននោះទេ។ នៅក្នុងបទសម្ភាសនោះ Totti បានទម្លាយអាថ៌កំបាំងមួយថាពេលមួយរូបគេបានមើលទូរសព្ទរបស់អតីតភរិយា Blasi ហើយឃើញសារដែលបានផ្ញើរពីមនុស្សប្រុសផ្សេងថា «ជួបអ្នកនៅសណ្ឋាគារ»។ Totti បន្ថែមថា រយៈពេល២០ឆ្នាំមកហើយ ខ្លួនមិនដែលមានចេតនាឆែក ឬចង់ដឹងរឿងឯកជនរបស់អតីតភារិយាឡើយ ប៉ុន្តែការឆែកនេះដំបូងឡើយគឺរូបគេ ចង់ការពារអតីតប្រពន្ធ ក្រោយឃើញពាក្យចចាមអារ៉ាមថា Blasi មានទំនាក់ទំនងជាមួយប្រុសផ្សេង។
 
Totti វ័យ៤៥ឆ្នាំ ដែលរួមចំណែកជួយជម្រើសជាតិអ៊ីតាលីឈ្នះ FIFA World Cup ឆ្នាំ២០០៦ រងទុក្ខផ្លូវចិត្តកាន់តែខ្លាំងចន្លោះខែមីនា និងខែមេសាឆ្នាំមុន ក្រោយដឹងរឿងប្រពន្ធទាក់ទង់អ្នកផ្សេង។
 «ខ្ញុំបានឆ្លងកាត់ដំណាក់កាលដ៏លំបាក ទីមួយដោយសារខ្ញុំបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ២០១៧ បន្ទាប់មក មរណភាពរបស់ឪពុកខ្ញុំដោយសារតែជំងឺកូវីដ-១៩។ ខ្ញុំក៏ឆ្លងកូវីដ និងត្រូវព្យាបាលរយៈពេល ១៥ថ្ងៃដែរ ប៉ុន្តែប្រពន្ធខ្ញុំមិនដែលនៅជិតនិងមើលថែខ្ញុំ នៅពេលខ្ញុំត្រូវការនាងខ្លាំងបំផុតឡើយ»។ Totti រៀបរាប់ទាំងទុក្ខសោក ខណៈគ្រប់យ៉ាងរូបគេទទួលបានការស្តីបន្ទោសទៅវិញ តាមរយៈព័ត៌មានមិនពិត។
 
សារ «see you at the hotel» ស្ថិតក្នុងចំណោមសារជាច្រើនទៀតដែល Totti បានឃើញក្នុងទូរសព្ទអតីតភរិយាខ្លួន។ ខូចចិត្តក្រោយដឹងការពិត Totti ក៏ផ្តើមមានទំនាក់ទំនងជាមួយមិត្តស្រីថ្មីឈ្មោះ Noemi Bocchi។ ទំនាក់ទំនងជាមួយ Bocchi នេះហើយ ដែលធ្វើឱ្យ Totti រងការវាយប្រហារពីសំណាក់មហាជន ជាពិសេសលើបណ្តាញសង្គម។
 
Totti សារភាពថា Bocchi នេះហើយដែលបានជួយខ្លួនគេចផុតពីជំងឺធ្លាក់ទឹកចិត្ត។ «ខ្ញុំគេងមិនលក់ទេ ខ្ញុំប្រៀបដូចមនុស្សផ្សេងថ្មី។ ដើម្បីកូនៗ ខ្ញុំធ្វើពុតដូចជាគ្មានរឿងអ្វី ដោយលាក់អាថ៌កំបាំងរឿងអាស្រូវរបស់ម្តាយពួកគេ។ តែចុងក្រោយខ្ញុំបានគេចផុតពីវបត្តិទាំងអស់នេះ ខ្ញុំអរគុណ Bocchi ខ្លាំងណាស់ នាងជាដៃគូដ៏ល្អ»៕
 

Tag:
 Francesco Totti
© រក្សាសិទ្ធិដោយ thmeythmey.com