កីឡាអន្តរជាតិ
អន្តរជាតិ
លោក Page ក្លាយជាគ្រូជម្រើសជាតិវែលស៍ពេញសិទ្ធិ ក្រោយដឹកនាំជាង២ឆ្នាំ
13, Sep 2022 , 5:19 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់វែលស៍ (​FAW) នៅថ្ងៃទី១៣ ខែកញ្ញា ប្រកាសតែងតាំងលោក Rob Page ជាគ្រូបង្វឹកផ្លូវការ ក្រោយកាន់តំណែងគ្រូបណ្តោះអាសន្នជាងពីរឆ្នាំ។ Page ដែលជួយវែលស៍បង្ហាញខ្លួននៅ World Cup ឆ្នាំ២០២២ នៅកាតា លើកដំបូង យល់ព្រមចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ។



លោក Rob Page កាន់កាប់ការងារដឹកនាំក្រុមជម្រើសជាតិវែលស៍ បណ្តោះអាសន្ន តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ មកក្រោយពេលលោក Ryan Giggs ត្រូវបានចាប់ខ្លួនពីបទប៉ិនប៉ង់រំលោភបំពានផ្លូវភេទ នឹងបានប្រើអំពើហិង្សាលើមិត្តស្រីរបស់។ លោក Page បានដឹកនាំក្រុមវែលស៍ប្រកួតជម្រុះពានរង្វាន់ ​World Cup រហូតអាចជួយវែលស៍ឈ្នះកៅអីទៅព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតាលើកដំបូងក្នុងរយៈពេល ៦៤ឆ្នាំ។
 
គ្រូបង្វឹកវ័យ ៤៨ឆ្នាំ​រូបនេះក៏បានជួយក្រុមវែលស៍ឡើងដល់វគ្គ ១៦ក្រុមនៃការប្រកួតពានរង្វាន់ UEFA Euro 2020 និងជួយវែលស៍ឡើងលេងនៅក្នុងពានរង្វាន់ UEFA Nation League ដោយស្ថិតនៅក្នុងចំណោមក្រុមប្រកួតជម្រុះស្ថិតក្នុងពូល League A លើកដំបូងប្រចាំតំបន់អឺរ៉ុប។
 
លោក Ryan Giggs កាលពីខែមិថុនាបានប្រកាសលាលែងពីតំណែង មុនពេលលោក Page កាន់តំណែងជាគ្រូបង្វឹកពេញសិទ្ធិរបស់វែលស៍នេះ។ ដើម្បីធានាបានថា លោកនឹងអាចបន្តដឹកនាំក្រុមប្រកួតរហូតដល់ព្រឹត្តិការណ៍ Euro 2024 និង World Cup ឆ្នាំ ២០២៦ FAW បានផ្តល់កុងត្រា ៤ឆ្នាំទៅលោក Rob Page។
 
​«គ្មានអ្វីដែលមានកិត្តិយសខ្លាំងជាង បានបង្វឹកក្រុមជម្រើសជាតិខ្លួនឯង​នោះទេ ខ្ញុំពិតជាមិនអាចរងចាំចំពោះការប្រកួតប្រជែងបានឡើយសម្រាប់រយៈពេលទាំង ៤ឆ្នាំនេះ ហើយការប្រកួត World Cup លើកដំបូងក្នុងរយៈពេល ៦៤ឆ្នាំ របស់យើងគឺជាការចាប់ផ្តើម។ ខ្ញុំសង្ឃឹមថាវែលស៍នឹងទទួលជោគជ័យនៅការប្រកួតក្នុងខែវិច្ឆិកា ខាងមុខ ខ្ញុំនឹងធ្វើឱ្យប្រទេសខ្ញុំរំភើប។»។ នេះជាសម្តីលោក Page ក្រោយពេលចុះកុងត្រារួច។
 
គួររំលឹកថា វែលស៍ត្រូវបានចាប់ពូលស្ថិតក្នុងពូលជាមួយក្រុម អង់គ្លេស អាម៉េរិក និងអ៊ីរ៉ង់ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូកនៅប្រទេសកាតា។ World Cup 2022 នៅកាតានឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែវិច្ឆិការ ដល់ថ្ងៃទី១៨ ខែធ្នូ៕
 

Tag:
 Rob Page
  Wales
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com